
ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវកាត់មុខធនាគារអេស៊ីលីដា ភ្នំពេញ។ ផា លីណា
ភ្នំពេញៈ ក្រុមហ៊ុន ASA ដែលជាម្ចាស់ភាគហ៊ុនធំមួយនៅក្នុងធនាគារអេស៊ីលីដា បានបង្ហាញពីគម្រោងចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា (CSX) ដែលវានឹងក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុដំបូងក្នុងការឡើងផ្សារហ៊ុនកម្ពុជា។
ក្រុមហ៊ុន ASA ដែលបច្ចុប្បន្នកាន់កាប់ភាគហ៊ុន ២៥ ភាគរយនៅក្នុងធនាគារអេស៊ីលីដា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០០ ដែលមានភាគហ៊ុនិកភាគច្រើនជាបុគ្គលិក និងនិយោជិតរបស់ធនាគារ អេស៊ីលីដា។ ភាគហ៊ុនិកសរុបនៅពេលនេះមានជាង ១ ម៉ឺននាក់។
នៅក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយកាលពីល្ងាចថ្ងៃពុធ ASA បានឲ្យដឹងថា ខ្លួនកំពុងរៀបចំនីតិវិធី និងលក្ខខណ្ឌតម្រូវតាមបទប្បញ្ញត្តិ ដើម្បីស្នើសុំការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា (SECC) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។
លោក សួស ឧសភា សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ASA បានលើកឡើងថាក្រុមហ៊ុនបានត្រៀមខ្លួនបាន ច្រើនទាក់ទងនឹងឯកសារផ្លូវច្បាប់ដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរមូលបត្រកម្ពុជា ហើយរំពឹងថាដំណើរការចុះបញ្ជីនៅ CSX នឹងអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោកថ្លែងថា៖ «យើងជឿជាក់ថា ការចុះបញ្ជីជាផ្លូវការដើម្បីជួញដូរភាគហ៊ុនរបស់យើងនៅលើផ្សារហ៊ុននឹងសម្រេចបាននៅក្នុងឆ្នាំនេះ»។ លោកបន្តថា ពាណិជ្ជកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានរីកចម្រើនប្រកបដោយស្ថិរភាព ដែលកត្តានេះជាចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញដល់វិនិយោគិនក្នុងការងាកមកចាប់អារម្មណ៍ទិញដូរភាគហ៊ុន ASA នៅក្នុងផ្សារហ៊ុនកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងជឿជាក់ថាយើងនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជនដែលនឹងជួយឲ្យសកម្មភាពជួញដូរភាគហ៊ុនកាន់តែខ្លាំងឡើង»។
គិតត្រឹមដំណាច់ឆ្នាំ ២០១៧ ទ្រព្យសកម្មធនាគារអេស៊ីលីដាតំណាង ២០ ភាគរយនៃទ្រព្យសកម្មក្នុងវិស័យធនាគារសរុបនៅកម្ពុជា។ កាលពីឆ្នាំ ២០១៧ ធនាគារអេស៊ីលីដាទទួលបានប្រាក់ចំណេញសុទ្ធ ៩២,៥ លានដុល្លារ គឺធ្លាក់ចុះពី ១២៧,៣ លានដុល្លារពីឆ្នាំ ២០១៦។
