ភ្នំពេញៈ លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​ឲ្យ​ដឹងថា ការអនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​មូលបត្រ​រដ្ឋ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការមាន​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយ​ដើម្បី​ធ្វើ​ពិពិធកម្ម​ប្រភព​ហិរញ្ញប្បទាន កៀរគរ​ហិរញ្ញប្បទាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និង​ជួយ​កាត់បន្ថយ​ការខ្ចី​បុល​ពី​បរទេស​។

សេចក្តី​ព្រាង​ច្បាប់​មូលបត្រ​បំណុល​រដ្ឋ​ត្រូវ​បាន​អនុម័ត​ក្នុង​អំឡុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

បើ​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៣ ការគ្រប់គ្រង​បំណុល​សាធារណៈ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​មាន​ភាពប្រយ័ត្នប្រយែង ច្បាស់លាស់ និង​ហ្មត់ចត់​។ នៅក្នុង​បរិការណ៍​បច្ចុប្បន្ន​ដោយ​ពិនិត្យមើល​នូវ​បញ្ហា​ប្រឈម​ពី​កត្តា​ខាងក្រៅ និង​ខាងក្នុង​មួយចំនួន​ដែល​អាច​បង្ក​ផលប៉ះពាល់​ជាយថាហេតុ​លើ​ស្ថានភាព​បំណុល​សាធារណៈ ជាមួយ​នឹង​គោលដៅ​នៃ​ការធ្វើ​ពិពិធកម្ម​ប្រភព​ហិរញ្ញប្បទាន ស្រប​ទៅ​តាម​ភាពរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា ព្រម​ទាំង​ការសម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ប្រែក្លាយ​ពី​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នាពេល​ខាង​មុខ ការចាប់ផ្ដើម​សាកល្បង​បោះផ្សាយ​មូលបត្រ​រដ្ឋ​ដើម្បី​កៀរគរ​ទុន​ពី​ផ្សារមូលបត្រ​ក្នុង និង​ក្រៅប្រទេស​មក​បំពេញ​សេចក្ដី​ត្រូវការ​នូវ​ធនធាន និង​ហិរញ្ញប្បទាន គឺជា​កាលានុវត្តភាព និង​អាទិភាព​ថ្មី​សម្រាប់​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​ «​មូលបត្រ​រដ្ឋ​គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​សំខាន់​មួយ​សម្រាប់​បម្រើ​ឲ្យ​រាជរដ្ឋាភិបាល​ក្នុង​ការកៀរគរ​ហិរញ្ញប្បទាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ពី​វិស័យ​ឯកជន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​»​។

លិខិត​បាន​បន្តថា​ «​ដើម្បី​ឆ្លើយតប​នឹង​បរិការណ៍​បច្ចុប្បន្ន​នៃ​ការអនុវត្ត​ជាក់ស្ដែង ទាំង​ផ្នែក​បច្ចេកទេស​គ្រប់គ្រង​ប្រតិបត្តិការ​ចំណូល ចំណាយ ផ្នែក​លក្ខខណ្ឌ និង​បទដ្ឋាន​គតិយុត្ត​ថ្មី​នៃ​ប្រព័ន្ធ​ទីផ្សារ​មូលបត្រ​របស់​កម្ពុជា​ព្រមទាំង​សេចក្ដី​ត្រូវការ​ថ្មីៗ​របស់​វិស័យ​ឯកជន រាជរដ្ឋាភិបាល​បាន​រៀបចំ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​មូលបត្រ​រដ្ឋ (​ថ្មី​) នេះ​ឡើង​ដោយ​ធ្វើ​និរាករណ៍​ច្បាប់​ស្ដីពី​មូលបត្រ​រដ្ឋ ឆ្នាំ​ ២០០៧ ទាំងស្រុង​»​។

លោក ស៊ូ សុជាតិ បាន​ឲ្យ​ដឹងថា មូលបត្រ​បំណុល​រដ្ឋ គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏សំខាន់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ពិពិធកម្ម​ប្រភព​ហិរញ្ញប្បទាន​។ លោក​បន្តថា​៖ «​មូលបត្រ​នេះ​នឹង​អាច​ឲ្យ​រដ្ឋាភិបាល​បោះផ្សាយ​ដើម្បី​កៀរគរ​ហិរញ្ញប្បទាន​ពី​សាធារណជន ជាពិសេស​ពី​វិស័យ​ឯកជន​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​»​។

លោក​ថ្លែងថា​៖ «​ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ គឺជា​ការរៀបចំ​របស់​រដ្ឋាភិបាល​។ នៅពេល​មាន​សេចក្ដី​ត្រូវការ រដ្ឋាភិបាល​អាច​ប្រើ​ឧបករណ៍​ហិរញ្ញវត្ថុ​នេះ​ដើម្បី​កៀរគរ​ហិរញ្ញប្បទាន​»​។

លោក​លើកឡើង​ថា​៖ «​មូលបត្រ​បំណុល​ក៏​អាចជួយ​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​កម្ចី​បរទេស​ផងដែរ​។ វា​នឹង​ផ្ដល់​ជម្រើស​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការកំណត់​ថា តើ​រដ្ឋាភិបាល​ត្រូវការ​កម្ចី​ប៉ុន្មាន​ពី​បរទេស និង​តើ​រដ្ឋាភិបាល​នឹង​បោះផ្សាយ​មូលបត្រ​បំណុល​ប៉ុន្មាន ដើម្បី​ទទួល​បាន​ហិរញ្ញប្បទាន​ពី​វិស័យ​ឯកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​»​។

លោក Jong Woen Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​បន្ថែមទៀត​ពី​ការចេញ​មូលបត្រ​បំណុល​រដ្ឋ ការចុះបញ្ជី ការជួញដូរ និង​ការដាក់​ប្រាក់​បញ្ញើ​។

លោក​បញ្ជាក់ថា​៖ «​យើង​សង្ឃឹម​ថា មូលបត្រ​រដ្ឋ​នឹង​ត្រូវ​ចុះបញ្ជី និង​ជួញដូរ​នៅលើ CSX ហើយ​យើង​ត្រៀមខ្លួន​រួចរាល់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​»​។

លោក​បន្ថែមថា​៖ «​នៅពេល​រដ្ឋាភិបាល​ត្រូវការ​ប្រាក់​សម្រាប់​ការវិនិយោគ ឬ​ការចំណាយ​ណាមួយ ពួកគេ​អាច​ពិចារណា​ការចេញ​មូលបត្រ​បំណុល​នេះ​។ វា​ជា​ជម្រើស​មួយ​ផ្សេងទៀត​នៃ​ហិរញ្ញប្បទាន​រហ័ស ដែល​មិន​ទាមទារ​លក្ខខណ្ឌ​តម្រូវ​ណាមួយ​នោះទេ ប៉ុន្តែ​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ឥណទាន​។ ហិរញ្ញប្បទាន​ក្នុងស្រុក​ធ្វើឲ្យ​សេដ្ឋកិច្ច​ក្នុង​ស្រុក​កាន់តែ​មាន​ស្ថិរភាព និង​អភិវឌ្ឍ​រហ័ស​។ រដ្ឋាភិបាល​ក៏​នឹង​មាន​អំណាច​បន្ថែមទៀត​លើ​ឆាក​អន្តរជាតិ ពេល​ការខ្ចី​មូលនិធិ​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត​មាន​កម្រិត​ទាប​»៕LA