ក្រុងម៉ិកស៊ីកូៈ ប្រទេស​ ម៉ិកស៊ិក​ កាលពី​ថ្ងៃ​សៅរ៍​បាន​ច្រានចោល​ការប៉ុនប៉ង ដែល​ធ្វើឡើង​នៅក្នុង​សភា​របស់​អាមេរិក​ដែល​នឹង​បញ្ជូន​មន្ត្រី​អធិការកិច្ច​អាមេរិក​ឲ្យ​ទៅ​ត្រួត​ពិនិត្យមើល​ក្នុង​រោងចក្រ​របស់​ប្រទេស​ម៉ិកស៊ិក ដើម្បី​ធានាថា ម៉ិកស៊ិក​គោរព​បទប្បញ្ញត្តិ​ការពារ​កម្មករ​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ខាងជើង​ថ្មី​។

ជា​ផ្នែក​មួយ​នៃ​ការផ្តល់​សច្ចាប័ន​របស់​អាមេរិក​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហដ្ឋ​អាមេរិក-កាណាដា-ម៉ិកស៊ិក (USMCA) ក្រុម​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភា​បានស្នើ​ឲ្យ​មាន​ការចាត់តាំង​មន្ត្រី​ការងារ​អាមេរិក​ចំនួន​ ៥ ​នាក់​ឲ្យ​ទៅពិនិត្យ​មើល​ការអនុលោម​តាមច្បាប់​នៅ​ប្រទេស​ម៉ិកស៊ិក​។

ព្រឹទ្ធសភា​ក្នុង​ទីក្រុង​ម៉ិកស៊ិក​បាន​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ថ្មី​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បន្ទាប់ពី​មាន​ការចរចា​ដ៏តានតឹង​អស់​រយៈពេល​ ២ ​ឆ្នាំ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន និង​ក្រុង​អូតាវ៉ា​។

លោក Jesus Seade មេដឹកនាំ​ក្រុម​អ្នកចរចា​របស់​ម៉ិកស៊ិក​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា ខណៈ​ដែល​សំណើ​ច្បាប់​អាមេរិក​ភាគច្រើន​ស្រប​តាម​ការរំពឹងទុក​នោះ សំណើ​ច្បាប់​សម្រាប់​មន្ត្រី​អធិការកិច្ច​ការងារ​មិនមែន​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ ៣ ​បាន​ចុះហត្ថលេខា​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុននេះ​ទេ​។

លោក​ថ្លែងថា សម្រាប់​ហេតុផល​ជា​ភស្តុតាង ប្រទេស​ម៉ិកស៊ិក​មិន​ត្រូវបាន​ប្រឹក្សា​អំពី​បទប្បញ្ញត្តិ​នោះទេ​។

លោក Seade ដែលជា​អនុរដ្ឋមន្ត្រី​របស់​ប្រទេស​ម៉ិកស៊ិក​ទទួលបន្ទុក​អាមេរិក​ខាងជើង​បាន​ថ្លែងថា លោក​បានលើក​ឡើង​ពី​បញ្ហា​នេះ​ជាមួយ​លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ហើយ​លោក​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដើម្បី​ប្រឹក្សា​ជាមួយ​សមាជិកសភា​របស់​អាមេរិក​។

លោក​មានប្រសាសន៍​បន្ត​ថា ស្ថិតក្រោម​ច្បាប់​របស់​ម៉ិកស៊ិក មន្ត្រី​របស់​សហរដ្ឋ​- អាមេរិក​មិន​មាន​ករណី​ណាមួយ​ដែល​អាច​មាន​អំណាច​ធ្វើ​អធិការកិច្ច​នៅក្នុង​ប្រទេស​ម៉ិកស៊ិក​ឡើង​៕ KC