The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យ៉ង សាំង​កុមារ៖ បើ​ខ្ញុំ​មាន $២០​លាន​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កសិករ​រាប់​ម៉ឺន​គ្រួសារ​ក្លាយ​ជា​អ្នក​ដាំ​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ

យ៉ង សាំង​កុមារ៖ បើ​ខ្ញុំ​មាន $២០​លាន​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កសិករ​រាប់​ម៉ឺន​គ្រួសារ​ក្លាយ​ជា​អ្នក​ដាំ​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ

Content image - Phnom Penh Post
លោក យ៉ង សាំងកុមារ ប្រធាន​អង្គការ​កសិកម្ម​សេដាក​ក្នុង​បទ​សម្ភាស​ជា​មួយ​ភ្នំពេញ ប៉ុស្តិ៍។ ស៊ន សារ៉ាត

យ៉ង សាំង​កុមារ៖ បើ​ខ្ញុំ​មាន $២០​លាន​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កសិករ​រាប់​ម៉ឺន​គ្រួសារ​ក្លាយ​ជា​អ្នក​ដាំ​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ

ភ្នំពេញៈ កសិកម្ម​ជា​ក្បាល​ម៉ាស៊ីន​ជំរុញ​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់​ទាំង ៤ ​របស់​កម្ពុជា។ បម្រែ​បម្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​កម្ពុជា​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ខណៈ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ប្រទេស​ពឹង​ផ្អែក​កសិកម្ម​មួយ​នេះ​នៅ​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។

រដ្ឋាភិបាល​កំពុង​ជំរុញ​ដល់​កសិកម្ម​ដាំ​បន្លែ ដែល​អាច​ឲ្យ​កសិករ​រក​ចំណូល​បាន​លឿន និង​ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​ពី​ក្រៅ​ប្រទេស​ដែល​បាន​ចំណាយ​លុយ​រាប់រយ​លាន​ដុល្លារ។

លោក យ៉ង សាំង​កុមារ បាន​ស្វាគមន៍​វិធានការ​រដ្ឋាភិបាល ប៉ុន្តែ​ជំរុញ​ឲ្យ​ប្រញាប់​ដោះស្រាយ​បញ្ហា​ធារា​សាស្ត្រ។

រដ្ឋាភិបាល​គ្រោង​ចំណាយ​២០​លាន​ដុល្លារ​ដើម្បី​គាំទ្រ​កសិកម្ម​បន្លែ​ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង។ លោក​យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​គម្រោង​នេះ?

គម្រោង​នេះ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ជា​យូរ​មក​ហើយ ប៉ុន្តែ​វា​ក៏​មិន​ទាន់​យឺត​ពេល​ដែរ ហើយ​យើង​ស្វាគមន៍​គម្រោង​នេះ ហើយ​ក៏​ចង់​ឃើញ​គម្រោង​នេះ​អនុវត្ត​បាន​ជោគជ័យ ព្រោះ​បញ្ហា​បន្លែ​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​មួយ​ធំ​សម្រាប់​សង្គម​កម្ពុជា​យើង ដោយ​សារ​យើង​ត្រូវ​ការ​បន្លែ​សម្រាប់​បរិភោគ​កាន់​តែ​ច្រើន​ហើយ​វា​មាន​សារៈសំខាន់​សម្រាប់​សុខភាព​របស់​យើង ប៉ុន្តែ​បន្លែ​ដែល​យើង​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​យើង​បច្ចុប្បន្ន​ភាគ​ច្រើន​ត្រូវ​បាន​នាំចូល​ពី​បរទេស ហើយ​ភាគ​ច្រើន​នៃ​បន្លែ​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់​ថ្នាំ​ពុល​កសិកម្ម។

គម្រោង​នេះ​ពិត​ជា​សំខាន់​ណាស់ ទីមួយ​យើង​អាច​ជំនួស​ការ​នាំ​ចូល កាត់​បន្ថយ​ការ​ហូរ​ចេញ​ថវិកា​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ​យើង​ក៏​នឹង​បង្កើត​ការងារ​ព្រោះ​កសិកម្ម​ដាំ​បន្លែ​អាច​បង្កើត​ការងារ​បាន​រាប់​ម៉ឺន​នាក់។កសិករ​យើង​នឹង​អាច​បាន​ចំណូល​ខ្ពស់​ពី​ការដាំ​បន្លែ ព្រោះ​ការ​ដាំ​បន្លែ​បើ​យើង​ប្រៀបធៀប​ការ​ធ្វើ​ស្រែ​វា​បាន​ចំណូល​ខ្ពស់​ជាង ហើយ​អាច​រក​លុយ​បាន​លឿន​ជាង មាន​ន័យ​ថា​គេ​អាច​រក​ចំណូល​បាន​ជា​ប្រចាំ។

ហេតុអ្វី​បាន​ជា​កសិករ​មិន​សូវ​ជា​ផុសផុល​ក្នុង​ការ​ដាំ​បន្លែ?

