ភ្នំពេញៈ ប្រទេសកម្ពុជាកំពុងប្រឈមនឹងការចាប់ផ្ដើមរដូវវស្សាយឺត ដែលអ្នកជំនាញ និងមន្ដ្រីរដ្ឋាភិបាលលើកឡើងពីក្តីបារម្ភអំពីរដូវប្រាំងរយៈពេលយូរដែលនឹងប៉ះពាល់ដល់ផលិតផលកសិកម្ម។
លោក ងិន ឆាយ ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្មថ្លែងថា កសិករនៅទូទាំងប្រទេសបារម្ភអំពីកង្វះទឹកភ្លៀង និងការពន្យារពេលនៃការដាំដុះដែលតាមទម្លាប់ចាប់ផ្តើមពីខែឧសភា ដល់ ខែវិច្ឆិកា។
លោកលើកឡើងថា៖ «នៅតាមខេត្តមួយចំនួន កសិករកំពុងរង់ចាំទឹកភ្លៀង។ មិនមានទឹកភ្លៀងនោះទេរហូតមកដល់សប្ដាហ៍ចុងក្រោយនេះ នៅពេលភ្លៀងចាប់ផ្ដើមធ្លាក់គឺមានតែនៅក្នុងតំបន់មួយចំនួនប៉ុណ្ណោះ»។
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីប្រកាសមួយកាលពីដើមខែមេសាដោយបញ្ជាក់ថា កម្រិតទឹកភ្លៀងជាមធ្យមត្រូវបានរំពឹងថានឹងចាប់ផ្ដើមពីខែមេសាដល់ខែមិថុនា។ ប៉ុន្តែបានកែប្រែការប៉ាន់ប្រមាណរបស់ពួកគេរយៈពេលមួយខែក្រោយមក ដោយលើកឡើងថាខែឧសភា និងខែមិថុនានឹងមានទឹកភ្លៀងធ្លាក់តិចតួចប៉ុណ្ណោះ ជាមួយគ្នានេះភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅខែកក្កដាតែប៉ុណ្ណោះ។
លោក Ian Thomas អ្នកប្រឹក្សាយោបល់នៅគណៈកម្មការទន្លេមេគង្គ បានថ្លែងថា ពឹងផ្អែកលើការប៉ាន់ប្រមាណពីរដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិរបស់អាមេរិក ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ដ្រាលី ភ្នាក់ងារឧតុនិយម និងណាសារបស់ប្រទេសជប៉ុន ទឹកភ្លៀងនៅកម្ពុជាអាចមិនគ្រប់គ្រាន់តាមការព្យាករនៅឆ្នាំនេះទេ។

លោកបន្តថា៖ «សូចនាករទាំងអស់គឺថាវានឹងជាឆ្នាំមួយដ៏អាក្រក់។ គ្មានសូចនាករណាមួយមានភាពល្អប្រសើរនោះទេ»។
លោកថ្លែងថា លំនាំអាកាសធាតុ El Nino ត្រូវបានដឹងថានឹងបង្កឲ្យមានស្ថានភាពដូចរដូវរាំងស្ងួតនៅក្នុងតំបន់ទន្លេមេគង្គហើយលំនាំអាកាសធាតុ El Nino នៅឆ្នាំនេះគឺជាលំនាំមួយខ្លាំងបំផុតដែលត្រូវបានវាស់វែងដោយផ្កាយរណប។
អាកាសធាតុ El Nino ត្រូវបានបង្កឡើងដោយសីតុណ្ហភាពកៅ្ដជាងកម្រិតមធ្យមនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលកំពុងបង្កឲ្យមានការប្រែប្រួលអាកាសធាតុ ហើយអាចបណ្ដាលឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ប្រជានេសាទនៅក្នុងតំបន់ទន្លេមេគង្គ។
អង្គការកសិកម្ម និងស្បៀងអាហារពិភពលោក (FAO) បាន និងកំពុងផ្ដល់ប្រឹក្សាដល់កសិករឲ្យត្រៀមទប់ទល់ជាមុននិងការពន្យារពេលដាំដុះដំណាំកសិកម្មនៅរដូវនេះដើម្បីកុំឲ្យខ្ជះខ្ជាយគ្រាប់ពូជ និងសម្ភារដាំដុះ។ នេះបើតាមលោក Nina Brandstrup តំណាងរបស់ FAO ប្រចាំប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «FAO អាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ប្រសិនបើមានការស្នើសុំ ប៉ុន្តែយើងមិនទាន់ទទួលបានការស្នើសុំនៅឡើយទេ»។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ភាពរាំងស្ងួតអាចប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា និងថា ពួកគេបានរៀបចំវិធានការជួយសម្រាលដល់ភាពរាំងស្ងួតនៅក្នុងសេណារីយោដែលជាករណីដ៏អាក្រក់បំផុត។
លោកថ្លែងថា៖ «នៅក្នុងករណីដែលភាពរាំងស្ងួតបង្កឲ្យខូចខាតដល់ដំណាំស្រូវ យើងនឹងប្រគល់គ្រាប់ពូជដើម្បីឲ្យកសិករអាចស្ដារការផលិតរបស់ពួកគេឡើងវិញ»។
លោក ណឹម នួន ជាកសិករនៅខេត្តបាត់ដំបង បានថ្លែងថាសន្ទូងមួយចំនួនរបស់គាត់បានខូចខាតដោយសារតែកង្វះទឹក។
លោកបាននិយាយថា៖ «យើងបានរង់ចាំទឹកភ្លៀង ប៉ុន្តែមិនមានសញ្ញានោះទេ។ វាគឺជាការបារម្ភមួយសម្រាប់ពួកយើងខណៈកាលពីឆ្នាំមុនក៏មានភាពរាំងស្ងួតដែរ»។
មិនអាចទាក់ទងក្រសួងធនធានទឹក និងឧតុនិយមបានទេកាលពីម្សិលមិញ៕PB