ក្រុង​តេអេរ៉ង់ៈ លោក Ali Khamenei ដែល​ជា​មេ​ដឹកនាំ​សាសនា​​ និង​នយោបាយ​កំពូល​របស់​ប្រទេស ​អ៊ីរ៉ង់ ​បាន​ហៅ​ផល​​លំបាក​ផ្នែក​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ថា​ជា​បញ្ហា​សំខាន់ និង​បន្ទាន់​បំផុត​របស់​ប្រទេស​នៅ​ក្នុង​​សារ​មួយ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​រដ្ឋ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ប្រទេស ​ អ៊ីរ៉ង់ ​បាន​ប្រឈម​នឹង​​ផល​លំបាក​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ឡើង​ក្នុង​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​នេះ ដែល​បាន​កើត​មាន​កាន់​តែ​អាក្រក់​ឡើង​​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ​រវាង​ប្រទេស​ អ៊ីរ៉ង់ និង​ប្រទេស​មហា​អំណាច​ពិភព​លោក​កាល​ពី​ខែ ​ឧសភា ​ឆ្នាំ​មុន។

ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ពី​សំណាក់​សហរដ្ឋ​អាមេរិក ដែល​​កន្លង​មក​ត្រូវបាន​បន្ធូរបន្ថយ​ជា​ថ្នូរ​នឹង​ការ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេអេរ៉ង់​នោះ បាន​បង្កើត​ឲ្យ​មាន​រលក​ដ៏​អាក្រក់​បោក​បក់​មក​លើ​សេដ្ឋកិច្ច​​​របស់​ប្រទេស​អ៊ិស្លាម​មួយ​នេះ។

លោក Khamenei បាន​​ឲ្យ​ដឹង​​​នៅ​ក្នុង​សារ​​​មួយ​ដែល​ត្រូវ​បាន​​ថត​ទុក​ដើម្បី​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​សម្រាប់​ការ​ប្រារព្ធ​ពិធី​នៃ​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​របស់​​អ៊ីរ៉ង់ (២១ មីនា ឆ្នាំ ២០១៩ ដល់ ២០ មីនា ឆ្នាំ ២០​២០) ថា៖ «ជា​ពិសេស​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ផល​លំបាក​សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​បាន​កើន​ឡើង»។

លោក​ថ្លែង​ថា៖ «សេដ្ឋកិច្ច​ជា​បញ្ហា​បន្ទាន់​របស់​ប្រទេស។ វា​ជា​បញ្ហា​ធ្ងន់ធ្ងរ (បំផុត) និង​ចម្បង​របស់​ប្រទេស»។ លោក​បាន​បន្ថែម​ថា ការ​ទម្លាក់​ថ្លៃ​រូបិយប័ណ្ណ​ជាតិ ដែល​ជា​ការ​ធ្លាក់ចុះ​អំណាច​ទិញ និង​ការ​ធ្លាក់ចុះ​ផលិតកម្ម​​គឺ​ជា​សញ្ញា​នៃ​ការ​កើត​មាន​បញ្ហា។

លោក Khamenei ថ្លែង​ថា ការ​កើន​ឡើង​ផលិតកម្ម​ជា​គន្លឹះ​ចំពោះ​ការ​​​សង្គ្រោះ​សេដ្ឋកិច្ច ហើយ​លោក​បាន​ប្រកាស​​ឃ្លា​ «​​ផលិតកម្ម​ជាតិ» ថា​ជា​បាវចនា​​សម្រាប់​ឆ្នាំ​ថ្មី​នេះ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​រាយការណ៍​ថា សេដ្ឋកិច្ច​​អ៊ីរ៉ង់​បាន​ធ្លាក់​ចូល​​ក្នុង​ការ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​​នៅ​ឆ្នាំ ២០១៨ និង​បាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ ៣,៦ ភាគរយ​សម្រាប់​ឆ្នាំ ២០១៩ នេះ។

លោក ​Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់ ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នៅ​ក្នុង​សារ​ឆ្នាំថ្មី​របស់​លោក​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទូរទស្សន៍​រដ្ឋ​ភ្លាមៗ​បន្ទាប់​ពី​សារ​របស់​លោក Khamenei៕ AFP/KC