
កញ្ញា អេលីត សិទ្ធិថាវរ៉ាត់ ម្ចាស់ភោជនីយដ្ឋាន គុយទាវទូក និងជាចៅក្រមក្នុងកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបអន្តរជាតិ Master Chef Khmer ដែលបានផ្តល់បទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍។ ហេង ជីវ័ន
ភ្នំពេញៈ គំនិតនៃការបើកអាជីវកម្មភោជនីយដ្ឋាន បានកើតឡើងក្នុងចិត្តរបស់ កញ្ញា អេលីត សិទ្ធិថាវរ៉ាត់ ចាប់តាំងពីកញ្ញានៅវ័យក្មេង ដោយសារតែការចេញញ៉ាំអាហារនៅក្រៅផ្ទះជាចំណង់ចំណូលចិត្តរបស់កញ្ញា។
ការសាកល្បងភ្លក្សអាហារ នៅក្នុងភោជនីយដ្ឋានផ្សេងគ្នាថ្មីៗ គឺជាផ្នែកមួយនៃការងារធម្មតារបស់កញ្ញា ហើយ ដោយសារតែការងារនោះ បានធ្វើឲ្យ សិទ្ធិថាវរ៉ាត់ ទទួលបានគំនិតថ្មីៗជាច្រើន នៃការចម្អិនអាហារ និងអាចប្រៀបធៀបរសជាតិអាហារប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញចិត្តអតិថិជន។
កញ្ញា អេលីត សិទ្ធិថាវរ៉ាត់ មានអាយុ ២៩ ឆ្នាំ គឺជាអ្នកគ្រប់គ្រងរួមភោជនីយដ្ឋាន គុយទាវទូក ដែលមានសាខា ៣ នៅទីក្រុងភ្នំពេញ និងត្រូវបានល្បីជាសាធារណៈនាពេលថ្មីៗ បន្ទាប់ពីកញ្ញាបានក្លាយជាចៅក្រមនៃកម្មវិធី Master Chef Khmer រដូវកាលទី ១។
លោក ហ៊ គីមសាយ អ្នកយកព័ត៌មាននៅកាសែត ភ្នំពេញ ប៉ុស្ដិ៍ បានជួបសម្ភាសកញ្ញា អេលីត សិទ្ធិថាវរ៉ាត់ ដើម្បីចង់ដឹងអំពីការធ្វើដំណើររបស់នាង ជាសហគ្រិនស្ដ្រី នៅក្នុងអាជីវកម្មភោជនីយដ្ឋាន និងសមត្ថភាពរបស់កញ្ញា ដែលត្រូវបានជ្រើសរើសជាចៅក្រមនៅក្នុងកម្មវិធីប្រកួតប្រជែងចម្អិនអាហារអន្តរជាតិមួយនេះ។
តើអ្វីដែលធ្វើឲ្យកញ្ញាចាប់អារម្មណ៍លើអាជីវកម្មនេះតាំងពីដំបូង គឺនៅក្នុងវិស័យភោជនីយដ្ឋាន?
វាជាការងារក្នុងក្ដីសុបិនរបស់ខ្ញុំចាប់តាំងពីខ្ញុំនៅក្មេង។ ខ្ញុំចូលចិត្តញ៉ាំអាហារនៅក្រៅ ដោយទៅភោជនីយដ្ឋានថ្មីៗផ្សេងៗគ្នា និងភ្លក្សរសជាតិអាហារពីក្បួនមុខម្ហូបជាច្រើន។ ខ្ញុំមានឱកាសសិក្សានៅអាមេរិក ហើយនៅពេលខ្ញុំនៅទីនោះ ខ្ញុំក៏បានបន្តទម្លាប់របស់ខ្ញុំនៃការញ៉ាំអាហារខាងក្រៅ។
ដោយសារតែទម្លាប់នោះ ខ្ញុំស្គាល់ មុខម្ហូបជាច្រើន។ ខ្ញុំអាចប្រៀបធៀបរសជាតិអាហារ ពីចានផ្សេងៗគ្នា និងអាចសង្កេតថា អាហារប្រភេទអ្វីគួរតែឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ បន្ទាប់មកខ្ញុំមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើអាជីវកម្មនេះ។
តើអ្នកបានបង្កើតភោជនីយដ្ឋានរបស់អ្នកលើកដំបូងដូចម្ដេច និងតើប្រតិបត្តិការវាដូចម្ដេចនៅពេលនេះ?
