ក្រុងគូឡាឡាំពួៈ អង្គភាព​ឃ្លាំ​មើល​ការប្រកួត​ប្រជែង​របស់​ប្រទេស​ហ្វីលីពីន បាន​​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​កំពុង​ពិនិត្យ​មើលថា តើ​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន Uber Technologies លក់​អាជីវកម្ម​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទៅ​ឲ្យ​ក្រុមហ៊ុន Grab ដែល​ជា​គូប្រកួត​ប្រជែង​របស់​ខ្លួន​នឹង​កាត់បន្ថយ​ការប្រកួត​ប្រជែង​ខ្លាំង​ឬ​យ៉ាង​ណា​។

គណៈកម្មាធិការ​ប្រកួត​ប្រជែង​ហ្វីលីពីន (PCC) បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​៖ «​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន Uber ទំនង​ជា​មាន​ផលប៉ះពាល់​ខ្លាំង​លើ​សេវា​ហៅ​រថយន្ត​តាក់ស៊ី​ជិះ និង​សេវា​ដឹកជញ្ជូន​។ ដូច្នេះ​ហើយ​គណៈកម្មាធិការ PCC កំពុង​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​នេះ​យ៉ាង​ហ្មត់ចត់​»​។

ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ​ថា ខ្លួន​នឹង​ពិនិត្យ​តាមដាន​ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​រថយន្ត​តាក់ស៊ី​ជិះ Grab ចំពោះ​ឥរិយាបថ​ប្រឆាំង​នឹង​ការប្រកួត​ប្រជែង​ពោល​គឺថា​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន Uber ដែល​ទទួល​យក​ភាគហ៊ុន​ចំនួន ២៧,៥ ភាគរយ​ក្នុង​ក្រុមហ៊ុន Grab ជា​ថ្នូរ​នឹង​ការលក់​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អង្គភាព​ឃ្លាំមើល​ការប្រកួតប្រជែង​របស់​ប្រទេស​សិង្ហបុរី​ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​កំពុង​ស៊ើបអង្កេត​ពី​ការរំលោភ​ច្បាប់​ប្រកួតប្រជែង​ដែល​ត្រូវ​បាន​សង្ស័យ​។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ប្រកួត​ប្រជែង​របស់​ប្រទេស​ម៉ាឡេស៊ី​នឹង​អង្កេត​មើល​ក្រុមហ៊ុន Grab ជាពិសេស បើ​ក្រុមហ៊ុន​នេះ​អនុវត្ត​ការធ្វើ​អាជីវកម្ម​ដោយ​មិន​ស្មើភាព ឬ​ដំឡើង​តម្លៃ​សេវា​ដឹកជញ្ជូន​ភ្លាមៗ​។

លោកស្រី Nancy Shukri ដែល​គ្រប់គ្រង​អាជ្ញាធរ​ផ្តល់​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​សាធារណៈ​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹងថា​៖ «​យើង​នឹង​មិន​ព្រងើយ​ចំពោះ​បញ្ហា​នេះ​នោះ​ទេ​។ យើង​នឹង​ពិនិត្យ​តាមដាន​បញ្ហា​នេះ​ពីព្រោះ​វា​នៅ​ថ្មីៗ​នៅ​ឡើយ ហើយ​យើង​ពុំ​ទាន់​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅពេល​បន្ទាប់​»​។

ដោយ​សំដៅ​លើ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​តំណាង​ក្រុមហ៊ុន Grab កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​លោកស្រី Nancy បាន​បញ្ជាក់​ថា​៖ «​យើង​បាន​បញ្ជាក់​ថា បើ​មាន​ឥរិយាបថ​ប្រឆាំង​នឹង​ការប្រកួតប្រជែង​នោះ​ច្បាប់​ប្រកួតប្រជែង​នឹង​ចូល​ជា​ធរមាន​។ យើង​បាន​ពន្យល់​ច្បាស់លាស់​ពី​បញ្ហា​នេះ​ដល់​ពួកគេ​ហើយ​»​។

ក្រុមហ៊ុន Uber និង​ក្រុមហ៊ុន Grab បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ដោយ​បាន​លើកឡើង​ពី​ការដក​ខ្លួន​ជា​លើក​ទី​ ២ ​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ពី​ទីផ្សារ​អាស៊ី​។ កន្លង​មក​ក្រុមហ៊ុន Uber បាន​លក់​ចោល​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ប្រទេស​ចិន​។

លោកស្រី Nancy បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Grab ដែល​មាន​តម្លៃ​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​បាន​ផ្តល់​ការធានា​ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ថា​នឹង​មិន​មាន​ការ​កំណត់​តម្លៃ​ដោយ​មិន​ស្មើភាព​នោះទេ ហើយ​ក្រុមហ៊ុន​របស់​ខ្លួន​ក៏​នឹងមិន​ដំឡើង​ថ្លៃ​នៅពេល​នេះដែរ​។

ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋមន្ត្រី​រូបនេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ការច្របាច់​បញ្ចូល​គ្នា​នូវ​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​មិន​បាន​ផ្លាស់ប្តូរ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ក្រុមហ៊ុន Grab ក្នុងការ​ប្រែក្លាយ​អ្នកបើក​បររថយន្ត​តាក់ស៊ី​ជាង ៦៧ ០០០ នាក់​នៅ​ទូទាំង​ប្រទេស​ឲ្យ​ទៅ​ប្រើប្រាស់​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​នោះ​ទេ​។

អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​ជិត ១៤ ០០០ ​នាក់​បច្ចុប្បន្ន​បាន​ប្រើប្រាស់​មួយ​ផ្នែក ឬ​ទាំង​ស្រុង​នូវ​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​នេះ ហើយ​រដ្ឋាភិបាល​នឹង​បន្ត​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Grab ដើម្បី​ជំរុញ​ឲ្យ​អ្នក​បើកបរ​កាន់តែ​ច្រើន​​ប្រើប្រាស់​កម្មវិធី​នេះ​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា​៖ «​នេះ​គឺជា​ផលប្រយោជន៍​របស់​ឧស្សាហកម្ម​រថយន្ត​ឈ្នួល​ដែល​មាន​ជាយូរ​មក​ហើយ​។ ទន្ទឹម​នឹង​នោះ​ដែរ​ក្រុមហ៊ុន Grab ត្រូវការ​ជំនួយ​របស់​យើង ហើយ​យើង​នៅ​ទី​នោះ​ដើម្បី​ជួយ​ពួកគេ​ផង​ដែរ​»៕ BP