ភ្នំ​ពេញ​: ម្រេច​កំពត ​ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ​(GI)​ មួយ​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​​ចំនួន ​ខណៈ​ក្រុមហ៊ុន​វេច​ខ្ចប់​មួយ​ចំនួន​​​ធ្វើ​ការ​ដាំ​ដើម្បី​នាំចេញ​ដោយ​ខ្លួន​ឯង​ដែល​ធ្វើ​​​ឲ្យ​កសិករ​​មួយ​ចំនួន​​បោះបង់​ការ​ផលិត​​។ នេះ​បើ​តាម​សមាគម​​លើក​កម្ពស់​​ម្រេច​កំពត​ (KPPA)​។​​

លោក ​ងួន ​ឡាយ​ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត ​(KPPA) ​បាន​ឲ្យ​ដឹង​ថា ​ខណៈ​បរិមាណ​នៃ​ការ​បញ្ជា​ទិញ​​នៅ​ដដែល​ការ​ផលិត​របស់​​កសិករ​ បាន​បន្ត​កើន​ឡើង​ពី ​១ ឆ្នាំ ​ទៅ ១ ​ឆ្នាំ ​ដែល​ធ្វើ​ឲ្យ​បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​លើស​។

យោង​តាម​ លោក​ ងួន​ ឡាយ​ ម្រេច​​កំពត​ត្រូវ​បាន​នាំចេញ​ក្នុង​រង្វង់​ ៧០ តោន ​ក្នុង ​១ ​ឆ្នាំ ខណៈ​ការ​ផលិត​បាន​កើន​ឡើង​ដល់​ ១០២ តោន​ កាល​ពី​ឆ្នាំ ​២០១៧។ លោក​បន្ត​ថា ការ​ផលិត​លើស​នេះ​ គឺ​បាន​ធ្វើ​ឲ្យ​កសិករ​លក់​ចេញ​បាន​តែ​មួយ​ផ្នែក​នៃ​ទិន្នផល​ដែល​បាន​ផលិត​សរុប​ប៉ុណ្ណោះ។​ លោក​ថ្លែង​ថា៖ «ម្រេច​យើង​ឥឡូវ​កំពុង​ចង្អៀត​ទីផ្សារ​លក់​ចេញ​បាន​តិចៗ ហើយ​ផលិតកម្ម​យើង​បាន​ច្រើន​​​លើស​តម្រូវ​ការ​»។

លោក​បន្ត​​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​​​កសិករ​ខ្នាត​កណ្តាល​មួយ​ចំនួន​​បង្ខំ​ចិត្ត​​បោះបង់​ការ​ផលិត​​របស់​ពួក​គេ​​។ លោក​ថ្លែង​​ថា៖​ «​​ពេល​នេះ​មាន​នៅ​តែ​កសិករ​ខ្នាត​តូច​ និង​ក្រុមហ៊ុន​ធំៗ​ប៉ុណ្ណោះ ដែល​​បន្ត​ខំ​ប្រឹង​ថែទាំ​ [ដំណាំ​ម្រេច] ហើយ​បើ​អ្នក​ដាំ​ [មាន​ដី​ធំ] ដែល​មិន​មាន​ការ​វេច​ខ្ចប់​ខ្លួន​ឯង​ពួក​គាត់​ទន់​ដៃ​អស់​​ហើយ ៣ ឆ្នាំ​ហើយ ​លក់​មិន​​ចេញ​ ម្រេច​នៅ​ពេញៗ​​កុងតឺន័រ​»។​

លោក​បន្ថែម​ថា រដូវ​កាល​ប្រមូលផល​​ម្រេច​ចាប់​ពី​ខែ ​មករា​ ដល់​ខែ មិថុនា ​ជា​រៀងរាល់​ឆ្នាំ ​ហើយ​​គិត​ត្រឹម​ខែ កក្កដា​ ឆ្នាំ ​២០១៩​នេះ​ ពុំ​មាន​ការ​ពង្រីក​ការ​ដាំដុះ​ទេ។ ​លោក​បន្ត​ថា៖ ​«​សព្វ​​ថ្ងៃ​ក្រុមហ៊ុន​ទិញ​ម្រេច​ភាគ​ច្រើន​​ពួក​គាត់​មាន​ចម្ការ​ម្រេច​ខ្លួន​ឯង​ ទាល់​តែ​គាត់​ខ្វះ​ទើប​គាត់​ទិញ​ពី​កសិករ​ »។​

ម្រេច​កំពត​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ពី​អង្គការ​ពាណិជ្ជកម្ម​​ពិភព​លោក​ កាល​ពី​ឆ្នាំ ២០១០។ ​បច្ចុប្បន្ន​តំបន់​ GI ​របស់​​ម្រេច​កំពត​មាន​ផ្ទៃដី​ចំនួន​ ២៥០​ ហិកតា ​ដែល​មាន​ទីតាំង​​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប​។​

