ភ្នំពេញៈ ក្រសួងទេសចរណ៍​បានរៀបចំ​នូវ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ផែនការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩ ខណៈ​វិស័យនេះ​ចាប់ផ្តើម​មាន​ពន្លឺ​ឡើងវិញ​ខ្លះៗ​ហើយ ក្រោយពី​ប្រទេសមួយ​ចំនួន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទៅដល់​ប្រជាជន​របស់គេ​។

បន្ទាប់ពី​ឆ្លងកាត់​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ និង​អ្នកពាក់ព័ន្ធ​រួចមក សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ឆ្នាំ​ ២០២០-២០២៥ ត្រូវ​ចែកចេញ​ជា ៣ ​ដំណាក់កាល​គឺ​ការគ្រប់គ្រង​វិបតិ្ត​ក្នុង​ដំណាក់កាល​ទម្លាប់​ថ្មី និង​ការរៀបចំ​ផែនការ​ស្តារឡើងវិញ​ (២០២០-២០២១), ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ​ ១៩ (២០២២-២០២៣),​និង​ការរៀបចំ​ឆ្ពោះទៅកាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៤-២០២៥)​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​អាច​បន្ត​និរន្តរភាព​របស់ខ្លួន​ក្នុង​បរិបទ​ថ្មី​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ និង​ការត្រៀមខ្លួន​ពេល​ជំងឺ​នេះ​បញ្ចប់​ទៅវិញ​។

លោក​បន្តថា ចាប់ពី​កូវីដ​ ១៩ ផ្ទុះឡើង​ក្រសួង​បានធ្វើ​កិច្ចការ​ជាច្រើន ដើម្បី​ជួយ​ទ្រទ្រង់​វិស័យនេះ​ឱ្យមាន​និរន្តរភាព​ដូចជា ការដាក់ចេញ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។

លោក​និយាយថា​៖ «​សេចក្តីព្រាង​យុទ្ធសាស្ត្រ​នេះ​នឹង​ក្លាយជា​ផែនទី​ចង្អុលបង្ហាញ​ដើម្បី​ធ្វើយ៉ាងណា​ពង្រឹង​គោលដៅ​ទេសចរណ៍​របស់​យើង​ឱ្យ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព ផ្តល់​ភាពកក់ក្តៅ និង​ទំនុកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន ព្រមទាំង​ដើរ​ស្របតាម​បរិបទ​គន្លង​ថ្មី​នៃ​វិស័យ​ទេសចរណ៍​ពិភពលោក​»​។

ទាក់ទង​ក្តី​រំពឹង​ពី​ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា លោក សុភ័ក ប្រាប់ថា​៖ «​មាន​សេណារីយោ​ចំនួន ២ គឺ​ទី​ ១ បើ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នៅក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​រំពឹងថា នៅ​ឆ្នាំ​ ២០២៣ វិស័យនេះ​នឹងមាន​សម្ទុះ​ឡើងវិញ ហើយ​ចំនួន​តួលេខ​ភ្ញៀវទេសចរ​បរទេស​អាច​មាន​ប្រហាក់ប្រហែល​ឆ្នាំ​ ២០១៩​។ ទោះយ៉ាងណា​បើ​ពិនិត្យមើល​ទៅលើ​ស្ថានភាព​ពេលនេះ គឺ​វ៉ាក់សាំង​នៅ​មិនទាន់​មាន​ភាពច្បាស់លាស់ ១០០ ភាគរយ​ទេ ដូច្នេះ​ស្ថានភាព​ទេសចរណ៍​កម្ពុជា​នឹង​អាច​ចូល​សេណារីយោ ទី​ ២ ដោយ​វា​នឹង​អាច​ត្រូវការ​ពេល​រហូតដល់​ឆ្នាំ​ ២០២៥ ទើប​មាន​ភាព​ល្អប្រសើរ​ដូច​ក្នុងអំឡុង​ឆ្នាំ​ ២០១៩»​។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​បាន​បង្ហាញថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ៦,៦១ ​លាន​នាក់ កើន ៦,៦ ​ភាគរយ​ពី​ចំនួន ៦,២ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៨​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក​កម្ពុជា​លោក ធួន ស៊ីណាន បាន​លើកឡើងថា បើទោះបី​មិនទាន់​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​លោក​គិតថា សេចក្តីព្រាង​យុទ្ធសាស្ត្រ​ដែលមាន ៣ ​ដំណាក់កាល​នេះ គឺអាច​ទទួល​យកបាន ព្រោះ​មុន​ដល់ពេលនេះ​វា​បាន​ឆ្លងកាត់​ការពិភាក្សា​ជាមួយ​វិស័យ​ឯកជន​មាន​ច្រើនលើក​រួច​មក​ហើយ​។

លោក​បន្តថា ការរីករាលដាល​កូវីដ​ ១៩ បានធ្វើឱ្យ​សេដ្ឋកិច្ច​គ្រប់​ប្រទេស​លើ​ពិភពលោក​ជួប​វិបត្តិ​ដ៏ធំធេង ហេតុនេះ​ទោះបី​មនុស្ស​គ្រប់រូប​ទទួល​បាន​វ៉ាក់សាំង​ក៏ដោយ ក៏​ស្ថានភាព​សេដ្ឋកិច្ច​របស់គេ​នៅតែ​ជួប​បញ្ហា​ប្រឈម​យូរ​ទៅមុខទៀត​ដដែល​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​អាច​ត្រូវការ​ពេល​ពី​ ៥-៧ ​ឆ្នាំ ទើប​ចំនួន​ភ្ញៀវទេសចរ​មក​កម្ពុជា​អាចមាន​ចំនួន​ប្រហាក់ប្រហែល​ឡើងវិញ​»​។

ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ខិតខំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នោះ លោក ស៊ីណាន បាន​អះអាង​ថា នេះ​ជា​ឆ្អឹងខ្នង​មួយផ្នែក​ដែល​នឹង​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មាន​សកម្មភាព​ឡើងវិញ​។

ទិន្នន័យ​ក្រសួងទេសចរណ៍​ឱ្យ​ដឹងថា ពី​ខែ​មករា-ខែតុលា កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ១,២៦ ​លាន​នាក់​ធ្លាក់ ៧៦,១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៥,២៩ ​លាន​នាក់​៕LA