ភ្នំពេញៈ មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ចំណាត់ការ​លើកទឹកចិត្ត​ពន្ធ និង​ការប្រើប្រាស់​កញ្ចប់​ថវិកាបម្រុង​រដ្ឋាភិបាល គឺជា​កម្លាំងចលករ​មួយ​ដ៏រឹងមាំ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការបន្ត​ជំរុញ​ចរន្ត​សេដ្ឋកិច្ចកម្ពុជា​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នាពេល​បច្ចុប្បន្ន ខណៈ​ធនាគារពិភពលោក​បាន​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មក​នៅត្រឹម ២,៥ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០​។

ធនាគារពិភពលោក (WB) បានចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា កំណើន​សេដ្ឋកិច្ច​ពិត​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​ធ្លាក់ចុះ​ខ្លាំង​មក​នៅត្រឹម ២,៥ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០ ប៉ុន្តែ​ការ​ស្ទុះ​ងើបឡើង​វិញ​ ៥,៩ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ ស្ថិតក្រោម​សេណារីយោ​មូលដ្ឋាន​។

វិស័យ​ទេសចរណ៍​ត្រូវបាន​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ការរីករាលដាល​នេះ ខណៈ​ដែល​ឧស្សាហកម្ម​កាត់ដេរ​កំពុង​ប្រឈម​នឹង​វិបត្តិ​តម្រូវការ​ពិភពលោក ព្រមទាំង​ការដក​មួយផ្នែក​នៃ​ការអនុគ្រោះ​ពាណិជ្ជកម្ម «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA)​។

របាយការណ៍​ឲ្យ​ដឹងថា​៖ «​ផលប៉ះពាល់​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ជំរុញ​កំណើន​ជាច្រើន​របស់​ប្រទេស​ កម្ពុជា ចំពេល​ភាពចលាចល​ទីផ្សារ​ហិរញ្ញវត្ថុ​អាច​ធ្វើឲ្យ​ប៉ះពាល់​ទៅដល់​កំណើន​។ ការ​ស្ទុះ​ងើប​ឡើងវិញ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ ចិន និង​ទីផ្សារ​សំខាន់ៗ​ក្នុង​ឆ្នាំ​ ២០២០ បង្កើន​ចក្ខុវិស័យ​កំណើន​របស់​ប្រទេស​ កម្ពុជា​ នៅ​ឆ្នាំក្រោយ​»​។

លោក​ មាស សុខសែនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិន​បដិសេធ ហើយ​ក៏​មិន​ឯកភាព​លើ​ការព្យាករ​ដោយ​ធនាគារពិភពលោក​លើ​ការទម្លាក់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំនេះ ដោយ​លោក​លើកឡើង​ថា រដ្ឋាភិបាល​នៅតែ​ប្រើប្រាស់​ការព្យាករ​លើក​មុន​ចំនួន ៦ ​ភាគរយ​ទោះបីជា​ផលប៉ះពាល់​ដោយសារ​តែ​កូវីដ​១៩ ក៏ដោយ​។

លោក​លើកឡើង​ថា​៖ «​រហូតមកដល់​ពេល​នេះ​រដ្ឋាភិបាល​មិនទាន់​ធ្វើការ​វាយតម្លៃ​ណាមួយ​លើ​ផលប៉ះពាល់​សេដ្ឋកិច្ច​នោះទេ​។ យើង​កំពុង​ត្រួតពិនិត្យ​ទិដ្ឋភាព​ទាំងអស់​នៃ​សេដ្ឋកិច្ច​មុនពេល​យើង​ធ្វើការ​វាយតម្លៃ​ជាថ្មី​សម្រាប់​សេដ្ឋកិច្ច​»​។

លោក​បន្ថែមថា​៖ «​នៅពេល​បច្ចុប្បន្ន​យើង​នៅតែ​ប្រើការ​ព្យាករ​កំណើន​របស់​យើង​ចំនួន​ ៦ ​ភាគរយ​ នៃ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​បាន​ព្យាករ​នាពេល​កន្លងមក​។ ទោះ​យ៉ាងណា យើង​បន្ត​ត្រួតពិនិត្យ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ និង​ថា តើ​វា​នឹង​អូសបន្លាយ​រយៈពេល​យូរ​ប៉ុន្មាន​ដើម្បី​យើង​នឹង​វាយតម្លៃ​សេដ្ឋកិច្ច​ឡើងវិញ​»​។

