ភ្នំពេញៈ ​វិនិ​យោ​គិន​នឹង​មាន​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ទី​ផ្សារ​មូល​បត្រ​ក​ម្ពុជា​ ខណៈ​​សញ្ញា​ប័ណ្ណ​របស់​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​​វត្ថុ​ហត្ថាក​សិករ​ លី​មី​ធីត ​(HKL​) ​កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​​ចុះ​បញ្ជី​​ជា​ផ្លូវ​ការ​នៅ​ក្រុម​ហ៊ុន​​ផ្សារ​មូល​​បត្រ​​កម្ពុជា​។

លោក​ស្រី ​ជា ​សិរី ​អគ្គ​នា​យិ​កា​​បច្ចេក​ទេស​នៃ​ធនា​គារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹង​​ថា ការ​ចុះ​បញ្ជី​នេះ​បាន​បង្ហាញ​​ពី​ការ​ចាប់​ផ្តើម​ដំ​ណើរ​ការ​​ទី​ផ្សារ​មូល​ធន​បំ​ណុល​នៅ​កម្ពុជា ​ដែល​ជា​ចំ​ណែក​សំ​ខាន់​មួយ​នៃ​ទី​ផ្សារ​ហិ​រញ្ញ​វត្ថុ​។ ​

លោក​ស្រី​ថ្លែង​ថា ​បច្ចុ​ប្បន្ន ​វិ​និ​យោ​គិន​ ស្ថា​ប័ន​ហិ​រញ្ញ​វត្ថុ​ និង​សហ​គ្រិន​វិនិ​យោគ​នា​នា ​មាន​ជម្រើស​ឧប​ករណ៍​​វិនិ​យោគ​ច្រើន​ជាង​មុន​​។

លោក​ស្រី​បន្ត​ថា៖ ​«ពួក​គាត់​​អាច​មាន​លទ្ធ​ភាព​​ក្នុង​ការ​ជ្រើស​រើស​ការ​វិ​និ​យោគ​លើ​ឧប​ករណ៍​វិ​និ​យោគ​ប្រ​ភេទ​ថ្មី​ ដែល​ជា​ឧប​ករ​ណ៍​ទទួល​បាន​ចំ​ណូល​ថេរ​សម្រាប់​បំ​ពេញ​តាម​​តម្រូវ​ការ​យុទ្ធ​សាស្រ្ត​វិ​និ​យោគ ​និង​កម្រិត​ហា​និ​ភ័យ​​ដែល​​ពួក​គាត់​អាច​ទទួល​យក​បាន​»​។

លោក ​ហួត ​អៀង​តុង ​ប្រ​ធាន​អគ្គ​នា​យក​ HKL បាន​ថ្លែង​ក្នុង​ពិធី​ចុះ​បញ្ចី​ក្នុង​ផ្សារ​ហ៊ុន​កាល​ពី​ម្សិល​មិញ​ថា​ នេះ​គឺ​ជា​​ជោគ​ជ័យ ​និង​ជា​មោ​ទន​ភាព​មួយ​របស់​ក្រុម​ហ៊ុន​លោក​ ដែល​បាន​ចូល​រួ​ម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​ទី​ផ្សារ​មូល​បត្រ​កម្ពុជា​។

លោក​បាន​​លើក​ឡើង​​​​ថា៖ «ចាប់​ពី​ថ្ងៃ​ចុះ​បញ្ជី​នេះ​ទៅ​ វិនិ​យោ​គិន​អាច​ទិញ​សញ្ញា​បណ្ណ​ [របស់​ហត្ថាក​សិករ] ក្នុង​ទី​ផ្សារ​មូល​បត្រ​កម្ពុជា បើ​វិ​និ​យោ​គិន​ដែល​កំ​ពុង​តែ​​កាន់​កាប់​សញ្ញា​បណ្ណ​បច្ចុ​ប្បន្ន​ ស​ម្រេច​ចិត្ត​ដាក់​លក់​វិញ»។

