ក្រុងម៉ុមបៃៈ ម្ចាស់បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet Airways ដែលជួបបញ្ហា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេនឹងចាប់ផ្ដើមនីតិវិធីរឿងក្ដីក្ស័យធនទៅតុលាការ បន្ទាប់ពីការបរាជ័យក្នុងការស្វែងរកនរណាម្នាក់ដើម្បីចូលមកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេស ឥណ្ឌា មួយនេះ។
ដោយធ្លាប់ជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់ប្រទេស ឥណ្ឌា ក្រុមហ៊ុន Jet បានបញ្ឈប់ប្រតិបត្តិការកាលពីខែមេសា បន្ទាប់ពីក្រុមហ៊ុននេះអស់សាច់ប្រាក់ ហើយយន្តហោះទាំងអស់របស់ក្រុមហ៊ុនត្រូវបានចតទុកចោល។ ការសង្ស័យនានាបានកើនឡើងចាប់តាំងពីពេលនោះមកថា តើក្រុមហ៊ុនអាកាសចរណ៍មួយនេះនឹងធ្វើការហោះហើរជាថ្មីម្តងទៀត ឬយ៉ាងណា?
ម្ចាស់បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដែលទំហំបំណុលមានជាង ១ ពាន់លានដុល្លារ បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងម៉ុមបៃថា មានសំណើដេញថ្លៃដែលភ្ជាប់ «លក្ខខណ្ឌ» មួយប៉ុណ្ណោះដែលត្រូវបានទទួលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Jet Airways។
សំណើដេញថ្លៃនោះត្រូវបានគេជឿជាក់ថា បានទទួលពីក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលមានមូលដ្ឋាននៅទីក្រុងអាប៊ុយដាប៊ី ដែលមានភាគហ៊ុន ២៤ ភាគរយ រួចហើយនៅក្នុងក្រុមហ៊ុន Jet។
ម្ចាស់បំណុលទាំងនោះ ដែលបាននាំមុខដោយធនាគារកណ្ដាលឥណ្ឌា បានឲ្យដឹងថា កិច្ចប្រជុំនេះបានសម្រេចថាឲ្យមានការបង្វិលសំណុំរឿងនេះទៅដោះស្រាយតាមច្បាប់ស្តីពីបំណុល និងក្ស័យធន (IBC) របស់ប្រទេស ឥណ្ឌា វិញ។
ម្ចាស់បំណុលទាំងនោះបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «បន្ទាប់ពីការពិចារណាដ៏ហ្មត់ចត់ ម្ចាស់បំណុលទាំងនោះបានសម្រេចចិត្តក្នុងការស្វែងរកដំណោះស្រាយស្ថិតក្រោមច្បាប់ IBC ដោយសារតែមានសំណើរដេញថ្លៃដោយមានលក្ខខណ្ឌមួយតែប៉ុណ្ណោះ ត្រូវបានទទួល»។
ពួកគេបានបន្ថែមថា ក្រុមហ៊ុនអ្នកដាក់សំណើដេញថ្លៃបានស្វែងរក «ការលើកលែង» លើការកំណត់តម្លៃពីក្រុមប្រឹក្សាភិបាលផ្សារមូលបត្ររបស់ប្រទេស ឥណ្ឌា ដែលជានិយតករទីផ្សារ ដែលជាស្ថាប័នតែ ១ គត់ ដែលអាចសម្រេចចិត្តបានស្ថិតក្រោមច្បាប់ស្តីពីការចាប់បំណុល។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស ឥណ្ឌា បានដកស្រង់ប្រភពដោយលើកឡើងថា ម្ចាស់បំណុលទាំងនោះ អាចនៅតែព្យាយាមរៀបចំការលក់ក្រុមហ៊ុន Jet Airways ដដែលស្ថិតក្រោមច្បាប់នេះ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet Airways បានធ្លាក់ចុះ ១៧ ភាគរយ បន្ថែមទៀតនៅផ្សារហ៊ុនបុមបៃនៅថ្ងៃចន្ទ ខណៈដែលកិច្ចប្រជុំរបស់ម្ចាស់បំណុលកំពុងបន្តធ្វើឡើង។ ភាគហ៊ុនបច្ចុប្បន្នថ្លៃតិចជាង ១ ដុល្លារ។
បន្ថែមលើការជំពាក់បំណុលនេះ ក្រុមហ៊ុន Jet បានបង្កការខាតបង់ និងប្រាក់ខែមិនទាន់បើកចំនួន ១ ពាន់លានដុល្លារផ្សេងទៀត៕ AFP/LA