តម្លៃ​មាស​បាន​កើនឡើង​រហូតដល់ ២ ០៧៤ ​ដុល្លារ​ក្នុង​ ១ ​អោនស៍​នៅ​ត្រីមាស​ទី​ ៣ នៃ​ឆ្នាំ ​២០២០ ​នេះ​ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ ដោយបាន​បំបែក​កំណត់ត្រា​ចាស់​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០១១ ជាមួយ​នឹង​តម្លៃ ១ ៩២១ ​ដុល្លារ​ក្នុង​ ១ ​អោនស៍ ឬ​ស្មើនឹង ២ ៣១៤ ​ដុល្លារ ក្នុង​ ១ ​តម្លឹង​នៅក្នុង​ទីផ្សារ​មាស​កម្ពុជា​។

ទោះបី​ជា​តម្រូវការ​មាស​នៅលើ​ពិភពលោក​បាន​ធ្លាក់ចុះ​រហូតដល់ ១១% ក្នុង​ត្រីមាស​ទី​ ២ ​ក៏ដោយ ក៏​តម្លៃ​មាស​នៅតែ​បន្ត​ហក់​ឡើង ដោយសារ​សហរដ្ឋអាមេរិក​កំពុង​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្ដាល​មកពី​ការរីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ ១៩​។

ស្របពេល​ជាមួយ​គ្នា​នេះ​មហាសន្និបាត Jackson Hole ប្រចាំឆ្នាំ​របស់​ធនាគារ​កណ្តាល​អាមេរិក​ដែលមាន​ការចូលរួម​ពី​ប្រទេស​មហាអំណាច​ដែរនោះ បាន​បញ្ចប់​កាលពី​ចុង​សប្តាហ៍​មុន ដោយ​គ្មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ពី​អាជ្ញាធរ​រូបិយវត្ថុ​ទូទាំង​ពិភពលោក​នៅឡើយ​ទេ លើ​ការរៀបចំ​ផែនការ​គោលនយោបាយ​ធានា​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​កាត់បន្ថយ​ការធ្លាក់ចុះ​ជា​អតិបរមា​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។

ក្នុង​នោះ​ដែរ ធនាគារកណ្តាល​សហគមន៍​អឺរ៉ុប​បាន​បង្ហាញ​នូវ​របាយការណ៍​របស់​ខ្លួន​ស្តីអំពី​ស្ថានភាព​បច្ចុប្បន្ន​ដែល​ងាយ​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​មួយ​។ ដូចគ្នា​ដែរ សហរដ្ឋអាមេរិក​បាន​បង្ហាញថា ទីផ្សារ​ហិរញ្ញវត្ថុ​របស់ខ្លួន​នៅតែ​បន្ដ​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ដដែល ប៉ុន្តែ​ប្រទេស​មហាអំណាច​មួយ​នេះ រំពឹង​ថា​ការអនុវត្ត​នូវ​គោលនយោបាយ​ផ្តល់​នូវ​អត្រា​ការប្រាក់​កម្រិត​ទាប​ក្នុង​រយៈពេល​យូរ​អាច​នឹង​ប៉ះប៉ូវ​នូវ​ផលអវិជ្ជមាន​នេះ​បាន ខណៈ​ដែល​ផែនការ​នៃ​ការកំណត់​នូវ​អតិផរណា ២% ដើម្បី​រក្សា​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​នឹង​ត្រូវ​បាន​ទុក​មួយ​ឡែក​សិន​។

តម្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​នឹង​មាន​ការប្រែប្រួល​បន្ត​ទៀត ស្រប​តាម​ការចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​នៃ​ព័ត៌មាន​អាមេរិក​សំខាន់ៗ​ដូចជា​៖ ប្រាក់ចំណូល​ជា​មធ្យម​ក្នុង​ ១ ​ម៉ោង​ការផ្លាស់ប្តូរ​ការងារ​មិនមែន​កសិកម្ម និង​អត្រា​គ្មាន​ការងារ​ធ្វើ​ជាដើម​។

ដូច្នេះ​ជា​ការវិភាគ​តម្លៃ​មាស​អាច​នឹង​មាន​ការកើនឡើង​ពី​តម្លៃ​បច្ចុប្បន្ន​ក្នុង ១ ៩៧២ ​ដុល្លារ ដល់ ២ ០៣០ ​ដុល្លារ ក្នុង​ ១ ​អោនស៍​នៅ​ដើម​ខែ​កញ្ញា​នេះ​៕