តាម​បទពិសោធ​ខ្ញុំ​ធ្វើ​ការ​ជាមួយ​កសិករ​ខ្មែរ​ជិត​២០​ឆ្នាំ​មក​នេះ​សង្កេត​ឃើញ​ថា គាត់​មាន​ការ​លំបាក ទី១​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​ខ្លួន​គាត់​តែ​ម្តង អត្តចរិត អកប្បកិរិយា និង​ការ​គិត ទី​ពីរ​ទាក់ទង​នឹង​ការ​ទទួល​បាន​ការ​ពង្រឹង​សមត្ថភាព ទាក់ទង​នឹង​បច្ចេកទេស ទី​បី​ទាក់ទង​នឹង​ការងារ​ទំនាក់​ទំនង​ទីផ្សារ ហើយ​ទី៤​ទាក់ទង​នឹង​ការ​ទទួល​បាន​ទុន​ដើម្បី​យក​មក​អភិវឌ្ឍ​វិស័យ​នេះ។

អ្វី​ដែល​សំខាន់​គឺ​យើង​គាំទ្រ​កសិករ​ទៅ​ជា​ប្រព័ន្ធ យើង​ត្រូវ​ការ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ចុះ​ធ្វើ​ការ​ជាមួយ​កសិករ។ ចំពោះ​ខ្ញុំៗ​យល់​ឃើញ​ថា បើ​យើង​មាន​កសិករ​អាជីព​ប្រហែល​ជា​ ១០ ០០០​ នាក់​ដាំ​បន្លែ ហើយ​យើង​គាំទ្រ​ពួក​គេ​ទាំង​ទីផ្សារ បច្ចេកទេស ការ​ដឹក​ជញ្ជូន ការ​ស្តុក​ទុក ការ​កែច្នៃ ទាំង​ដើមទុន​ដើម្បី​រៀបចំ​ប្រព័ន្ធ​ទឹក គឺ​យើង​អាច​មាន​បរិមាណ​បន្លែ​សមរម្យ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ហើយ​អាច​ប្រកួត​ប្រជែង ដោយ​យើង​មិន​ចាំបាច់​អន្តរាគមន៍​លើ​ការ​នាំ​ចេញ នាំ​ចូល​នោះទេ។

ដូច្នេះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​វិនិយោគ​លើ​រឿង​នេះ ដែល​ការ​វិនិយោគ​នោះ​គឺ​សំដៅ​លើ​បណ្តុះ​ធនធាន​មនុស្ស ហើយ​បញ្ជូន​គាត់​ឲ្យ​ទៅ​ធ្វើ​ការ​ជាមួយ​កសិករ ។ ខ្ញុំ​គិត​ថា​យើង​ត្រូវ​ការ​អ្នក​ជំនាញ​ចន្លោះ ១០០ ទៅ​ ២០០​ នាក់​ ដើម្បី​ចុះ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​កសិករ​ទូទាំង​ប្រទេស។

បច្ចុប្បន្ន​បើ​យើង​គិត​ជារួម​ទូទាំង​ប្រទេស​តម្រូវ​ការ​បន្លែ​មាន​រហូត​ដល់ ​៥០០ ​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​យើង​គិត​ជា​ទឹក​ប្រាក់​វា​អាច​មាន​រហូត​ដល់ ​២០ ទៅ​ ៣០ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំនួន​នេះ​កើន​ឡើង​រហូត​ពី១​ឆ្នាំ​ទៅ ១​ឆ្នាំ​។ អ៊ីចឹង​វា​មាន​ទំហំ រាប់រយ​លាន​ដុល្លារ​ពី​ ២០០ ទៅ​ ៣០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​បន្លែ​នៅ​លើ​ទីផ្សារ នេះ​យើង​មិន​ទាន់​គិត​ការ​លក់​តូច​តាច​នៅ​តាម​ភូមិ​ផង។

តើ​ទឹក​ប្រាក់​២០​លាន​នឹង​គ្រប់​គ្រាន់​ទេ​សម្រាប់​គម្រោង​នេះ?

