ភ្នំពេញៈ និយតករមូលបត្រកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានប្ដេជ្ញាថា នឹងបន្តប្រើប្រាស់យន្តការតាមប្រព័ន្ធអនឡាញ ដើម្បីជួយសម្រួលប្រតិបត្តិការជួញដូរ និងធ្វើឱ្យទីផ្សារនេះដំណើរការទៅមុខជាធម្មតាក្នុងអំឡុងការរីករាលដាលកូវីដ ១៩។
គិតត្រឹមថ្ងៃទី ១១ ខែមីនា កម្ពុជាបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣៩ នាក់ ខណៈដែលអ្នកជំងឺ ៤៨ នាក់បានជាសះស្បើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ អ្នកជំងឺទាំង ៣៩ នាក់នេះ មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ រហូតដល់ថ្ងៃព្រហស្បតិ៍ កម្ពុជាបានបញ្ជាក់ករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១ ១៦៣ នាក់ក្នុងនោះ ៥៩៧ នាក់ជាសះស្បើយ និងស្លាប់ ១ នាក់។
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១១ ខែមីនាថា ស្ថាប័នរបស់លោកនៅតែទទួលយកយន្តការអនឡាញ ដើម្បីជួយសម្រួលលំហូរការងារទាំងខាងផ្ទៃក្នុង និងខាងក្រៅ។
លោកថ្លែងថា៖ «យើងបានបង្កើតយន្តការអនឡាញចាប់តាំងពីខែមេសា ឆ្នាំ ២០២០ ហើយយើងនឹងបន្តអនុវត្តវាដើម្បីរក្សាលំហូរការងាររបស់យើងនៅផ្ទៃក្នុង និងជាមួយភាគីពាក់ព័ន្ធដោយរលូន។ ពិតហើយយើងមិនបដិសេធការទទួលយកឯកសារផ្នែករឹងនោះទេ ប៉ុន្តែយើងគ្រាន់តែចង់ជួយសម្រួលលំហូរការងារដែលយើងអនុញ្ញាតឱ្យមានការទទួលយកឯកសារតាមអេឡិចត្រូនិក»។
លោកលើកឡើងថា៖ «ជាមួយនឹងឯកសារអេឡិចត្រូនិកវាបានជួយយើងច្រើន ដែលវាមិនមានការពន្យារពេលណាមួយជាមួយនឹងការងាររបស់យើងនោះទេ ទោះបីយើងកំពុងប្រឈមនឹងពេលវេលាដ៏ពិបាកដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ យន្តការអនឡាញគឺយើងអនុវត្តជាមួយសិក្ខាសាលា និងកិច្ចប្រជុំធំផ្សេងទៀតជាមួយនិយតករផ្សេងទៀត នៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត។ ជាឧទាហរណ៍នៅថ្ងៃទី ១៥ ខែមីនា ខាងមុខ 6 នេះ យើងនឹងមានកិច្ចប្រជុំធំមួយជាមួយនិយតករផ្សារហ៊ុននៅអាស៊ាន»។
លោក Jong Weon Ha អនុប្រធានក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ថា ដោយមើលឃើញស្ថានការណ៍បច្ចុប្បន្នក្នុងនាមជាប្រតិបត្តិករទីផ្សារ CSX បានគិតអំពីសេណារីយោដ៏អាក្រក់បំផុតប្រសិនបើមានការបិទទីក្រុងក៏ CSX នៅតែអាចមានលទ្ធភាពប្រតិបត្តិការ ដរាបណាធនាគារទូទាត់សាច់ប្រាក់នៅប្រតិបត្តិការ។
លោកប្រាប់ថា៖ «យើងបានពិភាក្សាជាមួយនិយតករ សមាជិករបស់យើង និងអ្នកចូលរួមដែលរួមទាំងក្រុមហ៊ុនកម្រៃជើងសា និងធនាគារទូទាត់សាច់ប្រាក់លើយន្តការក្នុងការប្រតិបត្តិការទីផ្សារ ដោយគិតតាំងពីការរឹតបន្តឹងការធ្វើដំណើរ ឬការបិទទីក្រុងត្រូវបានធ្វើឡើង។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីធានាឱ្យប្រាកដថា ក្រុមវិនិយោគិនអាចធ្វើការសម្រេចចិត្តវិនិយោគ និងអនុវត្តការជួញដូរបានគ្រប់ពេលដែលពួកគេចង់ពិសេសនៅពេលដែលនិន្នាការអាជីវកម្មកំពុងផ្លាស់ប្តូរយ៉ាងរហ័សដូចនេះ»។
ចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈទីផ្សារភាគហ៊ុនមានសកម្មភាពជួញដូរជាទៀងទាត់។ ជាមធ្យមភាគហ៊ុនចំនួន ៤៥ ០០០ ភាគហ៊ុន មានតម្លៃ ៥៥ ០០០ ដុល្លារត្រូវបានជួញដូរជារៀងរាល់ថ្ងៃ។ តម្លៃភាគហ៊ុនតំណាងដោយសន្ទស្សន៍ CSX មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះចំនួន ៥ ពិន្ទុដែលប្រហែលនឹង ០,៨ ភាគរយ។
ក្រុមវិនិយោគិនហាក់ដូចជានៅតែមានសុទិដ្ឋិនិយមលើតម្លៃភាគហ៊ុន ដោយសារតែភាគហ៊ុនភាគច្រើននៅតែមានស្ថិរភាព និងភាគហ៊ុនដូចជារដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA) បានស្ទុះងើបឡើងវិញយ៉ាងរហ័សដល់កម្រិតលើសពីតម្លៃ IPO របស់ខ្លួនក្នុងអំឡុងពេល ១ សប្ដាហ៍កន្លងមក បន្ទាប់ពីសេចក្ដីប្រកាសប្រាក់ចំណូលសុទ្ធវិជ្ជមាននៃត្រីមាសទី ១ ឆ្នាំ ២០២១៕ LA