ភ្នំពេញៈ Ooctane ជា​មូលធន​វិនិយោគ​រួម​ក្នុង​ស្រុក​គ្រប់គ្រង​ដោយ Worldbridge កាលពី​ម្សិលមិញ​បាន​ប្រកាស​ការ​ដំណើរការ​សាកល្បង​ជាមួយ​នឹង​ការវិនិយោគ​ ៥ ​លាន​ដុល្លារ​សម្រាប់​ការជំរុញ​ក្រុមហ៊ុន​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) នៅ​ប្រទេស​កម្ពុជា​។

លោក ស៊ា រិទ្ធី ប្រធាន​ក្រុមហ៊ុន Worldbridge Group បាន​ថ្លែង​ថា ការដាក់​ដំណើរការ​ក្រុមហ៊ុន OOCTANE នឹង​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា​ដែល​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ផ្តោត​លើ​ការបង្កើត​ថ្មី​។

លោក​ថ្លែង​ថា​ក្រុមហ៊ុន Ooctane នឹង​នាំ​យក​នូវ​ក្រុម​មាន​ឥទ្ធិពល និង​ហិរញ្ញប្បទាន​ព្រម​ទាំង​ក្រុម​ជំនាញ​បច្ចេកវិទ្យា ដើម្បី​ធ្វើ​ការងារ​ជាមួយ​សហគ្រិន​វ័យក្មេង និង​ក្រុមហ៊ុន​បង្កើត​ថ្មី​។

លោក​ថ្លែង​ថា​៖ «​យើង​នៅ​ទី​នេះ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​មាន​ទុន​វិនិយោគ​រួម​គ្រប់គ្រាន់​ដែល​អាច​រក​បាន​សម្រាប់​ការជំរុញ​ក្រុមហ៊ុន​បង្កើត​ថ្មី និង​ការនាំយក​ប្រទេស​កម្ពុជា​ទៅ​ក្នុង​សតវត្សរ៍​ឌីជីថល​»​។

ក្រុមហ៊ុន OOCTANE នឹង​ផ្ដល់​ការគាំទ្រ​នៅ​ក្នុង​វិស័យ ដឹកជញ្ជូន ពាណិជ្ជកម្ម​អេឡិចត្រូនិក បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​កសិកម្ម បច្ចេកវិទ្យា​អប់រំ សុខភាព និង​ទេសចរណ៍​។ នេះ​បើ​យោង​តាម​លោក ស៊ា រិទ្ធី​។

សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​លក្ខណៈ​បុគ្គល​មូលនិធិ​នេះ​នឹង​ចាប់ផ្ដើម​ពី ៥ ០០០ ដុល្លារ ទៅ ១០ ០០០ ​ដុល្លារ ខណៈ​អាជីវកម្ម​ដែល​បង្កើត​បាន​ជា​ផលិតផល​ហើយ​នោះ​ការផ្ដល់​មូលនិធិ​នឹង​ចាប់ផ្តើម​ពី ២៥ ០០០ ដុល្លារ ។

លោកស្រី ព្រឺន បញ្ញារី ដែល​កំពុង​ចាប់ផ្ដើម​អាជីវកម្ម​បង្កើត​ថ្មី​នៃ​គេហទំព័រ​ឌីជីថល សម្រាប់​ការភ្ជាប់​ទំនាក់​ទំនង​ភ្ញៀវទេសចរ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក និង​សហគមន៍​ទេសចរណ៍​បាន​ថ្លែង​ថា វា​ជា​ឱកាស​ដ៏ល្អ​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​ដូចជា​លោកស្រី​។

លោកស្រី ព្រឺន បញ្ញារី បាន​ថ្លែង​ថា​ក្រុម​របស់​លោកស្រី​នឹង​ដាក់​ពាក្យសុំ​ហិរញ្ញប្បទាន​ពី​ក្រុមហ៊ុន Ooctane​។

លោកស្រី​ថ្លែង​ថា​៖ «​វា​ជា​ឱកាស​សម្រាប់​ពួកយើង​ដែល​មិន​មាន​ធនធាន​គ្រប់គ្រាន់​ក្នុងការ​ធ្វើឲ្យ​វា​ដំណើរការ​បាន​ខ្ញុំ​នឹង​នាំ​យក​គំនិត​អាជីវកម្ម​នេះ ជាមួយ​ក្រុម​របស់​ខ្ញុំ​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Ooctane»​។

លោកស្រី​ ព្រឺន បញ្ញារី ដែល​បាន​ចូលរួម​ក្នុង​ការបើក​មូលនិធិ​ Ooctane បាន​បន្ត​ថា​៖ «​សំខាន់​បំផុត​គឺថា ក្រុមហ៊ុន Ooctane នឹង​នៅ​ជាមួយ​ពួកយើង បណ្ដុះបណ្ដាល​ពួកយើង និង​បង្កើត​ការពង្រឹង​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង ដើម្បី​សម្រេច​បាន​តាម​ទិសដៅ​កំណត់​»៕LA