ភ្នំពេញៈ ​មូលនិធិ​នវានុវត្តន៍​ឌីជីថល​របស់​ក្រុមហ៊ុន​​ស្មាត (SADIF) ​បាន​ប្រកាស​ពី​ការ​វិនិយោគ​​​នៅ​ក្នុង​ក្រុមហ៊ុន​ Okra Solar ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​​ផ្នែក​សូហ្វវែរ ​ថាមពល​សូឡា និងក្រុមហ៊ុន ​Sousdey Cambodia ​ដែល​​ជា​ក្រុមហ៊ុន​ទីផ្សារ​ឌីជីថល​។

Okra ​គឺ​ជា​ក្រុមហ៊ុន​សេវា​ផ្អែក​លើ​អ៊ីនធឺណិត (IoT) ដែល​ជួយ​ដល់​សហគមន៍​នៅ​ជន​បទ​ក្នុង​ការ​ទទួល​បាន​​បច្ចេកវិទ្យា​សូឡា​ក្នុង​តម្លៃ​​សមរម្យ​​ដោយ​ប្រើ​បច្ចេកវិទ្យា​ថាមពល​ដែល​​បាន​ចែកចាយ​ជា​ទូទៅ​។

លោក​ Afnan Hannan សហ​ស្ថាបនិក​ក្រុមហ៊ុន Okra ​និយាយ​ថា ​ការ​​តភ្ជាប់​គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​​ប្រមូល​ទិន្នន័យ និង​ផ្ញើ​ការ​គ្រប់គ្រង​​ដើម្បី​ធានា​ថា ​សហគមន៍​មាន​លទ្ធភាព​ប្រើប្រាស់​ថាមពល​។

លោក​ថ្លែង​ថា៖​ «យើង​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ SADIF​។ វា​ជា​ជម្រើស​បែប​ធម្មជាតិ​​ក្នុង​​ការ​សហការ​ជា​មួយ​​​ Smart​ ដូច​ដែល​យើង​បាន​ប្រើប្រាស់​ការ​តភ្ជាប់​បណ្តាញ​រួច​ហើយ​ដើម្បី​​គ្រប់គ្រង ​និង​ត្រួត​ពិនិត្យ​ IoT​ របស់​យើង»​​។

កម្ម​វិធី​នេះ​ អាច​​ធ្វើ​ឲ្យ​បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ ​និង​អាគុយ​ ត​​ភ្ជាប់​ទៅ​នឹង​ smart microgrids សម្រាប់​​ផ្តល់​ឲ្យ​គ្រួសារ​នៅ​តំបន់​ដាច់​ស្រយាល​បាន​នូវ​អគ្គិសនី​ប្រើប្រាស់​។

បច្ចុប្បន្ន ​Okra ​បាន​ផ្តល់​អគ្គិសនី​ទៅ​ដល់​ប្រជាជន​ជាង ​៥០០ ​នាក់​ និង​ផ្ទះ​​ជាង ​៥០០ ​ខ្នង​នៅ​​​កម្ពុជា​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក ​Thomas ​Hundt ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Smart​ Axiata ​​​និយាយ​ថា ​​​លោក​ថ្លែង​ថា៖​ «ភាព​ខុស​ប្លែក​នៃ​បច្ចេកវិទ្យា និង​​គំរូ​អាជីវកម្ម​របស់​ Okra មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់ និង​​ឆ្លើយតប​ជា​វិជ្ជមាន​ដល់​អ្នក​រស់​​នៅ​តាម​តំបន់​ដែល​មិនមាន​ខ្សែ​បណ្តាញ​អគ្គិសនី​​ទៅ​ដល់​»។

ក្នុង​ដំណាក់​កាល​នៃ​ការ​បណ្តាក់​ទុន​នេះ ​SADIF​ ក៏​បាន​សហការ​វិនិយោគ​ជា​មួយ​មូលនិធិ ​Schneider Energ​y Access​ផង​ដែរ​។​មុន​ពេល​មាន​ការ​ផ្តល់​​មូលនិធិ​របស់ ​SADIF​ ក្រុមហ៊ុន ​Okra​ ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សំខាន់ៗ​ដូច​ជា UKAid និង SNV Netherlands Development Organization។

លោក ​Djibril​ Cisse ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Sousde​y Cambodia បាន​និយាយ​ថា​មូលនិធិ​ពី SADIF នឹង​គាំទ្រ​​​ច្រើន​ទៅ​ដល់​កម្មវិធី​ការ​អភិវឌ្ឍ ​ខណៈ​​ក្រុមហ៊ុន​កំពុង​ខិតខំ​ផ្នែក​លក់ ​និង​ទីផ្សារ​ដើម្បី​ពង្រីក​ការ​ផលិត​។ ​លោក​បន្ត​​​ថា៖​ «​Sousde​y ​ទន្ទឹង​រង់ចាំ​សហការ​ជាមួយ ​Smart, Forte និងMSP ​ដើម្បី​​ជួយ​ដល់​សហគ្រាស ​និង​បង្កើត​ផលិតផល​សហគ្រាស​លំដាប់​ថ្នាក់​ពិភព​លោក​»​។

SADIF ​​ជា​មូលនិធិ​ទុន​វិនិយោគ​​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា​​គ្រប់គ្រង​​ដោយ Mekong Strategic Partner​s ដោយ​មាន​ការ​វិនិយោគ​​ពី​​ Smart ​​និង ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ Forte​៕