ភ្នំពេញៈ មេដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ (GMS) ទាំង ៦ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នឹងអនុម័តលើក្របខ័ណ្ឌវិនិយោគមានតម្លៃទឹកប្រាក់ប្រហែល ៥១,៥ ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងជាង ១២៣ នៅក្នុងវិស័យ ១០ ដែលត្រូវអនុវត្តក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំ។
មហាអនុតំបន់មេគង្គរួមមានប្រទេសកម្ពុជា ចិនភាគខាងត្បូង ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។ ដោយមានជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី តំបន់នេះត្រូវបានបង្កើតឡើងកាលពី ឆ្នាំ១៩៩២ ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងកាត់បន្ថយភាពខុសគ្នាក្នុងចំណោមបណ្ដាប្រទេសជាសមាជិកទាំងនោះ។
គម្រោងទាំង ១០ ដែលមានចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នឹងត្រូវបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលលើក ទី៥ នៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គនៅក្នុង ទីក្រុងបាងកក ប្រទេសថៃ រយៈពេលពីរថ្ងៃ ថ្ងៃសុក្រ និងសៅរ៍។
គម្រោងទាំងនេះរួមមានវិស័យដឹកជញ្ជូនថាមពល កសិកម្ម បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍទីក្រុង ទេសចរណ៍ ការជួយសម្រួលពាណិជ្ជកម្ម និងព័ត៌មាន និងទំនាក់ទំនងព័ត៌មានវិទ្យា។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលនេះនៅថ្ងៃសៅរ៍ ដែលមានគណៈប្រតិភូអមដំណើរដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ និងតម្រូវការដើម្បីជំរុញការតភា្ជប់ និងការប្រកួតប្រជែងនៅក្នុងសហគមន៍មហាអនុតំបន់មេគង្គក្រោមប្រធានបទ «ប្ដេជ្ញាចិត្តធ្វើការអភិវឌ្ឍរួមគ្នា និងប្រកបដោយចីរភាពនៅក្នុងមហាអនុតំបន់មេគង្គ»។
លោក Arkhom Termpittayapaisith អនុរដ្ឋមន្ត្រីដឹកជញ្ជូនថៃបានប្រាប់កាសែត បាងកក ប៉ុស្តិ៍ កាលពីសប្តាហ៍មុនថា ប្រមុខនៃថ្នាក់ដឹកនាំទាំងអស់ក៏នឹងពិចារណាទៅលើការចំណាយទឹកប្រាក់ ២២២ លានដុល្លារផ្សេងទៀតសម្រាប់គម្រោងជំនួយបច្ចេកទេស ៩៣ គម្រោង។ លោកបន្តថា ប្រមុខនៃថ្នាក់ដឹកនាំទាំងអស់ក៏នឹងធ្វើការពិចារណាផងដែរក្នុងការបង្កើតសមាគមផ្លូវដែកនៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គក្នុងបំណងដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធផ្លូវដែក និងជាមួយនឹងការឈានមួយជំហានទៀតនៃគម្រោងអភិវឌ្ឍន៍ផ្លូវដែក គុនមីង វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូនកម្ពុជា កាលពីថ្ងៃអង្គារបានទៅត្រួតពិនិត្យកំណាត់ផ្លូវដែកនៅតាមព្រំប្រទល់ កម្ពុជា-ថៃ និងបានជួបពិភាក្សាជាមួយមន្ត្រីផ្លូវដែកថៃអំពីការសាងសង់សំណង់ស្ពានដែកក្នុងក្រុងប៉ោយប៉ែត ដែលសំណង់ស្ពាននេះគឺជាការតភ្ជាប់ប្រព័ន្ធផ្លូវដែកជាមួយថៃជាការឧបត្ថម្ភថវិកាដោយភាគីថៃផងដែរ។
លោក គោ ស៊ុំសារឿត អភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីកន្លងមកថា ស្ពានមានប្រវែង ៨០ ម៉ែត្រជាប់ព្រំប្រទល់ ក្រុងប៉ោយប៉ែត នឹងតភ្ជាប់ផ្លូវដែកភាគខាងជើងរបស់កម្ពុជា ជាមួយ ខេត្តស្រះកែវ របស់ ថៃ។ ផ្លូវដែកភាគខាងត្បូងមានប្រវែង ២៥៦ គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុងភ្នំពេញ ជាមួយកំពង់ផែ ក្រុងព្រះសីហនុ ចាប់ផ្ដើមប្រតិបត្តិការជាមួយនឹងរថភ្លើងតូចៗ មួយចំនួនកាលពី ខែធ្នូ ឆ្នាំមុន។ ប៉ុន្តែផ្លូវដែកភាគខាងជើងប្រវែង ៣៣៧ គីឡូម៉ែត្រតភ្ជាប់ ទីក្រុងភ្នំពេញ ជាមួយ ក្រុងប៉ោយប៉ែត គឺមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។
លោកបន្ថែមថា ក្នុងប្រវែងផ្លូវដែក ៤៨ គីឡូម៉ែត្រដែលត្រូវតភ្ជាប់រវាង ក្រុងប៉ោយប៉ែត និង សិរីសោភ័ណ មានប្រវែងតែ ៦ គីឡូម៉ែត្រប៉ុណ្ណោះឆ្ពោះទៅស្ពាននោះ ដែលតម្រូវឲ្យមានការជួសជុលឡើងវិញ ប៉ុន្តែកង្វះមូលនិធិបានពន្យារពេលការជួសជុលហើយហិរញ្ញប្បទាន ដើម្បីបញ្ចប់ផ្នែកនេះនៅតែមិនទាន់បានទទួលនៅឡើយ។
គម្រោងផ្លូវដែកកម្ពុជាដែលមានទឹកប្រាក់ ១៤៣ ដុល្លារបានជួបបញ្ហាជាមួយនឹងការផ្លាស់ប្តូរទីលំនៅថ្មីរបស់គ្រួសារដែលរស់នៅតាមបណ្ដោយផ្លូវដែកនេះ។ របាយការណ៍ចេញផ្សាយកាលពី ខែមករា ពីគម្រោងផ្ទៃក្នុងរបស់ ADB បង្ហាញពីការបរាជ័យដ៏ធំក្នុងការធ្វើឲ្យប្រាកដអំពីការផ្លាស់ប្តូរទីលំនៅឲ្យបានត្រឹមត្រូវរបស់គ្រួសាររាប់ពាន់នាក់ ដែលប៉ះពាល់ពីគម្រោងនេះ៕