ភ្នំពេញៈ ​មូលបត្រ​បំណុល​សាជីវកម្ម​ ដែល​បោះ​ផ្សាយ​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ LOLC ត្រូវ​បាន​ដាក់​ឲ្យ​ជួញដូរ​ជា​សាធារណៈ ​​នៅ​ក្រុមហ៊ុន​​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ​នៅ​ថ្ងៃ​សុក្រ​នេះ ​បន្ទាប់​ពី​មូលបត្រ​នេះ​ត្រូវ​បាន​ទិញ​អស់​ទាំង​ស្រុង​​ ពី​វិនិយោគិន​ស្ថាប័ន​តាំង​ពី​អំឡុង​បរិវិសកម្ម​​​កាល​ពី​ថ្ងៃ​ទី ២៦​ មេសា​។​​

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ LOLC បាន​ប្រមូល​ទុន ​២០ ​លាន​ដុល្លារ​ បាន​ដោយ​ជោគជ័យ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ​ដោយការ​បោះផ្សាយ​​មូលបត្រ​​​បំណុល​ ​២ ប្រភេទ​ រួមមាន​មូលបត្រ​​បំណុល​ ដែល​មាន​ការ​ធានា​លើ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់ និង​មូលបត្រ​បំណុល​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់។ ​

មូលបត្រ​បំណុល​នេះ​ត្រូវ​បាន​ធានា​ទិញ​ដោយ​ក្រុមហ៊ុន​ Yuanta Securities ហើយ​ត្រូវ​បាន​ទិញ​បន្ត​ដោយ​វិនិយោគិន​ស្ថាប័ន​ក្នុង​អត្រាការ​ប្រាក់ ៨ ភាគរយ​សម្រាប់​​មូលបត្រ​​បំណុល​ ដែល​មាន​ការ​ធានា​លើ​ហានិភ័យ​អត្រា​​ប្តូរ​ប្រាក់ និង​អត្រា​ការ​ប្រាក់​ ៩ ភាគរយ​សម្រាប់​មូលបត្រ​បំណុល​​​​មិន​មាន​ធានា​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់។ មូលបត្រ​បំណុល​សរុប ​៨០ ម៉ឺន​ប័ណ្ណ​​ត្រូវ​បាន​បោះ​ផ្សាយ និង​លក់​ចេញ​ក្នុង​តម្លៃ ១០ ម៉ឺន​រៀល​ក្នុង ​១ ប័ណ្ណ​។​

លោក ​ស៊ឹម ​តារា​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​​ក្រុមហ៊ុន​​មូលបត្រ ​Yuanta Securities ​បាន​​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មូលបត្រ​បំណុល​ទាំង ​២ ប្រភេទ​មាន​ការ​ចង់​ជាវ​​ច្រើន​ រហូត​ធ្វើ​ឲ្យ​ចំនួន​បញ្ជា​ទិញ​ច្រើន​​ជាង​ចំនួន​​ត្រូវ​​លក់។​ លោក​ថ្លែង​ថា៖ «​​មាន​ក្រុម​វិនិយោគិន​ដែល​បាន​មក​​​ក្រោយ​បន្ទាប់​ពី​យើង​បាន​បិទ​បញ្ជី​រួច​ ហើយ​ពួក​គេ​​​មិន​​មាន​មូលបត្រ​​ទិញ​​ដូច​ដែល​ចង់​បាន​នោះ​ទេ​​»​។​​

លោក ​តារា​ ឲ្យ​ដឹង​ថា ​ក្រុម​វិនិយោគិន​​ដែល​ទិញ​មូលបត្រ​នេះ ​គឺ​ជា​ក្រុម​វិនិយោគិន​ស្ថាប័ន​ភាគ​ច្រើន​ជា​ធនាគារ​​ក្នុង​ស្រុក​ដែល​គ្រប់គ្រង​ដោយ​បរទេស។​ លោក​បន្ថែម​ថា ​ខណៈ​មូលបត្រ​បំណុល​នេះ​នឹង​អាច​រក​បាន​សម្រាប់​ការ​ជួញ​ដូរ​នៅ​លើ​ CSX វា​មិន​រំពឹង​ថា នឹង​មាន​ការ​ជួញដូរ​ដ៏​សកម្ម​ដូច​ជា​ភាគហ៊ុន​នោះ​ទេ​ ដោយសារ​តែ​​មូលបត្រ​បំណុល​សាជីវកម្ម​​ជា​​ទូទៅ​មិន​សូវ​មាន​សកម្មភាព​ទិញ​លក់​ដូច​ជា​មូលបត្រ​បំណុល​រដ្ឋាភិបាល​នោះ​ទេ​។​ ​

