ក្រុងគូឡាឡាំពួៈ ប្រទេស​ម៉ាឡេស៊ី​កំពុង​ព្យាយាម​បង្កើន​ការនាំ​ចេញ​ផលិតផល​ហាឡាល់​ទៅកាន់​ប្រទេស​ជប៉ុន មុន​ពិធី​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​ ២០២០ ​ខាង​មុខ​ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​អាហារ​ហាឡាល់ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ចាំបាច់​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ស្ថិត​ក្រោម​ច្បាប់​មូស្លីម​ស្រប​ទៅ​តាម​កំណើន​ចំនួន​ភ្ញៀវទេសចរ​មូស្លីម​ដែល​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​។

លោក Mohd Shahreen Zainooreen Madros នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Malaysia External Trade Development Corp បាន​ឲ្យ​ដឹង​ក្នុង​វេទិកា​ឧស្សាហកម្ម​មួយ​នាពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​គូឡាឡាំពួ​ថា ការ​នាំ​ចេញ​ផលិតផល​ហាឡាល់​របស់​ម៉ាឡេស៊ី​ទៅ​កាន់​ប្រទេស​ជប៉ុន​មាន​តម្លៃ ២,៦៧ ពាន់​លាន​រីងហ្គីដ (៦៩០ លាន​ដុល្លារ​) នៅ​ឆ្នាំ​ ២០១៦ កើនឡើង ២០,៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៥ ហើយ​ការនាំ​ចេញ​ផលិតផល​ទាំង​នោះ​នឹង​បន្ត​កើនឡើង​ក្នុង​សម្ទុះ​ប្រហាក់​ប្រហែល​គ្នា​នោះ​ដែរ​រហូត​ដល់​ឆ្នាំ ២០២០​។

អង្គភាព​ជំរុញ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​នាំ​ចេញ​ផលិតផល​ហាឡាល់​តម្លៃ ៤២,២ ពាន់​លាន​រីងហ្គីដ​ទៅ​បរទេស​ក្នុង​ឆ្នាំ ២០១៦ កើនឡើង ៧,១ ​ភាគរយ​ដោយ​ប្រទេស​ជប៉ុន​ជា​ទិសដៅ​នាំចេញ​ធំ​ជាង​គេ​ទី​ ៤ បន្ទាប់ពី​ប្រទេស​ចិន សិង្ហបុរី និង​សហរដ្ឋអាមេរិក​។

ក្រុមហ៊ុន​នានា​របស់​ម៉ាឡេស៊ី​បាន​និង​កំពុង​បង្កើត​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​នៅ​ប្រទេស​ជប៉ុន​រួម​មាន​ក្រុមហ៊ុន​ផលិត​អាហារ Food Japan Co របស់​ក្រុមហ៊ុន Brahim ក្រុមហ៊ុន Bunga Raya ដែល​ជា​ភោជនីយដ្ឋាន​មួយ​មាន​បម្រើ​ម្ហូបអាហារ​ម៉ាឡេស៊ី និង​ក្រុមហ៊ុន Manhattan Fish Market ដែល​ជា​ភោជនីយដ្ឋាន​បម្រើ​ម្ហូប​ហាឡាល់​ដែល​កំពុង​ប្រតិបត្តិការ​ទូទាំង​ពិភពលោក​។

ក្នុង​កិច្ចពិភាក្សា​មួយ​ក្នុង​អំឡុង​វេទិកា​នេះ​លោក Shinya Yokoyama ស្ថាបនិក​ក្រុមហ៊ុន Halal Media Japan ដែល​ជា​បណ្តាញ​ផ្តល់ព័ត៌មាន​ស្តីពី​ម្ហូប​ហាឡាល់​បាន​លើក​ឡើង​ថា ម្ហូប​ហាឡាល់​កំពុង​ត្រូវ​បាន​មើលឃើញ​កាន់តែ​ខ្លាំង​ថា​មាន​ទាក់ទង​នឹង​អាហារ​សុខភាព​ល្អ​នៅ​ជប៉ុន និង​បាន​ព្យាករ​ថា​អ្នក​ដំណើរ​មូស្លីម នឹង​ព្យាយាម​ដាក់​បញ្ចូល​ភោជនីយដ្ឋាន​ហាឡាល់​ក្នុង​កម្មវិធី​ធ្វើ​ដំណើរ​របស់​ខ្លួន​៕ BP