
ភ្នំពេញៈ ក្រុមហ៊ុន ម៉ែន សារុន បានវិនិយោគទឹកប្រាក់១០លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកផលិតភាពរោងម៉ាស៊ីនកិនស្រូវរបស់ខ្លួនដើម្បីឆ្លើយតបតាមតម្រូវការកើនឡើងនៃអង្ករក្រអូបកម្ពុជាក្នុងទីផ្សារ អន្តរជាតិ។
លោក ជួន កុល អគ្គនាយករងក្រុមហ៊ុន ម៉ែន សារុន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ទឹកប្រាក់៣,៥ លានដុល្លារនឹងត្រូវចំណាយ ក្នុងការបង្កើនខ្សែចង្វាក់ផលិតកម្ម មានដូចជា ការដំឡើងម៉ាស៊ីនកិនស្រូវថ្មីមួយបន្ថែមទៀតដែលមានសមត្ថភាព កិនស្រូវ ២៥តោនក្នុងមួយម៉ោងឡសម្ងួតស្រូវដែលអាចសម្ងួតបាន៤០០តោន ក្នុងមួយថ្ងៃ និងម៉ាស៊ីនប៉ូលាអង្ករបាន២៥តោនក្នុងមួយម៉ោង។
បន្ថែម ពីនេះ ឃ្លាំងស្កុកស្រូវទំហំ១ម៉ឺនការ៉េនឹងត្រូវសង់ឡើងលើផ្ទៃដី២ហិកតាជាផ្ទៃដីពង្រីកបន្ថែមពីលើរោងម៉ាស៊ីនក្រុមហ៊ុន ម៉ែន សារុនដែលមានស្រាប់នៅតាមបណ្តាយផ្លូវជាតិលេខ៥ [ព្រែកព្នៅ]។
ចំណែកឯទឹកប្រាក់ជាង៦លានដុល្លារទៀត ត្រូវបាន លោក ជួន កុល ឲ្យដឹងថានឹងត្រូវប្រើជាទុនសម្រាប់បង្វិលទិញស្រូវពីកសិករ ពីខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង។
លោកមានប្រសាសន៍ថា៖ «ស្រូវអង្ករយើងត្រូវបរទេសចាប់អារម្មណ៍ច្រើន តម្រូវការ គេកាន់តែកើន ដូច្នេះយើងត្រូវបង្កើនការផលិតបន្ថែមដើម្បីបំពេញតាមតម្រូវការ។ វាចេះតែកើន»។ លោកថា ការវិនិយោគនេះជាការត្រៀមខ្លួនសម្រាប់គោលដៅនាំចេញអង្ករឲ្យបាន មួយលានតោនឆ្នាំ២០១៥ដែលកំណត់ដោយរដ្ឋាភិបាល។
បច្ចុប្បន្ន ដំណើរការដំឡើងគ្រឿងម៉ាស៊ីនទាំងនេះបានរួចរាល់ប្រហែល៨០ភាគរយ ហើយនឹងដំណើរសាកល្បងប្រើប្រាស់នៅដើមខែមេសាខាងមុខនេះ។
បើ តាមលោក ជួន កុល ក្រុមហ៊ុន ម៉ែន សារុន កាលពីឆ្នាំ២០១៣ នាំអង្ករចេញបាន៥ពាន់តោនដែលភាគច្រើនទៅហុងកុងនិងទៅអឺរ៉ុប។ ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុនគ្រោងនាំចេញអង្ករឲ្យបាន១ម៉ឺនតោនក្នុងឆ្នាំ២០១៤។
លោក កាន់ គន្ធី នាយកប្រតិបត្តិនៃក្រុមហ៊ុន Battambang Rice Investment ដែលផ្តោតលើការនាំចេញអង្ករក្រអូបដែរនោះ និយាយថា គោលដៅនាំអង្ករក្រអូបឲ្យបានមួយម៉ឺនតោនរបស់ក្រុមហ៊ុន ម៉ែន សារុន ទំនងមិនអាចទៅរួចទេ ព្រោះអង្ករកម្ពុជាកំពុងប្រឈមនឹងការប្រកួតប្រជែងពីទីផ្សារ អង្ករក្រអូបថៃដល់១០លានតោនក្នុងស្តុក។
អង្ករក្រអូបផ្កា ម្លិះរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីទីផ្សារអន្តរជាតិខ្លាំង បន្ទាប់ពីទទួលបានពានរង្វាន់ជាអង្ករឆ្ងាញ់ជាងគេរបស់ពិភពលោក ពីរឆ្នាំជាប់ៗគ្នា លើកទីមួយនៅឆ្នាំ២០១២ នៅប្រទេសឥណ្ឌូនេស៊ី និងលើកទីពីរនៅទីក្រុងហុងកុងឆ្នាំ២០១៣។
របាយការណ៍ពី ក្រសួងកសិកម្មបង្ហាញថា រយៈពេលមួយខែដំបូងនៃឆ្នាំ២០១៤នេះ កម្ពុជានាំចេញអង្ករសរុបបានចំនួន២១ ៥៣៦ តោនទៅទីផ្សារអន្តរជាតិ៕