លោក​ថ្លែង​ថា​៖ «​​ករណី​នេះ​ ក៏​​កើត​មាន​​ផង​ដែរ​នៅ​​ទីផ្សារ​​មូលបត្រ​រីក​ចម្រើន​ ដោយ​មិនមែន​តែ​ទីផ្សារ​មិន​ទាន់​រីក​ចម្រើន​ខ្លាំង​ ដូច​ជា​​​កម្ពុជា​នោះ​ទេ។ ជាក់​ស្តែង​ដូច​ជា​​​មូលបត្រ​បំណុល​​សាជីវកម្ម LOLC ដោយសារ​តែ​​​​ក្រុម​វិនិយោគិន​ភាគ​ច្រើន ​គឺ​ជា​​ក្រុម​វិនិយោគិន​​ស្ថាប័ន​មាន​រយៈពេល​​វែង ​ជាមួយ​នឹង​​ទំហំ​វិនិយោគ​ធំ សកម្មភាព​ជួញដូរ ​(នៅ​ CSX) ​អាច​កម្រ​កើត​ឡើង​»​។​

អ្នក​ស្រី​ គឹម សុផានីតា ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​ ​CSX​  បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា ការ​ចុះ​​​បញ្ជី​មូលបត្រ​បំណុល​ទី២ ​នឹង​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​ដល់​ក្រុមហ៊ុន​នានា​ ដែល​កំពុង​ពិចារណា​ការ​ប្រមូល​មូលនិធិ​តាមរយៈ​ទីផ្សារ​មូលបត្រ​​។​

ខណៈ​​ក្រុមហ៊ុន​នានា​ មាន​ភាព​ស្ទាក់ស្ទើរ​ និង​បារម្ភ​ក្នុង​ការ​ចូល​ទីផ្សារ​​ថ្មី​នេះ ​ដោយ​រង់ចាំ​មើល​​ក្រុមហ៊ុន​ផ្សេង​​ទៀត​ អ្នក​ស្រី ​សុផានីតា ​បាន​ឲ្យ​ដឹង​ថា ​ភាគ​ជោគជ័យ​នៃ​ការ​ចេញ​មូលបត្រ​ទី២ ​និង​ IPO​ ជា​ច្រើន​នឹង​ជួយ​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​សម្រាប់​​ក្រុមហ៊ុន​ផ្សេង​ទៀត​។​

លោកស្រី​ថ្លែង​ថា​៖ «​​​ក្រុមហ៊ុន​ជា​ច្រើន​ជា​ពិសេស​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​នៅ​ពេល​នេះ​កំពុង​ព្យាយាម​​ក្នុង​ការ​ចេញ​មូលបត្រ​បំណុល​នៅ​ក្នុង​ទីផ្សារ​មូលធន​ ដើម្បី​ទទួល​បាន​ការ​​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ពន្ធ​ ដោយ​រដ្ឋាភិបាល​។ ខ្ញុំ​ផ្ដល់​យោបល់​ដល់​ក្រុមហ៊ុន​ផ្សេង​ទៀត ​ដែល​​មិន​បាន​គិត​អំពី​ទីផ្សារ​នេះ ​គួរ​តែ​ធ្វើ​វា​នៅ​ពេល​នេះ ​ដើម្បី​ចាប់​យក​អត្ថប្រយោជន៍​ដ៏​ធំ​នេះ»។

លោកស្រី​បន្ត​ថា​៖ «​សម្រាប់​កំណើន​​​រយៈពេល​វែង ​ពួក​គេ​គួរតែ​ពិចារណា​ការ​បោះ​ផ្សាយ​លក់​ហ៊ុន​ បន្ថែម​លើ​មូលបត្រ​​​បំណុល​»៕LA​