២០​លាន​នឹង​ច្រើន បើ​យើង​ចេះ​ចាត់​ចែង​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​វា​អាច​ជួយ​ច្រើន​ណាស់។

«ចំពោះ​ខ្ញុំ​វិញ​បើ​ខ្ញុំ​មាន​២០​លាន​ដុល្លារ​ខ្ញុំ​អាច​ធ្វើ​ការងារ​នឹង​បាន​ធំ​ដុំ​ហើយ​អាច​ធ្វើ​ឲ្យ​កសិករ​រាប់​ម៉ឺន​គ្រួសារ​ក្លាយ​ជា​អ្នក​ដាំ​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ»។

ដូច​ខ្ញុំ​បញ្ចាក់​អ៊ីចឹង​យើង​ត្រូវ​ការ​បុគ្គលិក​ជំនាញ​ចន្លោះ​ ១០០ ទៅ​ ២០០​ នាក់ បើ​យើង​ចំណាយ​តែ​ម្នាក់ ៥ ០០០ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ អ៊ីចឹង​ ១ ឆ្នាំ អស់​តែ​ ១ លាន​ដុល្លារ​ទេ វា​នៅ​សល់ ​១៩​ លាន​ដុល្លារ​ទៀត។

លោក​មើល​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​ស្ថាន​ភាព​ទូទៅ​នៃ​ប្រព័ន្ធ​ធារា​សាស្ត្រ​បច្ចុប្បន្ន?

រដ្ឋាភិបាល​បាន​ប្រើប្រាស់​ទិន្នន័យ​ប្រព័ន្ធ​ធារា​សាស្ត្រ​ដែល​បាន​សាងសង់។ ឧទាហរណ៍​គាត់​សង់​ទំនប់​មួយ​ដែល​គាត់​គិតថា​អាច​ស្រោចស្រព​២ពាន់​ទៅ​៣ពាន់​ហិកតា អ៊ីចឹង​គាត់​បូក​ចូល​គ្នា​ទៅ​ចេញ​ជា​ផ្ទៃដី​ជាង​ ២​ លាន​ហិកតា។ ប៉ុន្តែ​គាត់​មិន​បាន​គិត​ថា​ក្នុង​ចំណោម​ប្រព័ន្ធ​ទាំងអស់​ដែល​មាន​ហ្នឹង​តើ​ប្រព័ន្ធ​ប៉ុន្មាន​ដែល​ដំណើរ​ការ ហើយ​ប៉ុន្មាន​ដែល​មិន​ដំណើរ​ការ ប៉ុន្មាន​ដែល​សង់​ហើយ​ខូច ប៉ុន្មាន​ដែល​សង់​ហើយ​មិន​អាច​យក​ទឹក​មក​ប្រើ​ប្រាស់​បាន។ ខាង​ធនាគារ​ពិភពលោក ក៏​ដូច​ជា​ខ្ញុំ​ផ្ទាល់​គឺ​យក​អ្វី​ដែល​ដំណើរ​ការ​ពិត​ប្រាកដ ដែល​អាច​ស្រោច​ស្រព​បាន​ទាំង​ប្រាំង និង​វស្សា ហើយ​បើ​យើង​គិត​ទៅ​វា​មិន​ដល់​ ១០ ​ភាគរយ​ទេ។ រដ្ឋាភិបាល​អាច​ត្រូវ​មួយ​ជ្រុង ប៉ុន្តែ​ខុស​មួយ​ជ្រុង​ដោយ​សារ​គាត់​មិន​បាន​មើល​ជាក់​ស្តែង​ពិត​ប្រាកដ។ តាម​យើង​ដឹង​គម្រោង​ធារាសាស្ត្រ​ជាង ២ ០០០ ទាំង​ធំ​ទាំង​តូច​នឹង​មាន​ដំណើរ​ការ​តែ​ជាង ​២០ ​ភាគរយ​ប៉ុណ្ណោះ។

តើ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​បញ្ហា​នេះ?

ទាក់ទង​នឹង​ធារា​សាស្ត្រ​នេះ​វា​មាន​បី​ចំណុច​ដែល​យើង​ត្រូវ​គិត​ឡើង​វិញ ទី​មួយ​ ពេល​យើង​ធ្វើ​គម្រោង​សាងសង់​អ្វី​មួយ​ត្រូវ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ។ ទី​ពីរ​ ពេល​យើង​ប្រគល់​ឲ្យ​គាត់​ប្រើ​ប្រាស់​យើង​ត្រូវ​មាន​យន្តការ​មួយ​តាម​ជួយ​គាំទ្រ​ពង្រឹង​សមត្ថភាព​គាត់ ជា​គោល​ការណ៍​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ជួយ និង​ផ្តល់ ប៉ុន្តែ​ជាក់ស្តែង​មិន​បាន​អនុវត្ត​ទេ។ ទី​បី​ យើង​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ទាំង​ការងារ​ធារាសាស្ត្រ ទីផ្សារ ការងារ​ផ្សព្វ​ផ្សាយ​កសិកម្ម​ត្រូវ​ទៅ​ជា​មួយ​គ្នា។

