The Phnom Penh Post Search

Search form

យុវជន​កម្ពុជា​ប្រឈម​ភាព​គ្មាន​ការងារ

យុវជន​កម្ពុជា​ប្រឈម​ភាព​គ្មាន​ការងារ

131129_12
និស្សិតកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យមួយនៅភ្នំពេញ ភ្នំំពេញ ប៉ុស្តិ៍

ភ្នំពេញៈ របាយ​ការណ៍​បង្ហាញ​ថា អត្រា​បោះបង់​ការ​សិក្សា​នៅ​កម្ពុជា​ជា​សញ្ញា​ព្រួយ​បារម្ភ​ដល់​អនាគត​ប្រទេស ខណៈ​យុវជន​កម្ពុជា​នឹង​ចូល​រួម​កាន់​តែ​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ទៅ​ថ្ងៃ​អនាគត។

ទិន្នន័យ​ថ្មី​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​រក​ឃើញ​ថា អត្រា​ឈប់​រៀន​កើន​ឡើង​ខ្ពស់​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​សម្រាប់​អនាគត​ប្រទេស​ជាតិ។

តួលេខ​ពី​ការ​អង្កេត​របស់​អង្គការ​ពលកម្ម​កុមារ និង​កម្លាំង​ពលកម្ម​កម្ពុជា បង្ហាញ​ថា នៅ​ឆ្នាំ ២០១២ យុវជន​ប្រហែល ៣,៨ ភាគរយ ឬ ៨០ ៩៨០ នាក់ ក្នុង​ចំណោម​យុវជន​ជាង​ពីរ​លាន​នាក់​មាន​អាយុ​ពី ១៥ ដល់ ២៤ ឆ្នាំ​បច្ចុប្បន្ន​គ្មាន​ការងារ​ធ្វើ​។ អត្រា​នេះ​គឺ​ខ្ពស់​ជាង​អត្រា​ជាតិ​ដែល​មាន ២,៧ ភាគរយ។

របាយ​ការណ៍​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​បាន​លម្អិត​ពី​ការ​អប់រំ​កម្រិត​ទាប​របស់​យុវជន​កម្ពុជា​ក្នុង​ការ​ចូល​បម្រើ​ក្នុង​កម្លាំង​ពលកម្ម។​មាន​តែ ៤៦,៧ ភាគរយ​នៃ​យុវជន​មាន​ការងារ​ធ្វើ​ទាំង​នោះ​បាន​រៀន​ចប់​ថ្នាក់​មធ្យម​សិក្សា ខណៈ​មាន​តែ ៤១,៥ ភាគរយ​បាន​បញ្ចប់​ថ្នាក់​បឋម​សិក្សា។

លោក Makiko Matsumoto អ្នក​ឯកទេស​ខាង​ការងារ​នៅ ILO បាន​និយាយ​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ «ប្រសិន បើ​អ្នក​បូក​រួម​អត្រា​ឈប់​រៀន​នេះ មាន​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​អនាគត​នៃ​កម្លាំង​ជំនាញ»។

លោក ម៉ី កល្យាណ អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​មួយ​រូប​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ងើប​ចេញ​ពី​ប្រវត្តិសាស្ដ្រ​មួយ​នៃ​ជម្លោះ​និង​ភាព​ក្រីក្រ​ធ្វើ​ឲ្យ​តុល្យភាព​រវាង​ការ​អប់រំ និង​ការងារ​ជា​បញ្ហា​ប្រឈម​មួយ។

លោក​បាន​លើក​ឡើង​ពី​យុទ្ធសាស្ដ្រ ចតុកោណ​របស់​រដ្ឋាភិបាល ហើយ​វា​ផ្ដោត​លើ​ធនធាន​មនុស្ស​។ លោក​បន្ត​ថា ផែនការ​សម្រាប់​ការ​អប់រំ​ចាំបាច់​ត្រូវ​ផ្គូផ្គង​ជាមួយ​តម្រូវការ​កម្លាំង​ពលកម្ម ប៉ុន្តែ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​រយៈ​ពេល​កន្លង​មក​នឹង​លើក​ទឹក​ចិត្ត​ដល់​ការ​ចូល​រួម​ក្នុង​ការ​អប់រំ​កាន់​តែ​ខ្លាំង។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ភ្ជាប់​អត្រា​ឈប់​រៀន​ទៅ​នឹង​ភាព​ក្រីក្រ។ លោក​បន្ត​ថា៖ «វា​ត្រូវ​បាន​ឪពុក​ម្ដាយ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​វិនិយោគ​លើ ការ​អប់រំ​កូនៗ​របស់​ពួក​គេ ហើយ​ពួកគេ​បារម្ភ​ថា បន្ទាប់​ពី​ទទួល​សញ្ញាបត្រ​កូនៗ​របស់​ពួកគេ​នឹង​រក​បាន​តែ​ការងារ​មាន​ប្រាក់​ខែ​ទាប​ប៉ុណ្ណោះ»។

លោក ហុង ជឿន នាយក​នៅ​ភ្នាក់ងារ​ការងារ​ជាតិ​របស់​រដ្ឋាភិបាល បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ខណៈ​កម្ពុជា​ធ្វើ​ដំណើរ​ចេញ​ពី​ការងារ​ប្រើ​ប្រាស់​កម្មករ​ច្រើន​ទៅ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​កម្រិត​មធ្យម ប្រព័ន្ធ​អប់រំ​កំពុង​ជម្នះ​នឹង​បញ្ហា​នេះ ខណៈ​ទីផ្សារ​ប្រែ​ប្រួល៕ PB

អត្ថបទគួរចាប់អារម្មណ៍