
លោក សាន បុនីកា ស្ថាបនិកម៉ាស៊ីនដាំស្រូវ «អីុឡាយ» ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ កសិកម្ម គឺជាវិស័យជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។ ខណៈបច្ចុប្បន្នវិស័យនេះកំពុងឆ្ពោះទៅរកការធ្វើទំនើបកម្មនោះការបង្កើតឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងវិស័យនេះនឹងធ្វើឲ្យការប្រើប្រាស់កម្លាំងពលកម្មកាន់តែតិច ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។
លោក ហ៊ឹន ពិសី អ្នកយកព័ត៌មាន ភ្នំពេញប៉ុស្តិ៍បានជួប លោក សាន បុនីកា នាយកប្រតិបត្តិនៃសហគ្រាសសង្គមកសិកម្មឈ្លាសវៃ ដែលជាស្ថាបនិកបង្កើតឧបករណ៍ដាំដុះស្រូវឈ្មោះថា «អីុឡាយ» ដែលទើបនឹងទទួលបានពានរង្វាន់ពីរដ្ឋាភិបាលអាមេរិក ដើម្បីនិយាយពីអត្ថប្រយោជន៍នៃឧបករណ៍នេះ និងការស្វែងរកទីផ្សារ។
ហេតុអ្វីបានជាលោកបង្កើតឧបករណ៍នេះ ហើយវាមានតួនាទីដូចម្តេច?
វាគឺជាម៉ាស៊ីនដាំស្រូវដែលប្រើសម្ពាធខ្យល់ដើម្បីបាញ់គ្រាប់ស្រូវឲ្យចូលទៅក្នុងដី។ សម្រាប់ដីដែលមានទឹកលិចឧបករណ៍នេះអាចបាញ់គ្រាប់ស្រូវចូលបានជម្រៅប្រហែល ១ សង់ទីម៉ែត្រ និងសម្រាប់ដីស្ងួត វាអាចចូលបានរហូតចន្លោះពី ៣-៤ សង់ទីម៉ែត្រ។
ការបាញ់គ្រាប់ស្រូវចូលទៅក្នុងដីបែបនេះ អាចជួយកាត់បន្ថយការប្រើគ្រាប់ពូជ ដោយក្នុង ១ហិកតាប្រើអស់ពី ៣០ ទៅ ១០០ គីឡូក្រាម ខណៈតាមទម្លាប់កសិករប្រើគ្រាប់ពូជស្រូវពី ២០០ ទៅ ៣៥០ គីឡូក្រាមក្នុង១ហិកតា។
ជាកសិករមួយរូប ខ្ញុំដឹងច្បាស់ពីអ្វីដែលកសិករផ្សេងទៀតកំពុងត្រូវការ។ ការដាំស្រូវដោយប្រើវិធីសាស្រ្តបែបប្រពៃណី តែងត្រូវការពូជច្រើន កម្លាំងពលកម្មច្រើន ថ្នាំពុល និងជីគីមីច្រើន ពិសេសនឹងត្រូវជួបការលំបាកខ្លាំងនៅពេលដែលក្នុងស្រែមានទឹក ដែលនាំឲ្យពិបាកពេលយកពូជទៅសាបព្រោះ។ នេះជាហេតុផលជំរុញឲ្យខ្ញុំខិតខំរិះរកឧបករណ៍ដើម្បីដោះស្រាយការលំបាករបស់កសិករ។
តើសហគ្រាសសង្គមកសិកម្មឈ្លាសវៃបង្កើតពេលណា? ហើយចាប់ផ្តើមបង្កើតឧបករណ៍ អីុឡាយ ពេលណា?
សហគ្រាសសង្គមកសិកម្មឈ្លាសវៃត្រូវបានបង្កើតឡើងចុងឆ្នាំ ២០១៤ ដោយស្ថិតនៅក្រោមឆត្ររបស់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា Brooklyn Bridge to Cambodia (BB2C) ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដោយជនជាតិអាមេរិកលោកស្រី Paula Shirk ហើយ អីុឡាយ ជាឈ្មោះកូនស្រីរបស់គាត់។ BB2C ធ្វើការងារមនុស្សធម៌តាមរយៈការផ្តល់ស្នប់បូមទឹកដល់ប្រជាកសិករនៅតាមជនបទនៅកម្ពុជា។
ខ្ញុំបានចាប់ផ្តើមស្រាវជ្រាវឧបករណ៍នេះនាអំឡុងចុងឆ្នាំ ២០១៤ រហូតដល់ខែកក្កដា ឆ្នាំ ២០១៦ ទើបលេចចេញជារូបរាង។ គិតមកដល់ពេលនេះយើងផលិតបានជិត ៨០ គ្រឿងហើយបានលក់អស់ហើយ ខណៈការកុម្ម៉ង់ទិញនាពេលនេះមានប្រហែល២០គ្រឿងបន្ថែមទៀត។
សម្រាប់ប្រទេសកម្ពុជារហូតមកដល់នេះយើងបានធ្វើការចែកចាយទៅដល់ខេត្តក្រុងចំនួន១៥រួចហើយ ហើយខ្ញុំសង្ឃឹមថា នឹងអាចទៅដល់គ្រប់ខេត្តក្រុងនាពេលឆាប់ៗនេះ។
បច្ចុប្បន្នម៉ាស៊ីនដាំស្រូវនេះ កំពុងត្រូវបានគេយកទៅប្រើប្រាស់សាកល្បងនៅក្នុងប្រទេស ហ្វីលីពីន និងម៉ាឡេស៊ី ចំណែកប្រទេសក្នុងទ្វីបអាហ្រ្វិកដូចជា នីហ្សេរីយ៉ា និងប្រទេសឆាត កំពុងស្នើឲ្យយើងយកទៅសាកល្បងនៅទីនោះផងដែរ។
អីុឡាយ មានតម្លៃក្នុង ១ គ្រឿង ១ ១៤០ដុល្លារអាមេរិក ក្នុងនោះរដ្ឋាភិបាលអូស្ត្រាលី ឧបត្ថម្ភ ៣០ ភាគរយតាមរយៈកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា Cavac។
តើមានការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាពីការបង្កើតថ្មីនេះដែរទេ?
ដោយសារទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាកសិករ និងអ្នកវិនិយោគនោះ យើងតែងត្រូវបានថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការមួយចំនួនអញ្ជើញឲ្យទៅចូលរួមជាញឹកញាប់នៅពេលមានការតាំងពិព័រណ៍ទាក់ទងនឹងការដាំស្រូវ។
ខ្ញុំពិតជាមានមោទនភាពចំពោះការផ្តល់ឱកាសនេះដើម្បីផ្សព្វផ្សាយពីផលិតផលដែលជាការច្នៃប្រឌិតរបស់កូនខ្មែរ។
នៅពាក់កណ្តាលខែតុលាខាងមុខខ្ញុំនឹងត្រូវទៅចូលរួមក្នុងកិច្ចប្រជុំសន្និបាតស្រូវអង្ករអន្តរជាតិលើកទី ៥ ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីប្រទេសដែលដាំស្រូវទូទាំងពិភពលោក។
នៅពេលខាងមុខ តើលោកមើលឃើញពីអ្វីដែលត្រូវបង្កើតថ្មី?
បច្ចុប្បន្ននេះខ្ញុំមានគម្រោងបង្កើតនូវឧបករណ៍សម្រាប់បម្រើក្នុងវិស័យកសិកម្មចំនួន ២ ប្រភេទទៀត តែចំណុចនេះខ្ញុំសូមមិនទាន់ប្រាប់ឲ្យដឹងនោះទេ៕