ក្រុង​ម៉ិកស៊ិកៈ ប្រទេស ​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ពុធ​​​បាន​ផ្ដល់​សច្ចាប័ន​​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ខាង​ជើង​​​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​​ប្រទេស​ទី១ ​​ក្នុង​ការ​ផ្ដល់​ការ​អនុម័ត​ចុង​ក្រោយ​​ដល់​​កិច្ច​ព្រមព្រៀង​នេះ​ ​ទោះ​បី​ជា​មាន​​​ភាព​តានតឹង​នៅ​ពេល​ថ្មីៗ​ជាមួយ​អាមេរិក​ក៏​ដោយ​។​

កិច្ច​ព្រមព្រៀង​រវាង​​អាមេរិក ម៉ិកស៊ិក និង​កាណាដា (USMCA) ត្រូវ​បាន​អនុម័ត​នៅ​​ក្នុង​ព្រឹទ្ធសភា​​​ម៉ិកស៊ិក​ជាមួយ​នឹង​សំឡេង​​គាំទ្រ ​​១១៤ ​សំឡេង​ និង​​ប្រឆាំង ​៤ សំឡេង ដែល​បញ្ជូន​​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា «​ជាសារ​ដ៏​ច្បាស់​លាស់​មួយ​គាំទ្រ​សេដ្ឋកិច្ច​បើក​ចំហ​ និង​​ការ​​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ស៊ីជម្រៅ​​នៅ​ក្នុង​តំបន់​នេះ​»។​

លោក​​ Andres Manuel Lopez Obrador ប្រធានាធិបតី​​​ម៉ិកស៊ិក​បាន​ថ្លែង​ថា៖ «​​នេះ​មាន​ន័យ​ថា ​ការ​វិនិយោគ​បរទេស​នៅ​​​​ប្រទេស ​ម៉ិកស៊ិក​ ការងារ​នៅ​ក្នុង​ប្រទេស ​ម៉ិកស៊ិក​ ​មាន​លទ្ធភាព​ចូល​ទៅ​ទីផ្សារ​អាមេរិក​សម្រាប់​ផលិតផល​របស់​យើង​»។​

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ (NAFTA)​ ដែល​កិច្ច​ព្រមព្រៀង​ជំនាន់​មុន​របស់​កិច្ច​ព្រមព្រៀង USMCA បាន​ជួយ​​​ប្រែក្លាយ​ប្រទេស​នេះ​ទៅ​ជា​​ប្រទេស​មហា​អំណាច​នាំចេញ​​ក្នុង​រយៈពេល ​២៥ ​ឆ្នាំ​។​

ប្រទេស​ទាំង ៣ ​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ​កាល​ពី​ថ្ងៃទី ​៣០ ​ខែ វិច្ឆិកា ឆ្នាំ​មុន​ បន្ទាប់​​មាន​ការ​ចរចា​ដ៏​តឹងតែង​អស់​​រយៈពេល ១ ឆ្នាំ៕ AFP/LA