ភ្នំពេញៈ ក្រុមហ៊ុន Oyika Pte Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​មកពី​ប្រទេស​សិង្ហបុរី និង​ក្រុមហ៊ុន Thada គ្រប់គ្រង​ដោយ​វិនិយោគិន​ម៉ាឡេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ ដើម្បី​ចែកចាយ​ម៉ូតូ​អគ្គិសនី ១ ០០០ ​គ្រឿង​ នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំនេះ ដើម្បី​រួមចំណែក​គោលនយោបាយ​បៃតង​របស់​រដ្ឋាភិបាល​។

កិច្ចព្រមព្រៀង​នេះ​បាន​ចុះ​ហត្ថលេខា​រវាង​លោក Carl Wong ប្រធាន​ក្រុមហ៊ុន Oyika និង​លោក Syaiful Hassan Nodin នាយក​គ្រប់គ្រង​ក្រុមហ៊ុន Thada កាលពី​ថ្ងៃទី​ ៣១ ខែមីនា​ សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​ទៅក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ ពួកគេ​នឹង​ពង្រីក​សេវា​ចែកចាយ​អាគុយ​របស់​ពួកគេ​ដល់​សហគមន៍​ជនបទ​នៅ​កម្ពុជា​ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​ជាមួយ​ការប្រើ​ម៉ូតូ​អគ្គិសនី និង​ទប់ស្កាត់​ការប្រើប្រាស់​ចំនួន​ម៉ូតូ​ដែលមាន​ម៉ាស៊ីន​ចំហេះ​ (ICE)​។

ក្រុមហ៊ុន​ទាំង​ ២ ​កំពុង​រៀបចំ​ផែនការ​ពង្រីក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជា​ទីផ្សារ​មួយ​មាន​ម៉ូតូ​ប្រមាណ ២៥០ ​លាន​គ្រឿង​។ ជាមួយគ្នា​នោះ​ក្រុមហ៊ុន Oyika បាន​ដាក់​ឱ្យ​ដំណើរការ​ការិយាល័យ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែតុលា ឆ្នាំមុន​។

ក្រុមហ៊ុន Thada គ្រោង​នឹង​ចែកចាយ​ម៉ូតូ​អគ្គិសនី​រហូតដល់ ១ ០០០ ​គ្រឿង​ នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំនេះ​។ ក្រោម​កិច្ចព្រមព្រៀង​នេះ​ក្រុមហ៊ុន Oyika ​នឹង​ផ្តត់ផ្គង់​ម៉ូតូ​ដំបូង ១០០ ​គ្រឿង​ មក​កម្ពុជា​ជាមួយ​ការប្រើប្រាស់​ម៉ូតូ​របស់​ក្រុមហ៊ុន Oyika ស្ថិតក្រោម​យីហោ​ G02​។ ម៉ូតូ​នេះ​ត្រូវ​រំពឹងថា នឹង​ដាក់ឱ្យ​ដំណើរការ​ត្រឹម​ខែកក្កដា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

លោក Syaiful Hassan Nodin ថ្លែងថា​៖ «​យើង​រីករាយ​អំពី​ឱកាស​នៃ​ការប្រើប្រាស់​ម៉ូតូ​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​»​។ លោក​បន្តថា​៖ «​មាន​ម៉ូតូ​ជិត​ ៣ ​លាន​គ្រឿង​នៅ​កម្ពុជា ហើយ​ក្នុងចំណោម​ម៉ូតូ​ទាំងនោះ​មាន​ប្រហែល​ ២-៣ ​ពាន់​គ្រឿង​ប៉ុណ្ណោះ​ជា​ម៉ូតូ​អគ្គិសនី​។ ជាមួយ​ប្រព័ន្ធ​ផ្លាស់ប្តូរ​អាគុយ​របស់​ក្រុមហ៊ុន Oyika យើង​ជឿថា អ្នកជិះ​ម៉ូតូ​នឹង​ផ្លាស់ប្តូរ​ទៅ​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​វិញ​ជាក់​ជាមិនខាន​»​។

លោក Carl Wong ប្រធាន​ក្រុមហ៊ុន Oyika បានឱ្យដឹងថា នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ដង់ស៊ីតេ​ម៉ូតូ​ខ្ពស់បំផុត​នៅលើ​ពិភពលោក និង​តិចជាង​ ០,១ ​ភាគរយ​ក្នុងចំណោម​ម៉ូតូ​ទាំងនោះ​គឺជា​ម៉ូតូ​អគ្គិសនី​។ លោក​បន្តថា​៖ «​យើង​សម្លឹង​ឃើញថា មាន​សក្ដានុពល​កើនឡើង​យ៉ាងខ្លាំង ហើយ​ក៏​ជា​តំបន់​ដែល​យើង​អាចមាន​ឥទ្ធិពល​លើ​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន និង​ដើរតួនាទី​ក្នុង​ការចូលរួម​ចំណែក​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។

ក្រុមហ៊ុន Oyika បានដាក់​ពង្រាយ​បណ្ដាញ​ប្រព័ន្ធ​បញ្ចូល​អាគុយ​ចំនួន​ ១១ ​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ដំណោះស្រាយ​ផ្លាស់ប្តូរ​អាគុយ ២ នៃ​បញ្ហា​ដែល​ម៉ូតូ​អគ្គិសនី​ប្រឈម​គឺ​បញ្ហា​ពេលវេលា​បញ្ចូល​អាគុយ និង​បញ្ហា​នៃ​ការផ្លាស់ប្តូរ​។ ដោយមាន​ប្រព័ន្ធ​របស់​ក្រុមហ៊ុន Oyika អ្នកជិះ​អាច​បញ្ចូល​អាគុយ​អស់​ថាមពល សម្រាប់​អាគុយ​ថ្មី​ ១ ក្នុង​រយៈពេល​ ៦០ ​វិនាទី​។ នេះ​ប្រៀបធៀប​នឹង​រយៈពេល​រហូតដល់​ ៨ ​ម៉ោង​នៃ​ពេលវេលា​បញ្ចូល​ថាមពល​របស់​អាគុយ​ទឹក​។

ម៉ូតូ​ប្រើប្រាស់​សាំង​នីមួយៗ​នៅលើ​ផ្លូវថ្នល់ ដែល​ជំនួស​ដោយ​ម៉ូតូ​អគ្គិសនី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ចំនួន ១ ​តោន​ក្នុង​ ១ ​ឆ្នាំ​ដែល​ស្មើនឹង​ការដាំដុះ​ដើមឈើ​បាន​ចំនួន​ ១៦,៥ ​ដើម​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក​។

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៩ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​យានយន្ត​ចុះបញ្ជី​ជាង ៥ ​លាន​គ្រឿង​នៅ​កម្ពុជា​។

នៅក្នុង​ចំណោម​យានយន្ត​ទាំងនេះ ៨៥ ​ភាគរយ​គឺជា​ម៉ូតូ​ក្នុង​ចំនួន​នោះ​ម៉ូតូ​អគ្គិសនី​មាន​ចំនួន​តិចជាង ០,១ ​ភាគរយ​។ កាលពី​ឆ្នាំមុន យានយន្ត​ថ្មី​ចំនួន ៦៤០ ១៨៣ ​គ្រឿង​បាន​ចុះបញ្ជី​ក្នុង​ចំណោម​នោះ​ម៉ូតូ​មាន​ចំនួន​ ៥៣១ ២៦៩ ​គ្រឿង​៕LA