ក្រុងតូក្យូៈ ក្រុមមេធាវីរបស់លោក Carlos Ghosn អតីតប្រធានក្រុមហ៊ុន Nissan កាលពីថ្ងៃម្សិលមិញបានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីអាជ្ញាធរជប៉ុនបានចោទប្រកាន់លោកពីបទរំលោភសេចក្តីទុកចិត្តមានស្ថានទម្ងន់ទោស ដែលជាការចោទប្រកាន់ជាផ្លូវការទី៤ ប្រឆាំងនឹងមហាសេដ្ឋីក្នុងវិស័យរថយន្តរូបនេះ។
តុលាការក្រុងតូក្យូបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ក្រុមមេធាវីបានដាក់ពាក្យស្នើសុំនៅក្រៅឃុំនៅថ្ងៃទី ២២ ខែ មេសា»។
បុរសអាយុ ៦៥ ឆ្នាំរូបនេះបដិសេធដាច់អហង្ការចំពោះរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក និងបញ្ជាក់ថា មានការបង្កើត «ផែនការសម្ងាត់» ដោយក្រុមមន្ដ្រីប្រតិបត្តិរបស់ក្រុមហ៊ុន Nissan ដែលសង្ស័យចំពោះផែនការរបស់លោកក្នុងការធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេស ជប៉ុន មួយនេះកាន់តែជិតស្និទ្ធជាមួយនឹងក្រុមហ៊ុន Renault ដែលជាក្រុមហ៊ុនផលិតរថយន្តបារាំងដែលជាដៃគូរបស់ខ្លួន។
ក្រុមព្រះរាជអាជ្ញាកំពុងស្វែងរកក្នុងការចោទប្រកាន់ថា លោក Ghosn បានផ្ទេរប្រាក់ប្រហែល ១៥ លានដុល្លារ ដែលជាមូលនិធិរបស់ក្រុមហ៊ុន Nissan ទៅឲ្យក្រុមហ៊ុនចែកចាយរថយន្តមួយនៅមជ្ឈិមបូព៌ា និងបានយកប្រាក់ប្រហែល ៥ លានដុល្លារសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោក។
ក្រុមហ៊ុន Nissan ខ្លួនឯងបានឲ្យដឹងថា ខ្លួនបានដាក់បណ្ដឹងព្រហ្មទណ្ឌប្រឆាំងអតីតប្រធានរបស់ខ្លួន «បន្ទាប់ពីកំណត់ថា ការទូទាត់នានាបានធ្វើឡើងដោយក្រុមហ៊ុន Nissan ទៅឲ្យក្រុមហ៊ុនលក់រថយន្តក្រៅប្រទេសតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដែលការពិតត្រូវបានដឹកនាំដោយលោក Ghosn សម្រាប់ការធ្វើមានបានផ្ទាល់ខ្លួនរបស់លោក និងមិនមានភាពចាំបាច់ឲ្យមានការសម្រេចចិត្តផ្នែកអាជីវកម្ម»។
ក្រុមអ្នកជំនាញជឿជាក់ថា ទាំងនេះគឺជាការចោទប្រកាន់ធ្ងន់ធ្ងរបំផុតរហូតមកដល់ពេលនេះ ប្រឆាំងនឹងលោក Ghosn៕ AFP/LA