ទោះបី​យ៉ាង​នេះ​ក្តី​ លោក​ ប៉ុក លី អាយុ​ ៧០ ឆ្នាំ ដែល​ជា​កសិករ​​​ដាំ​ម្រេច​ជាង ​២០ ឆ្នាំ បាន​ឲ្យ​​ដឹង​ថា បញ្ហា​កង្វះ​បច្ចេកទេស​ជា​​មូលហេតុ​មួយ​នាំ​ឲ្យ​​​កសិករ​មួយ​ចំនួន​បោះបង់​ការ​ដាំដុះ​។ លោក​​ថ្លែង​ថា​៖ «កសិករ​តូចតាច​ និង​អ្នក​មាន​ដី​​ចម្ការ​ធំៗ​ជា​ច្រើន​​បាន​បោះបង់​ចោល​មួយ​​ផ្នែក ​ដោយសារ​បញ្ហា​ខ្វះ​បច្ចេកទេស​ ពួក​គាត់​មិន​ចង់​​បោះបង់​ទេ តែ​​ធ្វើ​ទៅ​បរាជ័យ​រហូត​ពួក​គាត់​អស់​លទ្ធភាព​​»​។

លោក​ លី បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​​​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ​នេះ ​​លោក​អាច​​លក់​ម្រេច​បាន​តែ​​ជាង ​១ ​តោន​​ប៉ុណ្ណោះ​ ខណៈ​សល់​ក្នុង​ស្តុក​ប្រមាណ​ ​៤ តោន​​។​ លោក​បញ្ជាក់​ថា៖​ «ឥឡូវ​នៅ​សល់​ជាង​ ៤ ​តោន នៅ​ផ្ទះ​ លក់​មិន​ចេញ​ តែ​ខ្ញុំ​មិន​បោះបង់​ចោល​ទេ ​ព្រោះ​ខ្ញុំ​អាច​លក់​បាន​ខ្លះ​​សម្រាប់​ទប់​ការ​ចំណាយ​វិញ»​។

សហគមន៍​អឺរ៉ុប​ជា​ទីផ្សារ​ចម្បង​​សម្រាប់​ការ​នាំចេញ​ម្រេច​កំពត​ដែល​មាន​រហូត​ដល់ ​៥០ ​ភាគរយ​​ ​ខណៈ​អាមេរិក ជប៉ុន ​កូរ៉េខាងត្បូង​​ ២០ ​ភាគរយ​ និង ​៣០​ ភាគរយ​ទៀត​ សម្រាប់​​ទីផ្សារ​​ភ្ញៀវ​ទេសចរ​​ក្នុង​ស្រុក។ នេះបើ​តាម​ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត។​

សមាជិក​របស់​សមាគម​នេះ​បាន​កើន​ឡើង​ពី​ ៣៨៧​ គ្រួសារ ​​នៅ​ឆ្នាំ ២០១៧​ ដល់​ ៤៤០​ គ្រួសារ​នៅ​ឆ្នាំ​នេះ​ ខណៈ​អ្នក​ចែកចាយ​បាន​កើន​ពី​​ ២១ ក្រុមហ៊ុន​​ ដល់ ៣៥ ក្រុមហ៊ុន​។ ​ទោះបី​យ៉ាង​នេះ​ក្តី ​ម្រេច​កំពត​នៅ​​មាន​តម្លៃ​ថេរ​ ក្នុង​នោះ​ម្រេច​​ខ្មៅ​មាន​តម្លៃ ​១៥ ដុល្លារ ​ក្នុង ​១ ​គីឡូក្រាម​ ម្រេច​ក្រហម ថ្លៃ​ ​២៥ ​ដុល្លារ​ និង ​២៨ ដុល្លារ ​​ ម្រេច​ស​​។ ​នេះ​បើ​តាម​ប្រធាន​ KPPA។​​

លោក​ ហ៊ឹម​ ពិសិដ្ឋ​ អនុប្រធាន​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Confirel Co., Ltd ​ជា​ក្រុមហ៊ុន​នាំចេញ​ និង​ផលិត​ម្រេច​​កំពត​ បាន​​ឲ្យ​ដឹង​ថា ​ការ​ក្លែង​បន្លំ​ម៉ាក​សញ្ញា​ម្រេច​កំពត​ជា​មូលហេតុ​ចម្បង​មួយ​នាំ​ឲ្យ​​អ្នក​បញ្ជា​ទិញ​បាត់បង់​ទំនុក​ចិត្ត​។ លោក​ថ្លែង​ថា៖ «ការ​ក្លែង​បន្លំ​ម៉ាក​សញ្ញា​ជា​​​ម្រេច​កំពត​ធ្វើ​ឲ្យ​ប៉ះពាល់​ម្រេច​យើង​ធ្វើ​ឲ្យ​ការ​នាំចេញ​ថយ​ចុះ​»​​។

បើ​តាម​លោក​ ពិសិដ្ឋ ​ក្នុង​រយៈពេល ​៦ ខែ ឆ្នាំ ២០១៩ ​នេះ ក្រុមហ៊ុន​បាន​កាត់​បន្ថយ​ការ​ទិញ​​ម្រេច​​ពី​កសិករ​ ​ពី​ ​១៥​ តោ​ន​ ​កាល​ពី​ឆ្នាំ ​២០១៨ ​មក​​ត្រឹម ​១០ ​តោន​ប៉ុណ្ណោះ៕LA