ភ្នំពេញៈ កម្ពុជា​មាន​ផែនការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន ១៨,៤ ​លាន​នាក់ បន្ទាប់ពី​រដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែនការ​ចង្អុល​ផ្លូវ​ (Roadmap) និង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅក្នុង​អំឡុងពេល និង​ក្រោយពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ១ ខែមេសា បង្ហាញថា តាមរយៈ​ផែនការ​មេនេះ​ខេត្ត​សៀមរាប​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ ១០,៩ ​លាន​នាក់​នៅ​ឆ្នាំ​ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ ​លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា ផែនការ​មេនេះ រដ្ឋាភិបាល​មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន ៩៤ ​ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ហូរ​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ ៦ ​ពាន់​លាន​ដុល្លារ​។

ផែនការ​មេនេះ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ខេត្តសៀមរាប និង​តំបន់​នៅ​ជុំវិញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព​ឆ្ពោះទៅ​ឆ្នាំ​ ២០៣៥ តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចំនួន ៧ រួមមាន ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ ការពង្រឹង​គុណភាព និង​និរន្តរភាព ការគ្រប់គ្រង​បរិស្ថាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រីក​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍ និង​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​។

ផែនការ​មេនេះ​បានដាក់​ចេញ​យុទ្ធសាស្ត្រ​ចំនួន ៤៤ ​សកម្មភាព​អនុវត្ត​ចំនួន​ ១៣៦ សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង ជាមួយ​នឹង​គម្រោង​សកម្មភាព​អាទិភាព​ចំនួន​ ២០​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា ផែនការ​ចង្អុល​ផ្លូវ​នេះ​នឹង​ក្លាយជា​ត្រីវិស័យ និង​ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ដ៏សំខាន់ ដើម្បី​ធានា​នូវ​វិធានការ​អន្តរាគមន៍​ទាន់ពេលវេលា និង​ប្រែក្លាយ​វិបត្តិ​កូវីដ​១៩ ទៅជា​កាលានុវត្តភាព​សម្រាប់​ការកែទម្រង់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​ទៅ​ជា​គោលដៅ​ទេសចរណ៍​គុណភាព សុវត្ថិភាព និង​និរន្តរភាព​ក្នុង​ការទាញយក​មកវិញ​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​។

ផែនការ​ចង្អុល​ផ្លូវ​នឹងត្រូវ​អនុវត្ត​ជា ៣ ​ដំណាក់កាល គឺ​ទី​១ Resilience & Restart សំដៅ​ដល់​ការគ្រប់គ្រង​វិបត្តិ​ក្នុង​ដំណាក់កាល​ទម្លាប់​ថ្មី និង​រៀបចំ​ផែនការ​សម្រាប់​ការស្ដារ​ឡើងវិញ​ (២០២១)​។ ដំណាក់កាល​ទី​២ ការស្ដារ​ឡើងវិញ​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ​ ១៩ (២០២២-២០២៣) និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​នេះ​ជា​អតិបរមា​។

ក្នុង​ដំណាក់កាល​ទី​ ២ ​នេះ​រដ្ឋាភិបាល​នឹង​បន្ត​ផ្ដល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ជំនាញ​ឌីជីថល និង​ជំនាញ​ថ្មីៗ​ឱ្យ​ស្របតាម​តម្រូវការ​ទីផ្សារ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩ និង​ការខិតខំ​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​សុវត្ថិភាព ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ក្នុងដំណាក់កាល​នេះ ដើម្បី​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​ទេសចរណ៍​កម្ពុជា​ក្នុង​តំបន់ និង​សកលលោក រដ្ឋាភិបាល​ក៏​នឹង​បង្កើត​កញ្ចប់​មូលនិធិ​លើកស្ទួយ​ដើម្បី​គាំទ្រ​លើ​គម្រោង​អាទិភាព​ក្នុង​វិស័យ​ទេសចរណ៍ ព្រមទាំង​បន្ត​ការលើកទឹកចិត្ត​ដល់​គំរូ​អាជីវកម្ម​ទេសចរណ៍​ថ្មីៗ​ដែលមាន​ភាពច្នៃប្រឌិត និង​នវានុវត្តន៍​ជាដើម​។

ដោយឡែក​ដំណាក់កាល​ទី​៣ Relaunch គឺជា​ការរៀបចំ​ឆ្ពោះទៅកាន់​អនាគត​ថ្មី ឆ្នាំ​ ២០២៤-២០២៥ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ដោយ​សំដៅ​ដល់​ការទាញយក​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យបាន​ជា​អតិបរមា​ប្រកប​ដោយ​និរន្តរភាព និង​ការទទួល​ខុសត្រូវ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ ខែមេសា ​ឱ្យដឹងថា នេះ​ជា​ចក្ខុវិស័យ​ច្បាស់លាស់​សម្រាប់​ការស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ បាន​នាំឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ៨០,២ ​ភាគរយ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្លាក់ចុះ​ក្នុង​រង្វង់ ២០ ​ភាគរយ ​ជាមួយនឹង​ការខាតបង់​ប្រាក់ចំណូល​ប្រមាណ ៣ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០២០​។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​ក្នុងន័យនេះ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រៀម​នឹង​ងើប​ឡើងវិញ​អាច​ក្រោម​ទម្រង់​ជា​អក្សរ U សម្រាប់​ទេសចរណ៍​អន្តរជាតិ និង​ទម្រង់​អក្សរ V សម្រាប់​ទេសចរណ៍​ក្នុងស្រុក​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ (PATA) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាមរយៈ​ផែនការ​ទាំង​ ២ ​នេះ​វា​នឹង​រួមចំណែក​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែល​កំពុង​រង​ផល​ប៉ះ​ខ្លាំង​ដោយ​ជំងឺ​កូវីដ​ ១៩​។

លោក​និយាយថា​៖ «​បើ​យើង​ដើរ​តាម​ផែនការ​ចង្អុល​ផ្លូវ​នេះ ខ្ញុំ​ជឿថា​នឹង​សម្រេចបាន​គោលដៅ​កំណត់ ឬ​យ៉ាងហោចណាស់​ក៏​យើង​បាន​ទៅជិត​ដល់​គោលដៅ​ទាំង​នេះដែរ​។ ខ្ញុំ​រីករាយ និង​អបអរសាទរ​ចំពោះ​ការសម្រេច​បាន​ផែនការ​ចង្អុល​ផ្លូវ​នេះ ព្រោះ​កិច្ចការ​នេះ​ខ្ញុំ​ឃើញថា ក្រសួង​ក៏ដូចជា​រដ្ឋាភិបាល​មាន​ការយក​ចិត្ត​ទុកដាក់​ការងារ​នេះ​យ៉ាង​ហ្មត់ចត់​»​។

ផែនទី​ចង្អុល​ផ្លូវ​នេះ​មាន​យុទ្ធសាស្ដ្រ​សរុប​ចំនួន​ ៩ សកម្មភាព​យុទ្ធសាស្ដ្រ​ចំនួន​ ៤៩ និង​សកម្មភាព​យុទ្ធសាស្ដ្រ​លម្អិត​ចំនួន​ ១៨០ រួមជាមួយ​គម្រោង​កម្មវិធី​អាទិភាព​ចំនួន​ ១៧​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប ១,៣ លាន​នាក់ ធ្លាក់ចុះ ៨០,២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦ ៦១០ ៥៩២ ​នាក់​៕