បាងកកៈ ក្រុមមេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍បានជួបគ្នានៅទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ ដោយបានប្ដេជ្ញាចិត្តក្នុងការជំរុញឆ្ពោះទៅមុខនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឈានមុខគេរបស់ពិភពលោក ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេស ចិន ធ្វើឲ្យមានភាពមិនច្បាស់លាស់ដល់ចក្ខុវិស័យសម្រាប់សេដ្ឋកិច្ច ដែលនាំមុខដោយការនាំចេញរបស់ពួកគេនេះ។
បញ្ហាពាណិជ្ជកម្មបានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនដោយក្រុមមេដឹកនាំអាស៊ាន ដែលចង់ប្រញាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលព្រាងដោយប្រទេស ចិន ដែលគ្របដណ្ដប់ប្រហែលជាពាក់កណ្ដាលនៃប្រជាជនពិភពលោក។
កិច្ចព្រមព្រៀងភាពជាដៃគូសេដកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) រួមមានប្រទេសអាស៊ានទាំង ១០ បូកនឹងប្រទេស ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ដ្រាលី និងនូវែលសេឡង់។ កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាយន្តការមួយសម្រាប់ប្រទេស ចិន ក្នុងការព្រាងច្បាប់ពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការដកខ្លួនចេញរបស់អាមេរិកពីតំបន់នេះ។
ខណៈការសងសឹកលើការយកពន្ធនាំចូលគ្នាទៅវិញទៅមក រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេ ២ របស់ពិភពលោកនេះ បានធ្វើឲ្យក្រុមហ៊ុនផលិតមួយចំនួនរត់គេចពីប្រទេស ចិន ឆ្ពោះទៅមជ្ឈមណ្ឌលអាស៊ាន កាន់តែមានសុវត្ថិភាព ហើយដែលក្រុមសេដ្ឋវិទូឲ្យដឹងថា រូបភាពដ៏ធំសម្រាប់កំណើនពិភពលោក គឺមិនច្បាស់លាស់ ហើយបណ្ដាប្រទេសជាសមាជិកមានបំណងបង្កើនពាណិជ្ជកម្មជាមួយ RCEP។
សេចក្តីប្រកាសឲ្យដឹងថា ប្លុកនេះត្រូវបានប្ដេជ្ញាចិត្តថា នឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំនេះ ហើយនឹង «ដាក់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចបានទិសដៅនេះ»៕ AFP/LA