សញ្ញា​បណ្ណ​សា​ជីវ​កម្ម ឬ​មូល​បត្រ​បំ​ណុល​ របស់​ហត្ថា​ក​សិករ ​ដែល​មាន​និ​មិត្ត​សញ្ញា​ជួញ​ដូរ​ HKL21A ត្រូវ​បាន​ដាក់​ឲ្យ​ជួញ​ដូរ​នៅ​ទី​ផ្សារ​បន្ទាប់​​នៃ​ទី​ផ្សារ​មូល​បត្រ​កម្ពុជា​ បន្ទាប់​ពី​ការ​ចុះ​បញ្ជី​នេះ។

វិ​និ​យោ​គិន​​អាច​ដាក់​ការ​បញ្ជា​​​ទិញ​ ឬ​លក់​តាម​រយៈ​ក្រុម​​ហ៊ុន​​មូល​បត្រ​ក្នុង​ដំ​ណើរ​ការ​មួយ​ដែល​ស្រ​ដៀង​ទៅ​នឹង​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​ដែរ។

តម្លៃ​មូល​បត្រ​បំ​ណុល​នេះ​អាច​ប្រែ​ប្រួល​ទៅ​តាម​តម្រូវ​ការ និង​ការ​ផ្គត់​ផ្គង់។

នៅ​​ដំ​ណាក់​កាល​បរិ​វិ​សកម្ម ​សញ្ញា​បណ្ណ​ចំ​នួន​ ១,២ ​លាន​សញ្ញា​បណ្ណ​​​របស់​ HKL ត្រូវ​បាន​​ទិញ​យក​ទាំង​អស់​ដោយ​​វិនិ​យោ​គិន​ជា​ស្ថា​ប័ន​ក្នុង​តម្លៃ​ចារឹក​ (តម្លៃ​ដើម) ​ក្នុង​មួយ​សញ្ញា​បណ្ណ​ ១០ ម៉ឺន​​រៀល ជា​មួ​យ​នឹង​អត្រា​គូ​ប៉ុង (ការ​ប្រាក់) ៨,៥​ ភាគ​រយ​ក្នុង​ ១ ​ឆ្នាំ និង​មាន​​​អាយុ​កាល​ ៣ ឆ្នាំ។

នៅ​ក្នុង​ការ​ធ្វើ​បរិ​វិ​ស​កម្ម​ក្រុម​​ហ៊ុន​នេះ ប្រ​មូល​បាន​​ថវិកា​សរុប​ ៣០ ​លាន​ដុល្លារ​។

លោក ​ហុង សុខ​ហួរ​ អគ្គ​នា​យក​ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​អ្នក​កាន់​កាប់​​​មូល​បត្រ​អាច​កាន់​កាប់​រហូត​​ដល់​កាល​បរិ​ច្ឆេទ​កំ​ណត់ ​ដើ​ម្បី​ទទួល​បាន​ការ​ប្រាក់ ឬ​អាច​លក់​ចេញ​នៅ​​ក្នុង​ទី​ផ្សារ​បន្ទាប់​នៅ​ពេល​មាន​​ការ​​ផ្តល់​តម្លៃ​ខ្ពស់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​​រំពឹង​​ថា នឹង​មាន​អ្នក​ខ្លះ​អាច​ដាក់​លក់​វិញ​ក្នុង​ករណី​មាន​តម្រូវ​​ការ​​ទី​ផ្សារ​» ដែល​នឹង​ឈាន​​ទៅ​រក​ការ​មាន​សកម្ម​ភាព​ជួញ​ដូរ​ក្នុង​ទី​ផ្សារ​។

វិនិ​​យោ​គិន​ធំ​ៗ​ ដែល​​ទិញ​​មូល​​បត្រ​បំ​ណុល​នេះ​ រួម​មាន​សា​ជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ (IFC) ​ធនា​គារ​វឌ្ឍនៈ និង​​ក្រុ​ម​​ហ៊ុន​ធា​នា​រ៉ាប់​រង​បន្ត៕LA