រដ្ឋាភិបាល​ត្រូវ​ផ្តោត​លើ​ប្រព័ន្ធ​តូចៗ​មិន​ត្រូវ​ផ្តោត​តែ​គម្រោង​ធំៗ​នោះ​ទេ អ៊ីចឹង​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ក្នុង​មួយ​ឆ្នាំ​មាន​ថវិកា​មួយ​សម្រាប់​សហគមន៍​យក​ទៅ​ធ្វើ​ធារា​សាស្ត្រ​តូចៗ​នឹង មួយ​ទៀត​រដ្ឋាភិបាល​អាច​មាន​ទុន​សម្រាប់​កសិករ​ជីក​ស្រះ​ទឹក​ដើម្បី​ស្តុក​ទឹក​ទុក ហើយ​ចំពោះ​ខ្ញុំ​គម្រោង​ស្រះ​ទឹក​គឺ​សំខាន់​ណាស់​សម្រាប់​កសិករ។ ប្រសិន​បើ​យើង​នៅ​តែ​មាន​ប្រព័ន្ធ​ធារា​សាស្ត្រ​បែប​នេះ​ទៀត គឺ​វិស័យ​កសិកម្ម​យើង​នឹង​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ណាស់ ជា​ពិសេស​ប្រទេស​ធំៗ​ជិត​ខាង​យើង។

តើ​លោក​គិត​ថា​រដ្ឋាភិបាល​បាន​គិត​ពី​បញ្ហា​នេះ​ទេ?

ខ្ញុំ​គិតថា​គាត់​គិត ប៉ុន្តែ​អារឿង​ធ្វើ​ខ្ញុំ​ក៏​មិន​ដែរ ពីព្រោះ​គាត់​ចូល​ចិត្ត​ធ្វើ​គម្រោង​ធារាសាស្ត្រ​ធំ ដោយ​សារ​លុយ​វា​ច្រើន គាត់​មិន​ចូល​ចិត្ត​ធ្វើ​អា​តូចៗ​ទេ។

ការ​រំពឹង​ទុក​ពី​វិស័យ​កសិកម្ម​នៅ​ឆ្នាំ​ក្រោយ​យ៉ាង​ម៉េច​ដែរ?

ក្នុង​វិស័យ​ដំណាំ​ស្រូវ ក៏ដូចជា​វិស័យ​ផ្សេងៗ​ដូច​ជា​កៅស៊ូ ខ្ញុំ​មិន​រំពឹង​ថា​វា​អាច​ប្រសើរ​ជាង​ឆ្នាំ​នេះ​ទេ ដោយ​សារ​បច្ចុប្បន្ន​តម្លៃ​ទាប​អ៊ីចឹង​ការ​វិនិយោគ​ក្នុងការ​ពង្រីក​វិស័យ​ហ្នឹង​ដូចជា​មិន​សូវ​មាន​សន្ទុះ មួយ​ទៀត​ដោយ​សារ​បញ្ហា​អាកាសធាតុ ប៉ុន្តែ​ ខ្ញុំ​រំពឹង​ថា ជា​ពិសេស​ការ​ដាំ​ដុះ​បន្លែ និង​ផ្លែឈើ​នឹង​រីក​ចម្រើន​ច្រើន​ជាង​មុន​សម្រាប់​ឆ្នាំ​២០១៦​ដោយ​សារ​តម្រូវ​ការ​បន្លែ​កាន់​តែ​កើន​ឡើង ហើយ​មួយ​ទៀត​ដោយ​សារ​ការ​ជំរុញ​ជា​ទូទៅ ដូចជា​កម្មវិធី​ជួយ​ជំរុញ​ពី​រដ្ឋាភិបាល ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចង់​ឲ្យ​មាន​បន្លែ​ក្នុង​ស្រុក​ឲ្យ​ច្រើន អ៊ីចឹង​វា​អាច​ជំរុញ​កសិកម្ម​បន្លែ​ស្ទុះ​ងើប​ឡើង។ បើ​យើង​ចង់​ឲ្យ​ប្រទេស​ដើរ​ទៅ​មុខ​យើង​ត្រូវ​ចាប់​ផ្តើម​ពី​វិស័យ​កសិកម្ម ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ពឹង​លើ​វិស័យ​កសិកម្ម​មួយ​ជីវិត​ដែរ។

