ភ្នំពេញ: ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ចំនួន​ដែល​ស្ថិតនៅ​តំបន់​វាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង​មិន​បង្អង់​ការប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ជាមួយ​តម្លៃ​គោរព​តាម​កិច្ចសន្យា​កសិកម្ម ដែល​បានកំណត់ ទោះបី​ស្រូវ​ទាំងនោះ​ជោកជាំ​ដោយសារ​ទឹក ខណៈ​ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ផលប៉ះពាល់​ដំណាំ​ស្រូវ​ប្រមាណ​ ១១៦ ៧៦៤ ​ហិកតា​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និង​កសិកម្ម​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​។

លោក អៀង ហ៊ាង ម្ចាស់​សហគ្រាស​កិនស្រូវ អៀង ហ៊ាង ស្ថិត​នៅក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ដែល​កំពុង​ទទួល​រង​ឥទ្ធិពល​ទឹកជំនន់​នៅ​ឡើយ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា រហូត​មក​ដល់​ពេលនេះ លោក​ប្រមូល​ទិញស្រូវ​របស់​កសិករ​បាន​ជាង​ ១០ ០០០ ​តោន ​ដែលមាន​តម្លៃ​មធ្យម​ចន្លោះ​ពី​ ៩៥០ ​ទៅ​ ១ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​។

លោក​បន្តថា លោក​នៅតែ​បន្ត​ទិញស្រូវ​ពី​កសិករ​ដោយ​គ្មាន​ការកំណត់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជួយ​ទិញ​គាត់​រាល់ថ្ងៃ​តាំង​មុន​ទឹក​ជន់​លិច​រហូតដល់​បច្ចុប្បន្ននេះ​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​កសិករ​ប្រមូលផល​ហើយ​ត្រូវ​យកមក​លក់​ភ្លាមៗ​កុំ​ផ្អាប់​ទុកចោល​ ២ ​ទៅ​ ៣ ​ថ្ងៃ​នាំឱ្យ​ខូចគុណភាព​ស្រូវ​»​។

ចំណែក​អ្នកស្រី ប៉ាន់ ចន្ទ្រា ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ ថន ជា ស្ថិត​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក៏បាន​ប្រកាស​ប្រមូល​ទិញស្រូវ​សើម​ពី​កសិករ​ដោយ​គ្មាន​ការកំណត់​ដែរ ដោយ​ ១ ​ថ្ងៃ​អ្នកស្រី​ប្រមូល​ទិញស្រូវ​បាន​ប្រមាណ​ ២០០ ​តោន​។

កសិករ​ភាគច្រើន​មកពី​ខេត្ត​ពោធិ៍សាត់​ដែល​រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង​បាន​ដឹក​មក​ដល់​រោង​ម៉ាស៊ីន​របស់​អ្នកស្រី​។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​ប្រមូល​ទិញស្រូវ​សើម​ទាំងអស់​ឱ្យ​តែ​មាន​ទិញ​ក្នុង​តម្លៃ​គោល​ ៩៥០ រៀល​ ក្នុង​ ១ ​គីឡូក្រាម ខ្ញុំ​ត្រូវតែ​ជួយ​ទិញ​គាត់​កុំឱ្យ​ធ្លាក់​ថ្លៃ​»​។

សហព័ន្ធ​ស្រូវ​កម្ពុជា​ (CRF) ​នៅ​ថ្ងៃទី​ ១៤ ​ខែ​តុលា និង ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) ​នៅ​ថ្ងៃទី​ ១៥ ​ខែ​តុលា​ នេះ ​បាន​អំពាវនាវ​ស្រដៀង​គ្នា​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមូល​ទិញស្រូវ​ពី​កសិករ​ដែល​ជន់​លិច​ក្នុងអំឡុង​ប្រមូល​ផល​ដោយ​ជំនន់​ទឹកភ្លៀង​។

បើ​តាម​ CRF ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​អាច​ទទួល​ទិញស្រូវ​សើម​នេះ​ក្នុង​តម្លៃ​តាម​ស្ថានភាព​នៃ​គុណភាព​ស្រូវ​គឺ​ចន្លោះ​តម្លៃ​ ៩០០ ​ទៅ​ ១ ១៣០ ​រៀល​ (​លេខ​១ តម្លៃ ១ ១៣០ ​រៀល លេខ​ ២ តម្លៃ​ ១ ០៣០ ​រៀល​លេខ​ ៣ តម្លៃ ៩៥០ រៀល និង​លេខ​ ៤ តម្លៃ​ ៩០០ ​រៀល​។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៤ ​ខែតុលា ​នេះ​ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ស្រូវ​ប្រមាណ​ជាង​ ១១ ​ម៉ឺន​ហិកតា​ និង​ជិត​ ៥ ​ពាន់​ហិកតា​ខូច​ទាំងស្រុង​៕ LA