ភ្នំពេញៈ រដ្ឋាភិបាល​បាន​អនុម័ត​ការ​​លើក​ទឹក​ចិត្ត​ពន្ធ​លើ​មូលបត្រ​បំណុល ដែល​នេះ​គឺ​ជា​វិធានការ​មួយ ​ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​សាធារណៈ​ក្នុង​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX)។

យោង​តាម​ប្រកាស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កាល​ពី​ថ្ងៃទី ៥ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ចេញ​លក់​​សញ្ញាប័ណ្ណ​សាជីវកម្ម​ និង​ក្រុម​​វិនិយោគិន​​ណា​​ដែល​កាន់​កាប់ និង​ការ​លក់ ​ការ​ទិញ​សញ្ញាបណ្ណ​សាជីវកម្ម​ នឹង​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ពន្ធ​កាត់​ទុក​។​​

វិនិយោគិន​សាធារណៈ​ត្រូវ​ទទួល​បាន​ការ​​បន្ថយ​ពន្ធ​កាត់​ទុក​ ៥០ ​ភាគរយ ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ ដែល​ចាប់​ផ្ដើម​​កាល​ពី​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០០៩ ដល់​​ថ្ងៃទី ៣១ ខែ ​ធ្នូ ឆ្នាំ ​២០២១ ដោយ​ផ្អែក​លើ​អនុក្រឹត្យ​ស្ដីពី​ការ​លើក​ទឹក​ចិត្ត​ពន្ធ​សម្រាប់​វិស័យ​មូលបត្រ​ដែល​ចុះ​កាល​បរិច្ឆេទ​កាល​ពី​ថ្ងៃទី ​៤ ខែ មករា ​ឆ្នាំ ​២០១៩​។ នេះ​បើ​​​តាម​ប្រកាស​។​

ប្រកាស​នេះ ​គឺ​ជា​ឧបករណ៍​ស្ដីពី​ការ​អនុវត្ត​គោលការណ៍​ណែនាំ​​លើ​ពន្ធ​កាត់​ទុក​សម្រាប់​ក្រុម​វិនិយោគិន​ក្នុង​​វិស័យ​មូលបត្រ​​បំណុល​ និង​ផ្ដល់​ការ​បញ្ជាក់​លើ​អត្រា​ពន្ធ​កាត់​ទុក​ ៦ ​ភាគរយ ​សម្រាប់​និវេសនជន និង ១៤ ​ភាគរយ ​សម្រាប់​អនិវេសនជន​បន្ថែម​លើ​ច្បាប់​ស្ដីពី​សារពើពន្ធ។​

លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ថា ប្រកាស​ស្ដីពី​ការ​លើក​ទឹក​ចិត្ត​ពន្ធ​នេះ មាន​គោល​បំណង​កំណត់​អត្រា​ពន្ធ​សម្រាប់​សញ្ញាបណ្ណ​សាជីវកម្ម និង​​ក៏​ដើម្បី​ទាក់ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​មក​ផ្សារ​ហ៊ុន​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​យើង​​មាន​អនុក្រឹត្យ​​ស្ដីពី​ការ​លើក​ទឹក​ចិត្ត​ពន្ធ​ចាប់​តាំង​ពី​ដើម​ឆ្នាំ ​២០១៩ មក​។ ​ប្រកាស​ថ្មី​នេះ មាន​គោល​បំណង​តែ​មួយ​គត់ ដើម្បី​កំណត់​អត្រា​ពន្ធ​សម្រាប់​សញ្ញាបណ្ណ​សាជីវកម្ម។ បើ​គ្មាន​អត្រា​គិត​ពន្ធ ពន្ធ​​នេះ​នឹង​​មិន​ត្រូវ​បាន​អនុវត្ត​សម្រាប់​សញ្ញាបណ្ណ​សាជីវកម្ម​ឡើយ។ ដូច្នេះ​ចាប់​ពី​ការ​ចេញ​ប្រកាស​នេះ រដ្ឋាភិបាល​ចាប់​ផ្ដើម​ប្រមូល​ពន្ធ​ពី​ទីផ្សារ​សញ្ញាបណ្ណ​សាជីវកម្ម​»។

លោក​​បាន​បន្ថែម​ថា​៖ «​ប្រកាស​នេះ​នឹង​គាំទ្រ​ស្ថានការ​នៅ​ពេល​នេះ និង​សម្រាប់​ក្រុម​វិនិយោគិន ដោយសារ​តែ​ប្រកាស​នេះ​ធ្វើ​​ឲ្យ​កាន់​តែ​ច្បាស់​លាស់​ ​ស្ដីពី​អត្រា​ពន្ធ។ យើង​មើល​ឃើញ​ថា ទំនុក​ចិត្ត​ពី​ក្រុម​វិនិយោគិន​សាធារណៈ​កំពុង​កើន​ឡើង​»។​​

លោក Jong Woen Ha អនុប្រធាន CSX បាន​ឲ្យ​ដឹង​ថា ​ប្រកាស​នេះ​ផ្ដល់​គោល​ការណ៍​ណែនាំ​ច្បាស់លាស់​សម្រាប់​​ក្រុមហ៊ុន​ចុះ​បញ្ជី​មូលបត្រ​ និង​ក្រុម​វិនិយោគិន​​ទាក់ទង​​នឹង​អត្រា​ពន្ធ​កាត់​ទុក​។​​ លោក​បន្ត​ថា​៖ ​«​សម្រាប់​ភាគី​វិនិយោគិន ​ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា តើ​ការ​លើក​ទឹក​ចិត្ត​ពន្ធ​ប៉ុន្មាន​ដែល​ពួក​គេ​នឹង​ទទួល​បាន​ពី​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​មូលបត្រ​នេះ​។ ​នឹង​មាន​ក្រុម​វិនិយោគិន​កាន់​តែ​ច្រើន​​មាន​បំណង​​វិនិយោគ​​​ក្នុង​ទីផ្សារ​នេះ​​»។​

ផ្សារ​មូលបត្រ​កម្ពុជា​ត្រូវ​បាន​ដំណើរការ​ជា​ផ្លូវ​ការ​​ចាប់​តាំង​ពី​ខែ​មេសា​ ​ឆ្នាំ ​២០១២។ គិត​ត្រឹម​ខែ​ឧសភា ​ទីផ្សារ​នេះ​ មាន​​​​ក្រុមហ៊ុន​ចុះ​បញ្ជី​ចំនួន ​១១ ក្នុង​ចំណោម​នោះ​ ៦​ ចេញ​សញ្ញាបណ្ណ​សាជីវកម្ម និង​​ក្រុមហ៊ុន​ផ្សេង​ទៀត​ចុះ​បញ្ជី​ជា​មូលបត្រ​កម្មសិទ្ធិ។ ​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​អស់​ប្រមូល​មូលនិធិ​បាន​ប្រហែល​ ២២៣ ​លាន​ដុល្លារ៕​LA