ភ្នំពេញៈ កម្ពុជាកំពុងរៀបចំគោលនយោបាយពង្រីកការដាំដុះទុរេនឱ្យបានកាន់តែច្រើន ខណៈផលិតផលមួយនេះកំពុងទទួលការគាំទ្រកាន់តែច្រើននៅលើទីផ្សារក្នុងស្រុក និងឈានដល់ការនាំទៅទីផ្សារអន្តរជាតិនៅពេលខាងមុខ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ២៩ ខែឧសភា បានលើកឡើងថា ការដាំដំណាំទុរេនកំពុងផុលផុសឡើងជាបន្តបន្ទាប់នៅកម្ពុជា ខណៈផលិតផលក្នុងស្រុកកំពុងទទួលបានការគាំទ្រកាន់តែច្រើនលើគុណភាព និងសុវត្ថិភាព។ ជាមួយគ្នានេះក្រសួងក៏កំពុងរៀបចំផែនការ និងទិសដៅសម្រាប់ពង្រីកការដាំទុរេន និងដំណាំឈើហូបផ្លែដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេសផងដែរ។
លោកបន្ថែមថា រដ្ឋាភិបាលនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីជួយសម្រួលដល់ខ្សែចង្វាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត ហើយចងក្រងជាសហគមន៍ដើម្បីជំរុញផលិតកម្មស្របតាមស្ដង់ដា និងតម្រូវការទីផ្សារ។
លោកថ្លែងថា៖ «សព្វថ្ងៃការដាំដុះដំណាំទុរេនរបស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគេមានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ប៉ុន្តែសម្រាប់កសិករខ្នាតតូចមួយចំនួនគឺដាំទុរេនជាលក្ខណៈគ្រួសារ ឬជាការកម្សាន្តប៉ុណ្ណោះ ដោយមិនយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ»។
បើតាមលោក សាខុន គោលនយោបាយទាំងនោះមានដូចជា ការបង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេន និងដំណាំហូបផ្លែដែលពេញនិយម និងការបណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេសមុន និងក្រោយពេលប្រមូលផលដល់អ្នកដាំដុះឱ្យស្របទៅតាមស្តង់ដាសុវត្ថិភាព ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។
លោក ឃឹម ប៊ុនឡេង ស្ថាបនិកហាងទុរេន «ស្តេចទុរេន» និងជាកសិករដាំទុរេននៅខេត្តកំពតបានស្វាគមន៍ចំពោះក្រសួងកសិកម្មដែលកំពុងរៀបចំគោលនយោបាយជំរុញការដាំដុះ និងរកទីផ្សារទុរេនខ្មែរដោយលោកជឿថា ផែនការនេះនឹងជួយឱ្យមានការវិនិយោគបន្ថែមទៀតនៅពេលអនាគត។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា៖ «នេះជាដំណឹងល្អ! ខ្ញុំរង់ចាំយូរឆ្នាំមកហើយ! ផែនការនេះ នឹងធ្វើឱ្យយើងជាអ្នកដាំទុរេនមានភាពកក់ក្តៅក្នុងការខិតខំប្រឹងប្រែងថែទាំឱ្យស្របតាមបច្ចេកទេសត្រឹមត្រូវ»។
យោងតាមលោក ប៊ុនឡេង បច្ចុប្បន្នទុរេនខ្មែរលក់រាយមានតម្លៃពី ២៦ ០០០-២៨ ០០០ រៀលក្នុង ១ គីឡូក្រាម។
លោករដ្ឋមន្ត្រីកត់សម្គាល់ថា បើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីដំណាំប្រភេទនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេកទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់។
កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេន ៥ ២៨៩ ហិកតាក្នុងនោះផ្ទៃដីប្រមូលផល ៣ ៤០៣ ហិកតា ដោយទទួលបានផលប្រមាណ ៣៦ ៦៥៦ តោន ក្នុង ១ ឆ្នាំ។ នេះបើយោងតាមលោក វេង សាខុន៕ LA
វីដេអូ៖