ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​យន្តការ​កិច្ចសហការ​ចម្រុះ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្នុង​ការស្វែងរក​ធាតុ​ចូល​នានា​ដើម្បី​ឆ្ពោះទៅ​ «​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​» ក្នុង​ការប្រែក្លាយ​ការផ្សាយ​ទូរទស្សន៍​នៅ​កម្ពុជា​ពី​ប្រព័ន្ធ​អាណាឡូក​ទៅ​ប្រព័ន្ធ​ឌីជីថល​ឱ្យស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​ការឈាន​ចាប់យក​កំណើន​ថ្មី​។

កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ «​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​» ដែល​រៀបចំ​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ បានឱ្យដឹងថា យន្តការ​ចំនួន​ ៣ ត្រូវបាន​កិច្ចប្រជុំ​លើក​មក​ពិភាក្សា​រួមមាន យន្តការ​គ្រប់គ្រង និង​វិនិយោគ​ដោយ​វិស័យ​ឯកជន​ទាំងស្រុង​, យន្តការ​សហការ​ចម្រុះ​រវាង​វិស័យ​រដ្ឋ និង​ឯកជន និង​យន្តការ​គ្រប់គ្រង​ និង​វិនិយោគ​ដោយ​រដ្ឋ​ទាំងស្រុង​។

ជាមួយ​គ្នា​នេះ​កិច្ចប្រជុំ​ក៏បាន​លើក​យក​ចំណុច​សំខាន់ៗ​ចំនួន ៤ មក​ពិភាក្សា​ផងដែរ មាន​ដូចជា ការអនុវត្ត​ផែនការ​ផ្លាស់ប្តូរ​ការផ្សាយ​ទូរទស្សន៍​ពី​ប្រព័ន្ធ​អាណាឡូក​ទៅជា​ប្រព័ន្ធ​ឌីជីថល​ឱ្យបាន​នៅមុន​ឆ្នាំ​​ ២០២៣ ការគ្រប់គ្រង​ការប្រើ​បន្ទារ ហ្វ្រេកង់ ៧០០ MHz ក្នុង​វិស័យ​សោតទស្សន៍ រួមមាន​ទូរទស្សន៍​ឌីជីថល ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរស័ព្ទ ចល័ត យន្តការ​គ្រប់គ្រង និង​វិនិយោគ​លើ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​ និង​ការធ្វើ​បច្ចុប្បន្នកម្ម​លើ​វឌ្ឍនភាព​ពាក់ព័ន្ធ​នឹង​ការរៀបចំ និង​ការគ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ឌីជីថល​ក្នុង​រយៈពេល​មធ្យម និង​វែង​ក៏​ដូចជា​ការពិភាក្សា​ទៅលើ​លទ្ធភាព​នៃ​ការបង្កើត​គំរូ​ពាណិជ្ជកម្ម​សម្រាប់​ការវិនិយោគ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ (​គ.ស.ហ) ​បានឱ្យដឹងថា ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ប្រព័ន្ធ​សោតទស្សន៍​ប្រកបដោយ​ភាពជោគជ័យ គឺជា​កិច្ចការ​ដ៏មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំងមូល​។

លោក​បន្តថា ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប មិន​ត្រឹមតែ​អាចជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​រីកចម្រើន បង្កើន​ភាពប្រកួតប្រជែង និង​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចជួយ​លើកកម្ពស់​យន្តការ​នៃ​ការគ្រប់គ្រង​ទិន្នន័យ និង​ប្រព័ន្ធ​ឃោសនាការ​ក្នុង​ប្រទេស​ក្នុង​ន័យ​ធានា​បាន​នូវ​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​សង្គម​សេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។

ផែនការ​ក្នុង​ការប្រែក្លាយ​ការផ្សាយ​ទូរទស្សន៍​នៅ​កម្ពុជា​ពី​ប្រព័ន្ធ​អាណាឡូក ទៅជា​ប្រព័ន្ធ​ឌីជីថល​ធ្លាប់​ត្រូវ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើកមកបង្ហាញ​ក្នុងពេល​ជួបពិភាក្សា​ជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​ខែមេសា កន្លងមក​។ តាម​គម្រោង​ប្រេកង់ ៧០០ Mhz ដែល​កំពុង​ប្រើប្រាស់​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​នឹងត្រូវ​បង្វែរ​ទៅឱ្យ​ក្រសួង​ប្រៃសណីយ៍​យក​ទៅ​អភិវឌ្ឍ​ប្រព័ន្ធ 5G និង​សេដ្ឋកិច្ច​ឌីជីថល​។

លោក ផុស សុវណ្ណ អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​ព័ត៌មាន​បាន​យល់ព្រម​ប្រគល់ ប្រេកង់​៧០០ Mhz ដែល​កំពុង​ត្រូវបាន​ប្រើ​ដោយ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ផ្ទេរ​ទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅពេល​ដែល​ក្រសួង​អាច​រំដោះ​បាន​រួចរាល់​។

លោក​ថ្លែងថា​៖ «​អ្វីដែល​យើង​គ្រោង​នឹង​បង្កើត​នោះ គឺ​ថ្នាល​ទូរទស្សន៍​ជាតិ​ឌីជីថល​ជាតិ ដើម្បី​អភិវឌ្ឍ​ទូរទស្សន៍​ក្នុងស្រុក​ទៅជា​ឌីជីថល ដូច្នេះ​យើង​អាច​បញ្ជូន​ប្រេកង់​ចំនួន ៧០០ MHz ទៅ​ក្រសួង​ប្រៃសណីយ៍​បាន​»​។

រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែមេសា ឆ្នាំ​ ២០១៩ បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Huawei Technologies របស់​ចិន​ក្នុង​ការជួយ​អភិវឌ្ឍន៍​បណ្តាញ​ចែកចាយ 5G​។

គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​អ្នក​ប្រើ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​ចំនួន ១៦,៧ លាន​នាក់ និង ចំនួន ២១៥ ០០០ នាក់​ បាន​តភ្ជាប់​អ៊ីនធឺណិត​ល្បឿន​លឿន​។ នេះ​បើ​យោងតាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​៕