ក្រុង​គូឡាឡាំពួៈ ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ថ្ងៃចន្ទ​​​បាន​ដាក់​​​ពាក្យ​ប្តឹងចោទ​ប្រកាន់​ផ្នែក​​​​​ព្រហ្មទណ្ឌ​​ប្រឆាំង​នឹង​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ Goldman Sachs ​​របស់អាមេរិក និង​អតី​ត​បុគ្គលិក​ពីរ​នាក់​ក្នុង​ចំណោម​អតី​ត​បុគ្គលិក​​​របស់​ក្រុមហ៊ុននេះ​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​​ជុំ​វិញ​​មូល​និធិ​រដ្ឋ​ 1MDB។ នេះ​បើ​យោង​តាម​អាជ្ញា​ធរ​ម៉ាឡេស៊ី។

ការ​ដាក់​ប្តឹង​នេះ​ធ្វើឡើង​​​​​​ប្រឆាំង​នឹង​​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​​​របស់​ក្រុម​ហ៊ុន Goldman Sachs ​នៅ​ម៉ាឡេស៊ី និង​អតី​ត​បុគ្គលិក​​ពីរ​នាក់​គឺ​ឈ្មោះ Tim Leissner និង Ng Chong Hwa។ នេះ​​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​​ពី​អគ្គ​ព្រះ​រាជ​អាជ្ញា​​ម៉ាឡេស៊ី Tommy Thomas។

លោក Low Taek Jho ​​មន្រ្តី​ហិរញ្ញ​វត្ថុ​ម៉ាឡេស៊ី​ម្នាក់​ ​ដែល​​ត្រូវ​បា​ន​សង្ស័យ​ថា​បាន​ផ្តួ​ច​ផ្តើម​​​គំនិត​លួច​​​​លុយ​​រាប់​ពាន់​លាន​ដុល្លារ​​ពី​មូល​និធិ​​រដ្ឋ​នេះ​ ក៏​ទទួល​រងគ្រោះ​​ក្នុង​បណ្តឹង​​ថ្មី​នេះ​ផងដែរ​​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ។

ការ​ចោទ​ប្រកាន់​​នានា​ដែល​ថា ប្រាក់​ដ៏​ច្រើន​​ត្រូវ​បាន​លួច​ពី​​មូល​និធិ​​​នេះ​នៅ​ក្នុង​​ការ​ក្លែង​បន្លំ​​ដែល​​ពាក់​ព័ន្ធ​នឹង​​អតី​ត​មេ​ដឹក​នាំ​​ប្រទេស​ម៉ាឡេស៊ី​លោក Najib Razak ​និង​​ក្រុម​របស់​គាត់​ ​គឺ​ជា​​ផ្នែក​ដ៏​ធំ​មួយ​​​​ដែល​ធ្វើ​​ឲ្យ​រដ្ឋា​ភិបាល​របស់​លោក​​ចាញ់​ឆ្នោត​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​ឧសភា។

​​ក្រុម​ហ៊ុន Goldman គឺជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បំណូលដែល​​បោះ​ផ្សាយ​​​ដោយ​មូលនិធិ 1MDB ​​ក្នុង​ពេល ៣ ផ្សេង​គ្នា​ ដែលមានទឹក​ប្រាក់​សរុប ​៦,៥ ​ពាន់​លាន​​ដុល្លារ​ និង​​ទទួល​បាន​កម្រៃ​​ ៦០០ ​លាន​ដុល្លារ​​ពី​ការ​បោះ​ផ្សាយ​​​បណ្ណ​បំណុល​​នេះ។

លោក Thomas បាន​ថ្លែង​ថា​​ បណ្តឹងចោទ​ប្រកាន់​​កាលពី​​​​ថ្ងៃចន្ទ​​មាន​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ផ្សាយ​បណ្ណ​បំណុលទាំង​នេះ ដែល​បាន​កើត​ឡើង​ក្នុងអំឡុង​​ឆ្នាំ​២០១២ ​និង​២០១៣។ ​ប្រាក់​សរុប​ចំនួន ​២,៧ ​ពាន់​លាន​​ដុល្លារ​​ត្រូវ​បាន​កិប​កេង​​ពី​ការ​បោះផ្សាយ​​បណ្ណ​បំណុល​ទាំង​នេះ។

លោក Leissner និង​លោក Ng ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​រួច​ហើយ​នៅ​​សហរដ្ឋ​អាមេរិក​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ​ ​បាន​ឃុប​ឃិត​ជា​មួយ​លោក​ Jho និងមនុស្ស​ដទៃ​ៗ​ទៀត​ ​ដើម្បី​សូក​ប៉ាន់​​មន្រ្តី​ម៉ាឡេស៊ី​​ឲ្យ​ធានា​ថា ក្រុម​ហ៊ុន Goldman ត្រូវ​បាន​ជ្រើស​រើស​​ឲ្យ​ធ្វើ​ការ​ងារ​លើការ​បោះ​ផ្សាយ​​បណ្ណ​បំណុល​នោះ។ នេះ​​បើ​យោង​តា​ម​សេចក្តី​ថ្លែង​ការណ៍៕ AFP/PS ​