លោក Raymond Sia អគ្គនាយក​ធនាគារ​កាណាឌីយ៉ា​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​នឹង​ទទួលរង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​របស់​កូវីដ​១៩ ខណៈ​វា​កំពុង​ប៉ះពាល់​ដល់​ទាំងអស់​គ្នា «​មិនមាន​ប្រទេស​ណាមួយ​នៅលើ​ពិភពលោក​រួចផុត​ពី​ផលប៉ះពាល់​អវិជ្ជមាន​ដោយសារ​តែ​ស្ថានការណ៍​កូវីដ​ ១៩ បច្ចុប្បន្ន​នេះ​ទេ​។ ប្រទេស​កម្ពុជា​ដែល​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​បើកចំហ​ក៏​នឹង​ទទួលរង​ផលប៉ះពាល់​នេះដែរ​»​។

លោក​បញ្ជាក់ថា​៖ «​ទោះយ៉ាងណា​យើង​ជឿថា វិធានការ​នានា​ដែល​បានដាក់​ឲ្យ​ដំណើរការ​ដោយ​រដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន និង​ក៏​ផ្ដល់​ភាព​ធូរស្រាល​មួយចំនួន​ទាំង​អតិថិជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​អំឡុងពេល​ជួប​ការលំបាក​នេះ​»​។

កាលពី​ដើម​ខែមីនា​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​ទុក​ប្រាក់​ចន្លោះ​ពី​ ៨០០ ​ដល់​ ២ ​ពាន់​លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ ក្នុង​ចំនួន​នោះ ប្រាក់​ ៨០០ ​លាន​ដុល្លារ ​សម្រាប់​អំឡុងពេល​ ៦ ​ខែ និង​ ២ ​ពាន់​លាន​ដុល្លារ ប្រសិន​បើ​ជំងឺ​នេះ​មាន​រយៈពេល​យូរ​រហូត​ដល់​ ១ ​ឆ្នាំ ឬ​កាន់តែ​យូរ​ជាង​នេះ​។

កាលពី​ថ្ងៃទី​ ៣១ ខែមីនា រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​កញ្ចប់​លើកទឹកចិត្ត​ជុំ​ទី​ ២ តាមរយៈ​ការផ្ដល់​ការលើកលែង​ពន្ធ​អប្បបរមា​រយៈពេល​ ៣ ​ខែ​សម្រាប់​វិស័យ​អាកាសចរណ៍ និង​ការលើកលែង​លើ​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ទាំងអស់​សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍​។ ការលើកលែង​ពន្ធ​អប្បបរមា​ ១០ ​ភាគរយ ​អនុវត្ត​ចាប់ពី​ខែមីនា​ដល់​ខែ​ឧសភា សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ប្រតិបត្តិការ​នៅក្នុង​ប្រទេស ​កម្ពុជា​។

រដ្ឋាភិបាល​ក៏​បង្កើន​ទំហំ​នៃ​យន្តការ​រួមចំណែក​ឧបត្ថម្ភ ២០ ​ភាគរយ​ របស់ខ្លួន​ដល់​កម្មករ និង​បុគ្គលិក​ដែល​រង​ផលប៉ះពាល់​ដោយ​ការផ្អាក​ប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេសចរណ៍​។

លោក សុខ សែនសាន បាន​ឲ្យ​ដឹងថា​រហូត​មកដល់​ពេលនេះ​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​កញ្ចប់​លើកទឹកចិត្ត​នេះ​។ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមីនា រដ្ឋាភិបាល​បាន​ដាក់ចេញ​កញ្ចប់​លើក​ទឹកចិត្ត​ជុំ​ទី​ ២ ​រួចហើយ​។

លោក​បន្ថែមថា​៖ «​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​សេចក្ដី​ប្រកាស​មួយ​នៃ​កញ្ចប់​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​បាន​ចង្អុលបង្ហាញ​ថា យើង​មិន​មានការបារម្ភ​ច្រើន​នោះទេ ដោយសារ​តែ​រដ្ឋាភិបាល​នៅតែ​ចេញ​កញ្ចប់​លើក​ទឹកចិត្ត​ដើម្បី​បង្កើន​សេដ្ឋកិច្ច​»៕ LA