ក្រុងប៉េកាំងៈ យ​ន្តហោះ​​ ARJ21 ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​បាន​បញ្ចប់​ការ​ហោះ​ហើរ​សាក​ល្បង​​សីតុណ្ហ​ភាពខ្ពស់​​​នៅ​ទីក្រុង Turpan ជា​តំបន់​ស្វយ័ត​ Xinjiang Uygur របស់​ប្រទេ​ស​ចិន​ភាគ​ពាយព្យ​។ នេះ​បើ​យោងតាម​ក្រុម​ហ៊ុន​ផលិត​​យន្តហោះ​មួយ​នេះ​​​កាល​ពី​ថ្ងៃ​អង្គារ។

ក្រុម​ហ៊ុន​ Commercial Aircraft Corporation of China (COMAC) របស់​​រដ្ឋ​ចិន បាន​ឲ្យ​ដឹង​ថា យន្ត​ហោះ​​នេះ​បានចំណាយ​ពេល​ ១២ ​ថ្ងៃ​​នៅ​ទីក្រុង Turpan ដោយ​សាក​ល្បង​ប្រតិបត្តិ​ការ និង​​​អនុវត្ត​​​ប្រព័ន្ធ​​ដែល​ពាក់​ព័ន្ធ​​របស់​​​យន្តហោះ​​ម៉ូដែល​នេះ។​

ទីក្រុង​ Turpan មានចម្ងាយ​​ប្រហែល​ ១៥០ គីឡូម៉ែត្រ​​ភាគ​ខាងត្បូង​នៃ​ទីក្រុង Urumqi។ ទីក្រុង​​​មានឈ្មោះល្បីខាង​បរិ​យាកាស​​វាល​ខ្សាច់​ដ៏អាក្រក់​ខ្លាំង​ ជា​ពិសេស​រដូវ​ក្ដៅ​ហួត​ហែង​ខ្លាំង​។

ការ​ហោះ​ហើរ​សាកល្បង​ ត្រូវបានធ្វើ​​ឡើង​ដើម្បី​ពង្រឹង​បន្ថែមទៀត​​ឲ្យ​បាន​កាន់តែ​ប្រសើ​រ​​ដល់​​ប្រព័ន្ធ ARJ21 ខណៈ​ដែល​ក្រុម​ហ៊ុន​កំពុង​ខិត​ខំ​​ប្រឹង​ប្រែង​​ផ្ដល់​ម៉ូដែល​យន្ត​ហោះ​ដែលមាន​ទម្ងន់​ស្រាល​​ ស៊ីសាំង​តិច​ និង​ដែល​អាច​ថែទាំង​​បានងាយស្រួល​។ នេះ​បើ​យោង​តាម COMAC ​។​

យន្ត​ហោះ​ ARJ21 មាន​កន្លែង​អង្គុយ​ពី ៧៨ ទៅ​ ៩០ កៅអី​ មាន​រយៈ​ចម្ងាយ​ហោះ​ហើរ​ ៣ ៧០០ គីឡូម៉ែត្រ​ និង​​ជា​យន្ត​ហោះដឹកអ្នក​ដំណើរ​​ក្នុងតំបន់​​លើក​ដំបូង​ដែល​​ប្រទេស​ចិន​ ​​បានអភិវឌ្ឍ​ឡើង​ ដោយ​ប្រើ​ប្រាស់​​ស្ដង់ដារ​ហោះ​ហើរ​​​អន្តរជាតិ​។​

យន្ត​ហោះ​នេះ​បាន​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជ​កម្ម​​នៅ​កាល​ពីថ្ងៃ​ទី​២៨ ខែ​​មិថុ​នា ឆ្នាំ​២០១​៦ ដោយ​​​ផលិតកម្ម​ទ្រង់​ទ្រាយ​ធំ​ចាប់​ផ្ដើម​​កាល​ពីខែ​កញ្ញា​ ឆ្នាំ ២០១៧​។​

ក្រុមហ៊ុន Chengdu Airlines ដែល​ជា​​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​​ដែល​ប្រើ​យន្ត​ហោះ​ ARJ21 បាន​ប្រើ​ប្រាស់​យន្តហោះនេះ​ចំនួន ៥​ គ្រឿង​​សម្រាប់​ផ្លូវហោះ​ហើរ​ ៨ ដែល​ត​ភ្ជាប់ទី​ក្រុង​របស់​ប្រទេសចំនួន​​ ១៥៕​ People’s Daily/LA