ភោជនីយដ្ឋានគុយទាវទូក ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០១ ដោយបងស្រី និងបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលកាលនោះខ្ញុំនៅជាសិស្សនៅឡើយ។ វារហូតដល់ឆ្នាំ ២០១១ នៅពេលខ្ញុំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័័យ និងត្រឡប់មកប្រទេស កម្ពុជា វិញ និងដឹងថា វាមានសក្ដានុពល ក្នុងការដាក់កិច្ចខិតខំប្រឹងប្រែងលើអាជីវកម្ម។ ខ្ញុំបានសម្រេចចិត្តផ្ដោតលើការដំណើរការអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយបន្ទាប់មកខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងរួមរបស់ភោជនីយដ្ឋាន។
ខ្ញុំទទួលខុសត្រូវផ្នែកទីផ្សារ និងយីហោភោជនីយដ្ឋាន ខណៈបងស្រីរបស់ខ្ញុំផ្ដោតលើការគ្រប់គ្រងផ្ទៃក្នុង របស់ភោជនីយដ្ឋាននេះ។
នៅពេលនេះយើងមានសាខា ៣ របស់ភោជនីយដ្ឋានគុយទាវទូក ដែលរួមទាំងសាខា ១ នៅជិតផ្សារកាប់គោ សាខា ១ នៅកាំកូស៊ីធី និងសាខាផ្សេងទៀតនៅផ្សារទំនើបសូរិយា។ យើងធ្លាប់មានហាងមួយនៅផ្សារទួលទំពូង ផងដែរ ប៉ុន្តែបានបិទចោលដោយសារតែការមិនមានទីតាំងល្អ។
តើអាជីវកម្មភោជនីយដ្ឋានរបស់អ្នកមានទំហំយ៉ាងណា? តើអ្នកអាចប្រាប់ពីប្រាក់ចំណូលរបស់អាជីវកម្មរបស់អ្នកបានទេ?
ខ្ញុំមិនអាចប្រាប់ព័ត៌មានលម្អិតនេះបានទេ ដោយសារតែយើងចាត់ទុកថា វាជាព័ត៌មានសម្ងាត់របស់យើង។ ខ្ញុំអាចនិយាយថា អាជីវកម្មរបស់យើងកំពុងប្រតិបត្តិការ។ ប្រាក់ចំណូលរបស់យើងល្អ និងអាចរ៉ាប់រងលើតម្លៃប្រតិបត្តិការបាន ទោះបីជាយើងត្រូវការដោះស្រាយតម្លៃខ្ពស់នៃការជួលដីក៏ដោយ។ យើងមិនដែលខាតបង់ទេ ប៉ុន្តែរកបានប្រាក់ចំណេញប្រចាំឆ្នាំ។ វាគ្រាន់តែថាជួនកាលយើងទទួលបានប្រាក់ចំណូលទាបជាងការកំណត់ទិសដៅរបស់យើង។
អ្នកបានក្លាយជាចៅក្រមនៃកម្មវិធី Master Chef Khmer ជារដូវកាលទី ១ នៅក្នុងប្រទេស កម្ពុជា។ តើហេតុអ្វីបានជាអ្នកត្រូវបានជ្រើសរើស?
វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ខ្ញុំគ្រាន់តែជាម្ចាស់ភោជនីយដ្ឋានធម្មតាប៉ុណ្ណោះ ដែលចូលចិត្តញ៉ាំអាហារនៅខាងក្រៅ។ ខ្ញុំគិតថា ខ្ញុំមិនដឹងពីការងារនៅខាងមុខកាមេរ៉ានោះទេ ដូច្នេះពេលដំបូងខ្ញុំបានបដិសេធ នៅពេលក្រុមនេះបានមករកខ្ញុំ។ ក្រុមមកពីទូរទស្សន៍មួយនេះ នៅតែបញ្ចុះបញ្ចូលខ្ញុំម្ដងហើយម្ដងទៀត ដោយឲ្យដឹងថា ខ្ញុំគ្រាន់តែទៅភ្លក្សអាហារសិនទៅចាំបដិសេធនៅពេលក្រោយ។
បន្ទាប់ពីការធ្វើតេស្ដ ក្រុមនេះបានឲ្យដឹងថា ខ្ញុំធ្វើវាបានយ៉ាងល្អ ទោះបីជាខ្ញុំមិនមានបទពិសោធ ក្នុងឧស្សាហកម្មផ្សាយព័ត៌មានក៏ដោយ។ ខ្ញុំត្រូវបានគេលួងលោមថា ខ្ញុំអាចធ្វើវាបាន ហើយខ្ញុំគួរតែធ្វើវា។ បន្ទាប់មក ខ្ញុំបានផ្លាស់ចិត្តរបស់ខ្ញុំ និងសម្រេចចិត្តសាកល្បង។
តើអ្នកអាចនិយាយអំពីប្រវត្តិការអប់រំរបស់អ្នក និងវាមានអត្ថប្រយោជន៍ដូចម្ដេចចំពោះអាជីវកម្មរបស់អ្នក? តើប្រវត្តិគ្រួសាររបស់អ្នកដូចម្ដេចដែរ?
ខ្ញុំរៀនចប់បរិញ្ញាបត្រខាងរដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យពហុបច្ចេកទេស Pomona រដ្ឋកាលីហ្វ័រនីញ៉ា។ វាជាសាកលវិទ្យាល័យពហុបច្ចេកទេសសាធារណៈមួយ នៅទីក្រុង Pomona រដ្ឋកាលីហ្វ័រនីញ៉ា។
ខ្ញុំគិតថា វាផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់ជីវិតរបស់ខ្ញុំ។ ក្រៅពីការទទួលបានការអប់រំល្អ ខ្ញុំមានឯករាជ្យកាន់តែច្រើន ការពឹងផ្អែកដោយខ្លួនឯង និងហ៊ានធ្វើការដោះស្រាយបញ្ហាប្រឈមជាច្រើន ដោយខ្លួនខ្ញុំផ្ទាល់។
សម្រាប់ស្ថានភាពគ្រួសាររបស់ខ្ញុំ ខ្ញុំគឺជាកូនពៅ ក្នុងចំណោមបងប្អូន ៤ នាក់។ ឪពុករបស់ខ្ញុំ គឺជាមន្ដ្រីរាជការ ហើយម្ដាយរបស់ខ្ញុំគឺជាអាជីវករស្ដ្រី។
តើអ្នកមើលឃើញសក្ដានុពលក្នុងអាជីវកម្មភោជនីយដ្ឋាននៅក្នុងប្រទេស កម្ពុជា ដូចម្ដេចដែរ?
អាជីវកម្មភោជនីយដ្ឋានមានសក្ដានុពលខ្លាំងណាស់។ ប្រាក់ចំណូលរបស់ប្រជាជនកំពុងកើនឡើង ហើយទម្លាប់ការញ៉ាំអាហារកំពុងផ្លាស់ប្តូរ។ ប្រជាជនកាន់តែច្រើនហ៊ានចំណាយប្រាក់សម្រាប់ការញ៉ាំអាហារក្រៅផ្ទះ។
តម្រូវការនេះនឹងរក្សាកំណើន ប៉ុន្តែយើងចាំបាច់ត្រូវពង្រឹងគុណភាពសេវារបស់យើង និងបង្កើតគំនិតថ្មីៗ ដើម្បីឆ្លើយតបតាមតម្រូវការពីអតិថិជន ដែលតែងតែផ្លាស់ប្តូររៀងរាល់ពេល៕LA