លោក ឧសភា ថ្លែងថាក្រុមហ៊ុនមិនទាន់អាចបង្ហាញតម្លៃក្នុងមួយភាគហ៊ុន នៅពេលវាត្រូវចុះបញ្ជីនាពេលនេះនៅឡើយទេដោយលើកឡើងថា ថា្នក់គ្រប់គ្រងកំពុងពិភាក្សាជាមួយក្រុមហ៊ុនភ្នាក់ងារធានាទិញមូលបត្រ និងភាគីពាក់ព័ន្ធដើម្បីកំណត់តម្លៃ។
យោងតាមរបាយការណ៍អំពីភាគទុនិករបស់ធនាគារអេស៊ីលីដា គិតមកត្រឹមថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៧ ក្រុមហ៊ុន ASA Plc ជាភាគទុនិកឈានមុខគេទី ២ នៅក្នុងធនាគារនេះ បន្ទាប់ពី Acleda Financial Trust ដែលគ្រប់គ្រងភាគហ៊ុន ២៦ ភាគរយ។
ត្រឹមពេលដដែលនោះ ASA Plc មានភាគហ៊ុនសរុប ៨៩- ៦៣៦ ២៤៦ ភាគហ៊ុន ជាមួយទឹកប្រាក់សរុបជាង ៨៩,៦ លានដុល្លារ។
លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុន Acleda Securities Plc បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរការរបស់ ASA ក្នុងការចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅផ្សារមូលបត្រកម្ពុជាគួរតែត្រូវការពេលវេលាខ្លី ដោយសារភាគហ៊ុនត្រូវបានជួញដូរផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកបន្ថែមថា ភាគហ៊ុនរបស់ក្រុមហ៊ុន ASA អាចរំលងជំហាន IPO និងចុះបញ្ជីដោយផ្ទាល់សម្រាប់ការជួញដូរនៅ CSX បន្ទាប់ពីទទួលបានការយល់ព្រមពីនិយតករ។
លោកបន្ថែមថាក្រុមហ៊ុន Acleda Securities ដែលជាក្រុមហ៊ុនឈ្មួញជើងសានឹងជួយដល់ការបើកគណនីជួញដូរដល់ភាគហ៊ុនទាំងអស់ជាង ១០ ០០០ ភាគហ៊ុននៅក្នុងក្រុមហ៊ុន ASA ដើម្បីបើកគណនីជួញដូរនៅ CSX។ ចំនួននេះនឹងធ្វើឲ្យគណនី ជួញដូរនៅ CSX កើនឡើង ២ ដងពីគណនីជិត ១០ ០០០ គណនីនៅពេលបច្ចុប្បន្នដល់ជាង ២០ ០០០ គណនី។
ប្រសិនបើភាគហ៊ុនរបស់អេស៊ីលីដា ត្រូវចុះបញ្ជីជួញដូរក្នុងផ្សារហ៊ុននៅចុងឆ្នាំនេះ CSX នឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបន្ថែម ២ ទៀត ខណៈក្រុមហ៊ុន Pestech Cambodia កាលពីខែមិថុនាបានទទួលការអនុញ្ញាតបោះផ្សាយពី SECC និងការអនុញ្ញាតលើលទ្ធភាពចុះបញ្ជីពី CSX រួចរាល់ហើយ។ បច្ចុប្បន្នមានក្រុមហ៊ុន ៥ កំពុងជួញដូរក្នុងផ្សារហ៊ុនកម្ពុជា។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាននៃក្រុមហ៊ុន CSX រំពឹងថាវត្តមានក្រុមហ៊ុនកាន់តែច្រើនចុះបញ្ជី ជាពិសេសវត្តមានធនាគារធំជាងគេនៅកម្ពុជាដូចជា អេស៊ីលីដានេះនឹងរួមចំណែកធ្វើឲ្យសកម្មភាពជួញដូរភាគហ៊ុនកាន់តែកើនឡើងជាងបច្ចុប្បន្ន។
លោកថ្លែងថា៖ «ការចុះបញ្ជីជួញដូរហ៊ុនរបស់អេស៊ីលីដានឹងអាចទាញចំណាប់អារម្មណ៍ប្រជាជនឲ្យចង់ដឹង ចង់ឮ ចង់ទិញភាគហ៊ុននៅលើផ្សារហ៊ុន ដោយសារប្រជាជនភាគច្រើននឹងជឿជាក់ថា អេស៊ីលីដា នឹងបន្តរីកចម្រើន និងបន្តការចំណេញ»៕LA