ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ឌីជីថល និង​ផ្គាប់ចិត្ត​អតិថិជន​របស់​ខ្លួន ធនាគារ​ព្រីសន៍ ​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រួមគ្នា​នូវ​បណ្ណ​ឥណទាន និង​បណ្ណឥណពន្ធ ២ ​ប្រភេទ Mastercard និង Visa ដើម្បី​បង្កើន​បទពិសោធ​នៃ​ការទូទាត់​ជូន​អតិថិជន​របស់​ខ្លួន និង​ជា​សញ្ញា​បើកផ្លូវ​នៃ​ការទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ សម្រាប់​ពេលអនាគត​។

ការផ្លាស់ប្តូរ​ដ៏ធំ​នេះ​នឹង​ពង្រឹង​មូលដ្ឋាន​របស់ខ្លួន​នៅក្នុង​វិស័យ​ធនាគារ​ឌីជីថល ដែល​នឹង​បើកផ្លូវ​ដល់​ការទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​នៅ​ទូទាំង​ប្រទេស​។

ធនាគារ​ព្រីនស៍​ ដែល​ជា​ធនាគារ​ពាណិជ្ជ​ក្មេង​ជាងគេ​បាន​វិវត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដោយ​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​ត្រឹម​រយៈពេល​ជិត​ ២ ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អាចដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​យ៉ាង​ទូលំទូលាយ​ដូចជា Prince Bank App ជាពិសេស​ដាក់​ដំណើរការ​នូវ​កាត​ ២ ​ប្រភេទ​រួមគ្នា​គឺ​ Mastercard និង​​ Visa ដែលជា​ជំហាន​ថ្មី​មួយទៀត​ក្នុងការ​ចាប់យក​អតិថិជន​ក្នុង​ទីផ្សារ​ធនាគារ​។

បណ្ណ​ធនាគារ​ព្រីនស៍ ម៉ាស្ទ័រកាត និង​វីសា

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ព្រីនស៍ លោក Honn Sorachna មាន ប្រសាសន៍ថា​“ ធនាគារ​ព្រីនស៍ គឺជា​ធនាគារ​ដំបូងបង្អស់​ដែល​បើក​ដំណើរការ​បណ្ណ​ឥណទាន និង​បណ្ណឥណពន្ធ Visa និង Mastercard ក្នុង​រយៈពេល​មិន​ដល់​ ២ ​ឆ្នាំ​បន្ទាប់ពី​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ពេញលេញ​។ លោក​ថា «​យើង​ទន្ទឹងរង់ចាំ​ផ្តល់​សេវាកម្ម​ដែល​ធ្វើឱ្យ​បទពិសោធ​ធនាគារ​របស់​អតិថិជន​កាន់តែ​មាន​ភាពរលូន និង​ងាយស្រួល​ដោយ​ផ្តល់នូវ debit and credit cards នៅក្នុង​ប្រភេទ​ផ្សេងៗ​គ្នា​ដូចជា​កាត Standard, Classic, ឬ កាត Platinum»​។

ធនាគារ​ព្រីនស៍ ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១៨ បាន​ណែនាំ​បណ្ណ​ឥណទាន និង​បណ្ណឥណពន្ធ ដែល​ត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ចែកចេញជា ៨ ប្រភេទ​រួមមាន Mastercard Debit/Credit Standard, Mastercard Debit/Credit Platinum និង Visa Debit/Credit Classic, Visa Debit/Credit Platinum ដើម្បី​បំពេញ​តម្រូវការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ដែលមាន​ការវិវត្ត​ឥត​ឈប់ឈរ​នៃ​ការប្រើប្រាស់​។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ​តំណាងឱ្យ Mastercard និង Visa ភ្ញៀវកិត្តិយស​ពិសេសៗ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នៅ​ថ្ងៃទី​ ៣០ ខែកញ្ញា ដែល​បាន​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​ឈានមុខ​គេ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការអនុលោម​យ៉ាង​តឹងរ៉ឹង​នៃ​តម្រូវការ​គម្លាត​សង្គម​អំឡុងពេល​កូវីដ​១៩​។

ប្រធាន​នាយក​ប្រតិបត្តិ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ​ទទួល​បណ្ណ​សរសើរ​។

