ក្រុងគូឡាឡាំពួៈ អង្គភាពឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍បានគំរាមពិន័យក្រុមហ៊ុន Grab ចំនួន ២១ លានដុល្លារពីបទការប្រតិបត្តិនានាដែលត្រូវបានចោទប្រកាន់ថា សំដៅកាត់បន្ថយការប្រកួតប្រជែងដែលជាបញ្ហាចុងក្រោយបំផុតសម្រាប់ក្រុមហ៊ុនហៅតាក់ស៊ីជិះនេះ។
ក្រុមហ៊ុន Grab គឺជាក្រុមហ៊ុនហៅតាក់ស៊ីជិះធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានពង្រឹងទីតាំងឈរជើងរបស់ខ្លួនក្នុងទីផ្សារនេះចាប់តាំងពីបានទិញយកប្រតិបត្តិការរបស់ Uber ដែលជាក្រុមហ៊ុនដៃគូប្រជែងអាមេរិកក្នុងតំបន់នៅឆ្នាំមុន។
ប៉ុន្តែក្រុមហ៊ុនដែលមានការិយាល័យកណ្ដាលនៅប្រទេសសិង្ហបុរីមួយនេះបានស្ថិតក្រោមការត្រួតពិនិត្យពីក្រុមនិយតករនៅក្នុងបណ្ដាប្រទេសមួយចំនួន ដោយសារតែការបារម្ភអំពីតួនាទីដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុន។
គណៈកម្មការប្រកួតប្រជែងម៉ាឡេស៊ី (MCC) បានស្នើដាក់ពិន័យក្រុមហ៊ុន Grab ចំនួនជិត ៨៧ លានរីងហ្គីត (២១ លានដុល្លារ) ពិបទរារាំងក្រុមអ្នកបើកបររបស់ខ្លួនមិនឲ្យផ្ដល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ដៃគូប្រកួតប្រជែងរបស់ក្រុមហ៊ុននេះ។
គណៈកម្មការនេះឲ្យដឹងថា ការណ៍នេះមានឥទ្ធិពលនៃ «ការធ្វើឲ្យខូចការប្រកួតប្រជែង» តាមរយៈការបង្កើតឧបសគ្គដល់ដៃគូប្រជែងរបស់ក្រុមហ៊ុន Grab»។
លោក Iskandar Ismail ប្រធានប្រតិបត្តិ MCC ថ្លែងថា៖ «ប្រការសំខាន់គឺថា ឧបសគ្គរារាំងការចូលទីផ្សារសម្រាប់ក្រុមហ៊ុនថ្មីៗនៅតែទាប និងទាបសម្រាប់ក្រុមហ៊ុនដែលមានស្រាប់ ដើម្បីមានសមត្ថភាពលូតលាស់ និងប្រកួតប្រជែងតាមសមត្ថភាព ដើម្បីធានាថាការប្រកួតប្រជែងអាចនៅតែមានភាពល្អប្រសើរ»។
លើសពីនេះការពិន័យប្រាក់ប្រចាំថ្ងៃ ១៥ ០០០ រីងហ្គីតនឹងត្រូវធ្វើឡើង បើក្រុមហ៊ុន Grab មិនបានចាត់វិធានការដោះស្រាយក្តីបារម្ភនៃការប្រកួតប្រជែងនេះ។
ក្រុមហ៊ុន Grab មានពេល ៣០ ថ្ងៃដើម្បីឆ្លើយតបអង្គភាពនេះ បន្ទាប់ពីសេចក្ដីសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើង។
ក្រុមហ៊ុន Grab បានឲ្យដឹងថា ខ្លួនអនុលោមពេញលេញតាមច្បាប់ប្រកួតប្រជែង និងមានការភ្ញាក់ផ្អើលចំពោះផាកពិន័យដែលស្នើឡើងនេះ៕ LA