តាម​ការ​ប៉ាន់ស្មាន​របស់​ខ្ញុំ​នឹង​មាន​កសិករ​តែ​ ២៥​ ភាគរយ​ប៉ុណ្ណោះ​នឹង​ក្លាយ​ជា​អ្នក​ផលិត អ្នក​ធ្វើ​កសិកម្ម​អាជីព​ដើម្បី​ពាណិជ្ជកម្ម​ទៅ​ថ្ងៃ​មុខ ខណៈ​អ្នក​ផ្សេង​ទៀត​នឹង​មក​រស់​នៅ​ទីក្រុង ហើយ​មួយ​ចំនួន​នឹង​ធ្វើ​ការ​ជា​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ អ៊ីចឹង​ ១០ ​ឆ្នាំ​ទៀត​គឺ​អាច​មាន​តែ​២៥​ភាគរយ​ប៉ុណ្ណោះ អ៊ីចឹង​បើ​យើង​ជួយ​កសិករ​ ២៥​ ភាគរយ (កន្លះ​លាន​នាក់​ទូទាំង​ប្រទេស) ឲ្យ​ក្លាយ​ជា​កម្លាំង​ផលិត​ដ៏​រឹង​មាំ។

សមាហរណកម្ម​អាស៊ាន​នឹង​ចូល​មក​ដល់ តើ​វិស័យ​កសិកម្ម​កម្ពុជា​ប្រឈម​អ្វី​ខ្លះ?

វា​មាន​ចំណេញ វា​មាន​ខាត ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ផល​ចំណេញ​ច្រើន​ជាង​ប្រសិន​បើ​យើង​ពង្រឹង​សមត្ថភាព​យើង​ឲ្យ​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង ព្រោះ​កម្ពុជា​ស្ថិត​នៅ​ចន្លោះ​ទីផ្សារ​ធំ​ពីរ យើង​ស្ថិត​នៅ​ចន្លោះ​ទីក្រុង​បាងកក និង​ហូជីមិញ​ហើយ​ទីក្រុង​ទាំង​ពីរ​មាន​ចំនួន​ប្រជាជន​ច្រើន​ជា​ខ្មែរ​យើង​ច្រើន ដូច្នេះ​ចំពោះ​ខ្ញុំៗ​មើល​ឃើញ​ឱកាស​ធំ​ជាង។

ប៉ុន្តែ​ពេល​នោះ​ថៃ វៀត​ណាម​ក៏​មាន​ផលិតផល​ចូល​មក​កម្ពុជា​ដែរ!

គេ​ខ្លាំង យើង​ក៏​ខ្លាំង​ដែរ ជា​ពិសេស​ខ្ញុំ​រំពឹង​ទីផ្សារ​នៅ​វៀតណាម​ធំ​ជាង​ ដោយ​សារ​ ទី ១ ​ប្រជាជន​វៀតណាម​នឹង​ឡើង​ដល់​ ១០០ ​លាន​នាក់​ក្នុង​ពេល​ឆាប់ៗ ទី២​ ប្រជាជន​ វៀតណាម ​ប្រហែល​ជា​ ១០ ឆ្នាំ​ទៀត​ គឺ​ ៥០ ​ភាគរយ​ នៃ​ប្រជាជន​វៀតណាម​ឈប់​ធ្វើ​កសិកម្ម ហើយ​ជា​ប្រជាជន​ដែល​មក​រស់​នៅ​ទីក្រុង ទី៣ ​ប្រទេស​ វៀតណាម ​មាន​ផ្ទៃ​ដី​កសិកម្ម​កាន់​តែ​តូច​ទៅ ផ្ទៃ​ដី​ដែល​អាច​ធ្វើ​ស្រែ​បាន​នៅ​ប្រទេស​វៀតណាម​មាន​ ប្រហែល​ជា​ ៤​ លាន​ហិកតា ដូច្នេះ​ ៤​ លាន​ហិកតា​មិន​អាច​ចិញ្ចឹម​មនុស្ស​ ១០០​ លាន​នាក់​បាន​ទេ អ៊ីចឹង​វា​នឹង​បង្កើត​នូវ​ចន្លោះ។ ឥឡូវ​គេ​ងាក​មក​សរីរាង្គ​ខ្លាំង​អ៊ីចឹង​បើ​យើង​បង្កើន​សមត្ថភាព​ផលិត​សរីរាង្គ​ឲ្យ​បាន​ច្រើន​ហើយ​លក់​ទៅ​វៀតណាម​វិញ​យើង​នឹង​អាច​មាន​ឱកាស​ធំ៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។