លោក Sorachna មាន​ប្រសាសន៍​ថា​ “​ធនាគា​ព្រីនស៍ មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​សហការ​ជាមួយ​ម៉ាស្ទ័រកាត និង​វីសា​ក្នុង​ការផ្តល់​នូវ​ការទូទាត់​គ្មាន​សាច់ប្រាក់​ដែល​សម​នឹង​គោលដៅ​របស់​យើង​ដើម្បី​ក្លាយជា​ធនាគារ​ឌីជីថល​ដែល​រីកចម្រើន និង​រីកចម្រើន​លឿន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​ឱកាស​បើកសម្ពោធ​នេះ ធនាគារ​ព្រីនស៍​ បាន​ធ្វើ​យុទ្ធនាការ​ពិសេស​ចំនួន​ ២ ​ដែល​ផ្តល់ជូន​អ្នកកាន់​កាត ព្រីនស៍​ម៉ាស្ទ័រ និង​កាត​វីសា​ទទួល​បាន​បញ្ចុះតម្លៃ​រហូត​ដល់ ៥០ ​ភាគរយ​ជា​រៀងរាល់​ថ្ងៃ​រាល់​ការទិញ​សំបុត្រ​កុន​ប្រភេទ 2D / 3D / VIP នៅ​គ្រប់​សាខា​ទាំងអស់​នៃ​រោងភាពយន្ត Major Cineplex និង​យុទ្ធនាការ​ទទួល​សាច់ប្រាក់​មកវិញ​ជាដើម​ដោយ​ក្នុងនោះ ការទូទាត់​តាម Mastercard នឹង​ទទួលបាន​សាច់ប្រាក់​ចំនួន ១ ដុល្លារ​ជាមួយ​នឹង​ការចំណាយ​អប្បបរមា ១០ ដុល្លារ​ក្នុង​វិក្កយបត្រ​តែមួយ​សម្រាប់​រាល់​ការទិញ​នៅ​តាម​ម៉ាស៊ីន​ឆូត​កាត​។ ​ចំនួន​ទឹកប្រាក់​ដែល​ឱ្យ​ត្រឡប់មក​វិញ​នឹងត្រូវ​បញ្ចូល​ទៅក្នុង​គណនី​របស់​អ្នក​កាន់​បណ្ណ​នៅ​សប្តាហ៍​ដំបូង​នៃ​ខែ​បន្ទាប់​។ លើសពីនេះ​អតិថិជន​អាច​ប្រើ​កាត​របស់​ពួកគេ​ដើម្បី​ទូទាត់​ថ្លៃទំនិញ​ និង​សេវាកម្ម​នៅ​ហាង​ទំនិញ​ជាង ៤៥ ០០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​ហើយ​នៅ​ហាង​ទំនិញ​ ៣១ ​លាន​កន្លែង​នៅ​ទូទាំង​ពិភពលោក​ដែល​មាន​រូប​សញ្ញា​ម៉ាស្ទ័រ និង​វីសា​។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ភ្ញៀវកិត្តិយស​ចូលរួម​កម្មវិធី​សម្ពោធ​បណ្ណ​ធនាគារ​ព្រីនស៍ ។

បច្ចុប្បន្ន ធនាគារ​ព្រីនស៍​មាន ៣១ សាខា គ្របដណ្តប់​ ២២ ខេត្ត​/​ក្រុង និង​មាន​ម៉ាស៊ីន ATM 49 និង​មាន​បុគ្គលិក​ជាង ១ ០០០ ​នាក់ ខណៈ​ធនាគារ​ក៏​គ្រោង​ពង្រីក​សាខា និង​ដាក់​ម៉ាស៊ីន​ ATM បន្ថែមទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់​។

សម្រាប់​ពាក្យស្នើសុំ Mastercard និង​ Visa អាច​ស្នើសុំ​បាន​នៅតាម​បណ្តា​សាខា​របស់​ធនាគារ​ព្រីនស៍ ឬ​ស្នើសុំ​ដោយផ្ទាល់​តាមរយៈ​កម្មវិធី Prince Bank App ដែល មាន​នៅលើ App Store និង Play Store​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.princebank.com.kh ឬ​ទំនាក់ទំនង​លេខ​ ១៨០០-២០-៨៨៨៨ (​ឥតគិតថ្លៃ​)៕