The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ូណាកូ ​ក្លាយ​ជា​ប្រទេស​មាន 5G របស់ Huawei ដំបូង​គេ​នៅ​អឺរ៉ុប

ម៉ូណាកូ ​ក្លាយ​ជា​ប្រទេស​មាន 5G របស់ Huawei ដំបូង​គេ​នៅ​អឺរ៉ុប

Content image - Phnom Penh Post
ប្រទេស ​ម៉ូណាកូ ក្លាយ​ជា​ប្រទេស​មាន 5G របស់ Huawei ដំបូង​គេ​នៅ​អឺរ៉ុប។ AFP

ម៉ូណាកូ ​ក្លាយ​ជា​ប្រទេស​មាន 5G របស់ Huawei ដំបូង​គេ​នៅ​អឺរ៉ុប

ក្រុង​ប៉ារីសៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei​ បាន​សាងសង់​បណ្តាញ​ទូរស័ព្ទ​ចល័ត​បច្ចេកវិទ្យា​ជំនាន់​ទី៥ (5G) ក្នុង​ប្រទេស ​ម៉ូណាកូ ដែល​ធ្វើ​ឲ្យ​បុរី​រដ្ឋ​ឯករាជ្យ​ដែល​មាន​ទីតាំង​​ស្ថិត​នៅ​តំបន់​ឆ្នេរ French Rivera របស់​បារាំង​នេះ​ក្លាយជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ​ដែល​គ្រប់​ដណ្តប់​ពេញ​លេញ​ដោយ​បច្ចេកវិទ្យា 5G។

លោក Xavier Niel ម្ចាស់​ក្រុមហ៊ុន​ប្រតិបត្តិការ​បណ្តាញ​បច្ចេកវិទ្យា 5G ក្នុង​ប្រទេស​នេះ បាន​ឲ្យ​ដឹង​​កាល​ពី​​​​ថ្ងៃ​អង្គារ​ថា៖ «ក្រុមហ៊ុន​ Monaco Telecom មាន​បច្ចេកវិទ្យា 5G គ្រប​ដណ្តប់​ពេញ​ផ្ទៃ​ប្រទេស! ល្បឿន​​លឿន​ខ្លាំង ១,៤ ជីហ្កាបៃ។ 5G រួម​បញ្ចូល​កញ្ចប់​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​ទាំង​អស់»។

លោក Frederic Genta គណៈប្រតិភូ​អន្តរ​នាយកដ្ឋាន​របស់​ប្រទេស ​ម៉ូណាកូ​ ទទួល​បន្ទុក​អន្តរកាល​ឌីជីថល បាន​ស្វាគមន៍​ «ការ​ផ្លាស់​ប្តូរ​ដ៏​ប្រសើរ» នេះ​ដោយសារ​បណ្តាញ​​ទូរស័ព្ទ​ចល័ត 5G ដែល​មាន​មូលដ្ឋាន​​លើ​បច្ចេកវិទ្យា​មក​ពី​ក្រុមហ៊ុន Huawei របស់​ប្រទេស ​ចិន ​នេះ។

លោក​ថ្លែង​ថា៖ «បច្ចេកវិទ្យា 5G គឺ​ជា​ការ​សន្យា​ផ្តល់​​គុណភាព​ជីវិត​ដ៏​ប្រសើរ​មួយ​សម្រាប់​គ្រប់​ឱកាស​ទាំង​អស់ និង​ឱកាស​​​ពិសេស​ៗ។ វា​អាច​សម្របសម្រួល​ជីវិត​ទៅ​នឹង​តម្រូវ​ការ​របស់​យើង»។

សម្រាប់​អនុប្រធាន​ក្រុមហ៊ុន Huawei លោក Guo Ping ការ​ដាក់​ពង្រាយ​បណ្តាញ​ថ្មី​នេះ​ក្នុង​ប្រទេស ម៉ូណាកូ គឺ​ជា​ឱកាស​ដ៏​ធំ​មួយ បើទោះ​ជា​វា​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​តូច​ក្តី។

លោក Guo ត្រូវ​បាន​ដក​ស្រង់​សំដី​​​​ថា៖ «ម៉ូណាកូ គឺ​ជា​ប្រទេស​ដែល​មាន​ដែន​ដី​តូច​មួយ ដែល​​បង្កើត​​បាន​ជា​ច្រក​ចូល​​មួយ​ក្នុង​​តំបន់​មួយ​ចំនួន ហើយ​អាច​បម្រើ​ជា​គំរូ​មួយ​សម្រាប់​ប្រតិបត្តិករ​ និង​រដ្ឋ​ផ្សេង​​ទៀត»៕ People's Daily/KC

អត្ថបទគួរចាប់អារម្មណ៍