
ភ្នំពេញៈ យឿត្រីព្រែកព្នៅហាក់ស្ងប់ស្ងាត់បន្តិចនៅសប្តាហ៍នេះ ប៉ុន្តែខណៈរដូវនេសាទនឹងចូលមកដល់ចាប់ពីសប្តាហ៍ក្រោយ ទៅមជ្ឈមណ្ឌលផ្គត់ផ្គង់ និងចែកចាយត្រីដ៏ធំមួយនេះនឹងមានភាពមមាញឹកច្រើន។
ជាពេល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចាប់ផ្តើមរដូវត្រីប្រហុក។ តាមបណ្ដោយដងទន្លេមេគង្គ ម្ចាស់ដាយនេសាទកំពុងរៀបចំសម្រាប់ពេលវេលាដ៏សំខាន់របស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវឲ្យកសិករនេសាទត្រីត្រៀមខ្លួន ប្រមូលត្រីប្រហុក ខណៈរដូវត្រូវត្រីប្រហុកអាចចាប់ផ្តើមនៅថ្ងៃទី១០ខែធ្នូបើ អាកាសធាតុអំណោយផល។
លោក ណៅ ធួក ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ជាធម្មតា កសិករយើងចាប់ផ្តើមធ្វើប្រហុកនៅពាក់កណ្ដាលខែមករា។ ប៉ុន្តែឆ្នាំនេះ ត្រីប្រហុកយើងអាចត្រូវនៅថ្ងៃ១០ខែនេះប្រសិនបើអាកាសធាតុ អំណោយផល»។ លោកបន្ថែមថា កសិករគួរត្រៀមខ្លួនជាស្រេច ហើយទិន្នផលត្រីនៅឆ្នាំនេះអាចកើនឡើង១០ភាគរយ។
អ្នកដែលប្រកបរបរនេសាទភាគច្រើនជាខ្មែរអ៊ិស្លាម។
លោក សេង ម៉ាត់ ដែលមានអាជីវកម្មនេសាទរយៈពេល៧ឆ្នាំហើយនោះបាននិយាយថា លោកបានរៀបចំរួចហើយសម្រាប់នេសាទត្រីប្រហុកចាប់តាំងពីចុង ខែសីហា។ លោកថា៖ «ខ្ញុំមានឧបករណ៍សម្រាប់នេសាទគ្រប់គ្រាន់អស់ហើយ។ សំណាញ់ និងលួសថ្មីជាដើម»។ លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ត្រីឆ្នាំនេះច្រើន។ ឆ្នាំមុន ខ្ញុំខាតអស់ប្រមាណ២០ ០០០ដុល្លារ »។
អ្នកនេសាទត្រូវបង់ថវិកាជូនរដ្ឋរង្វង់ពី១០លានទៅ៤០លានរៀលដើម្បីកាន់កាប់ដាយនេសាទមួយដែលអ្នកនេសាទអាចរកត្រីពីខែតុលា ដល់ខែធ្នូ ក្នុងរង្វង់ទឹកដីនេសាទដែលបានអនុញ្ញាត។
អាជីវករ កាស៊ីម ជើវ៉ាហៀត ដែលបន្តរបរនេសាទត្រី និងជាម្ចាស់ដាយនេសាទនៅតាមដងទន្លេមេគង្គបួនជំនាន់ហើយនោះ និយាយថា អ្នកស្រីសង្ឃឹមថា នឹងអាចចាប់ត្រីបានច្រើន ដើម្បីទប់ទល់ការចំណាយក្នុងការដំណើរការ ដាយនេសាទនេះ។ អ្នកស្រីនិយាយថា៖ «ទឹកជំនន់ឆ្នាំនេះធំ ខ្ញុំសង្ឃឹមថា នឹងអូសត្រីបានច្រើន។ ឆ្នាំមុនខាតអស់ប្រហែល ១០ ០០០ដុល្លារ។ ត្រីឆ្នាំមុនតិចជាងកាលឆ្នាំ២០១១ទេ»។ នៅឆ្នាំនេះអ្នកស្រីបានចំណាយប្រាក់ប្រហែល១៥.០០០ដុល្លារ រួចហើយលើការរៀបចំចាប់ត្រីប្រហុកនៅរដូវនេះ។
ការប្រមូល ត្រីរៀលបានទិន្នផលខ្ពស់បំផុតមានរយៈពេលពីត្រឹមតែ៧ថ្ងៃទៅ១០ ថ្ងៃប៉ុណ្ណោះ។ ជាទូទៅ អំឡុងខែមករា គឺជារយៈពេលដែលម្ចាស់ដាយនេសាទអាចរកត្រីបានច្រើនបំផុត ក្នុងរយៈពេល៥ខែនៃរដូវនេសាទ ដែលចាប់ផ្តើមពីខែតុលា រហូតដល់ខែកុម្ភៈ។
បែត្រីមួយយ៉ាងតិចអាចចាប់ត្រីបានចំនួន ៣០តោន ក្នុងរយៈពេល២៤ម៉ោង ហើយចំនួនអប្បបរមាគឺ១០តោន ក្នុងរយៈពេល២៤ម៉ោង។ ត្រីរៀលត្រូវបានគេយកទៅធ្វើជាប្រហុកឬទឹកត្រី។ ត្រីរៀលតូចៗកាលពីឆ្នាំទៅត្រូវបានលក់ក្នុងថ្លៃពី៨០០ ដល់១៥០០រៀលក្នុងមួយគីឡូក្រាម ហើយត្រីរៀលធំមានតម្លៃពី៤ ០០០ ដល់៥០០០រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រី នូ រីយ៉ាស់ ដែលកាន់កាប់ដាយនេសាទលេខ 6Cប្រាប់ឲ្យដឹងថា កន្លងមកក៏មានអ្នកទិញជាជនជាតិវៀតណាមផងដែរដែលជិះកប៉ាល់ មកទិញត្រីរៀលពីម្ចាស់ដាយជាច្រើននៅតាមបណ្ដោយទន្លេមេគង្គ នៅក្នុងពេលដែលត្រីរៀលសម្បូរខ្លាំង។ អ្នកស្រីបាននិយាយថា៖ «ពួកគេទិញម្តង១០តោនយកទៅវៀតណាម។ គេយកទៅធ្វើប្រហុកដែរ»។
អ្នកស្រីនិយាយថា មានអ្នកទិញជាជនជាតិវៀតណាមទូរស័ព្ទប្រាប់អ្នកស្រីថា ត្រីប្រហុកឆ្នាំនេះសម្បូរណាស់ ព្រោះគេថាត្រីនៅទន្លេសាបកើនឡើងច្រើន។ អ្នកស្រី នូ រីយ៉ាស់ និយាយថា មិនជឿលើការព្យាករនោះទេ ព្រោះអ្នកស្រីបានខាតបង់ប្រាក់ច្រើនដែរកាលពីឆ្នាំមុន ព្រោះជឿលើការព្យាករដែលថា ទិន្នផលត្រីបានកើនឡើង។ អ្នកស្រីបន្តថា៖ «គេតែងព្យាករថា ត្រីកើន ប៉ុន្តែវាមិនដែលត្រូវសោះ។ ឆ្នាំមុនៗហ្នឹងមិនមានត្រីឲ្យចាប់ផង»។
យោងតាមទិន្នន័យពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទិន្នផលត្រីសរុបសម្រាប់រដូវឆ្នាំ២០១២-២០១៣នេះមានចំនួន ៥០ ០០០តោនធ្លាក់ចុះ ចំនួន២៨ ០០០តោន ធៀបនឹងរដូវនេសាទមុន៕BP