
ឈ្មោះ និងឡូហ្គោរបស់ ផ.ម.ក ក្នុងអគារការិយាល័យរបស់ក្រុមហ៊ុន។ ហេង ជីវ័ន
ភ្នំពេញៈ មូលធនូបនីយកម្មទីផ្សារ (Market capitalization) របស់ផ្សារមូលបត្រកម្ពុជា (CSX) បានកើនជាង ៤០ ភាគរយនៅឆ្នាំ ២០១៨ ធៀបទៅនឹងឆ្នាំ ២០១៧ ដែលក្នុងនោះកំណើនភាគច្រើនបានមកពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ បានឲ្យដឹងថា សម្រាប់រយៈពេលពេញ ១ ឆ្នាំ ២០១៨ មូលធនូបនីយកម្មទីផ្សារបានកើនឡើងជិត ៤៤ ភាគរយពីប្រមាណ ៣០៣,៨០ លានដុល្លារនៅដំណាច់ឆ្នាំ ២០១៧ ទៅដល់ប្រមាណ ៤៤២,៩២ លានដុល្លារនៅដំណាច់ឆ្នាំ ២០១៨។
ថ្លៃភាគហ៊ុនចំនួន ៤ នៅក្នុងចំណោមភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ទាំង ៥ បានកើនឡើងបើធៀបនឹងដើមឆ្នាំ ២០១៨ ដោយក្នុងនោះថ្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានហក់ឡើង ១០០ ភាគរយនៅក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ។
លោកស្រី គឹម សុផានីតា ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ទំនុកចិត្តលើទីផ្សារ ការកើនឡើងតម្លៃភាគហ៊ុន សកម្មភាពជួញដូរ និងការបោះផ្សាយភាគហ៊ុនបន្ថែមរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាហេតុផលដែលជំរុញឲ្យមូលធនូបនីយកម្មទីផ្សាររបស់ផ្សារមូលបត្រកម្ពុជាកើនឡើងខ្លាំង។
លោកស្រីបានបញ្ជាក់ថា៖ «ការកើនឡើងកាលពីឆ្នាំ ២០១៨ បានបង្ហាញពីភាពរីកចម្រើន និងរឹងមាំរបស់វិស័យមូលបត្រនៅកម្ពុជា»។
កាលពីខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានលក់ភាគហ៊ុនបន្ថែមចំនួន ១៤ លាន (Shares) ទៅឲ្យវិនិយោគិនជាស្ថាប័នចំនួន ២ គឺក្រុមហ៊ុន JWD Infologistics Plc ដែលជាក្រុមហ៊ុនឡូជីស្ទីករបស់ប្រទេស ថៃ និងក្រុមហ៊ុន Bok Seng Group ដែលជាក្រុមហ៊ុនឡូជីស្ទីករបស់ប្រទេស សិង្ហបុរី។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា សន្ទស្សន៍ ផ.ម.ក. ក៏បានកើនឡើងផងដែរពី ៣៤០,២២ ពិន្ទុដល់ ៤៨០,៩៨ ពិន្ទុ ពោលគឺកើនឡើងប្រមាណ ៤១ ភាគរយក្នុងរយៈពេល ១ ឆ្នាំនេះ ខណៈដែលទំហំជួញដូរជាមធ្យមប្រចាំថ្ងៃបានកើនឡើង ១០១ ភាគរយគឺពីចំនួន ១៣ ១៤៩ ដុល្លារទៅដល់ ២៦ ៧០១ ដុល្លារ។
បរិមាណជួញដូរជាមធ្យមកើនឡើងប្រមាណ ៧ ភាគរយពី ១៥ ១៦១ ភាគហ៊ុន ទៅ ១៦ ២២៨ ភាគហ៊ុនក្នុង ១ ថ្ងៃ ចំណែកចំនួនគណនីជួញដូរកើនឡើងពីចំនួន ៨ ៩៧៣ គណនី ទៅដល់ ២០ ៥២៥ គណនី ក្នុងនោះ ៨៤ ភាគរយនៃគណនីសរុបកាន់កាប់ដោយវិនិយោគិនក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ក្តីរំពឹងសម្រាប់ឆ្នាំ ២០១៩
លោកស្រី សុផានីតា បានឲ្យដឹងទៀតថា ដើម្បីជំរុញឲ្យផ្សារមូលបត្រកម្ពុជាកាន់តែមានភាពរីកចម្រើន នៅឆ្នាំ ២០១៩ នេះ ក្រុមហ៊ុននឹងខិតខំធ្វើការងារមួយចំនួនដូចជាបង្កើនភាពទាក់ទាញដើម្បីឲ្យក្រុមហ៊ុនកាន់តែច្រើនមកចុះឈ្មោះក្នុងផ្សារហ៊ុន បង្កើនរយៈពេលប្រតិបត្តិការទីផ្សារពី ៣,៥ ម៉ោងដល់ ៧ ម៉ោងក្នុង ១ ថ្ងៃ កសាងមូលដ្ឋានសម្រាប់វិនិយោគិន បង្កើនភាពទាក់ទាញដល់វិនិយោគិនជាតិ និងអន្តរជាតិជាដើម។
លោកស្រីបញ្ជាក់ថា៖ «យើងរំពឹងថា ឆ្នាំ ២០១៩ នេះគឺជាឆ្នាំដ៏ជោគជ័យសម្រាប់ទីផ្សារ»។
លោក អ៊ីវ រ៉ាណ្ណារិទ្ធិ នាយកប្រតិបត្តិក្រុមហ៊ុន អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរីធី បានឲ្យដឹងថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសាធារណជនក្នុងស្រុក និងបរទេស ដែលជំរុញឲ្យទំហំនៃការជួញដូរ និងតម្លៃរបស់មូលបត្រកើនឡើងជាបន្តបន្ទាប់ ពិសេសចាប់ពីអំឡុងត្រីមាសទី ៣ នៃឆ្នាំ ២០១៨ មក។
លោកថ្លែងថា៖ «សម្រាប់ឆ្នាំ ២០១៩ នេះ ខ្ញុំគិតថាសកម្មភាពនៃការទិញលក់នៅក្នុងផ្សារមូលបត្រកម្ពុជានឹងរឹតតែបង្ហាញសញ្ញាវិជ្ជមានបន្ថែមទៀត។ ប៉ុន្តែសម្រាប់តម្លៃ ខ្ញុំមិនហ៊ាននិយាយថានឹងមានការប្រែប្រួលបែបណាទេ ព្រោះវាអាស្រ័យទៅលើស្ថានភាពរបស់ក្រុមហ៊ុននីមួយៗ»។
លោកប្រាប់ទៀតថា កំណើនមូលធនូបនីយកម្មទីផ្សាររបស់ផ្សារមូលបត្រកម្ពុជាពេលនេះ ក៏អាចបញ្ជាក់ពីទំនុកចិត្តរបស់វិនិយោគិនចំពោះផ្សារមូលបត្រកម្ពុជាផងដែរ៕ LA