The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋ​នឹង​នៅ​បន្ត​ការ​លក់​ស្បៀង​ក្នុង​តំបន់​បិទ​ខ្ទប់ ដើម្បី​រក្សា​លំនឹង​ទីផ្សារ




រដ្ឋ​នឹង​នៅ​បន្ត​ការ​លក់​ស្បៀង​ក្នុង​តំបន់​បិទ​ខ្ទប់ ដើម្បី​រក្សា​លំនឹង​ទីផ្សារ

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ចប់ រក​ទិញ​ទំនិញ​នៅ​ស្តង់​របស់​ក្រសួង ពាណិជ្ជកម្ម កាល​ពី​សប្តាហ៍​មុន។ ហុង មិនា

រដ្ឋ​នឹង​នៅ​បន្ត​ការ​លក់​ស្បៀង​ក្នុង​តំបន់​បិទ​ខ្ទប់ ដើម្បី​រក្សា​លំនឹង​ទីផ្សារ

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​នឹង​នៅ​បន្ត​អនុវត្ត​យុទ្ធនា​ការ​លក់​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​បន្ត​ទៀត បើ​ទោះ​បីរដ្ឋាភិបាល​សម្រេច​ថា នឹង​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី​៦ ខែ​ឧសភា​ក៏​ដោយ។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​៣ ខែ​ឧសភា បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​លេខ​៦១ សសរ ស្តីពី «ការ​បញ្ចប់​ការបិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ ២០២១ ត​ទៅ» ដោយ​ជំនួស​មក​វិញ​នូវ​វិធានការ​ថ្មី​សំដៅ​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ របស់​គណៈអភិបាល​រាជធានី​ភ្នំពេញ​សម្រាប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​របស់​គណៈអភិបាល​ខេត្ត​កណ្តាល​សម្រាប់​ភូមិសាស្រ្ត​ក្រុង​តាខ្មៅ។

រាជធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​ចាប់​តាំង​ពីថ្ងៃទី​១៥ ខែ​មេសា ក្នុង​គោល​បំណង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

លោក ប៉ែន សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា​ថា យុទ្ធនាការ​លក់​ស្បៀង​របស់​ក្រសួងពាណិជ្ជកម្ម នឹង​នៅ​បន្ត​ធ្វើ​នៅ​តំបន់​បិទខ្ទប់ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន​ដែល​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ក្រៅ​បាន។

លោក​ថ្លែង​ថា៖ «បន្ទាប់ពី ការ​បើក​រាជធានី​ភ្នំពេញ​ឡើង​វិញ ក្រសួង​នឹង​នៅតែ​បន្ត​អនុវត្ត​ការ​លក់​ផ្គត់ផ្គង់​ស្បៀង​ជូន​ដល់​ប្រជាពលរដ្ឋ​ដដែល ដោយ​យោង​តាម​ស្មារតី​សេចក្តី​សម្រេច​លេខ ៥៤ រហូត​ដល់​មាន​ការ​ណែនាំ​ជា​ថ្មី​ទៀត»។

លោក​បន្ថែម​ទៀត​ថា ចាប់​តាំង​ពី​ផ្តើម​អនុវត្ត​ពី​ថ្ងៃទី ១៥ ខែមេសា ក្នុង​រូបភាព​ជា​ការ​លក់​ចល័ត​តាម​រថយន្ត (បន្ទាប់ពី ទីក្រុង​ភ្នំពេញ និង ក្រុង​តាខ្មៅ​ត្រូវ​បាន​បិទ​ខ្ទប់) និង​ការ​លក់​ផ្គត់ផ្គង់​ស្បៀង​ដោយ​បោះ​ទីតាំង​តាម​តំបន់​ក្រហម​ដែល​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី ១៩ ខែ​មេសា ក្រសួងសង្កេត​ឃើញ​ថា យុទ្ធនាការ​នេះ បាន​ចូលរួម​ចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ដោះស្រាយ​ការ​លំបាក​ទាក់​ទង​នឹង​តម្រូវ​ការ​ស្បៀងរបស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បិទខ្ទប់​បាន​យ៉ាង​ច្រើន។

លោកបញ្ជាក់ថា៖ «ជារួម​យើង​អាច​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រតិបត្តិការ​ដែល​បាន​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នេះ ដោយ​វា​បាន​ចូលរួម​យ៉ាងមាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តយុទ្ធ​សាស្រ្ត​របស់​រាជរដ្ឋាភិបាល​សំដៅ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីត​១៩ ពិសេស​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ»។

លោក​លើក​ឡើង​ទៀត​ថា ការ​ចូលរួម​លក់​ទំនិញ​ពី​វិស័យ​ឯកជន​ជាមួយ​ប្រតិបត្តិការ​របស់​ក្រសួង ក៏​បាន​រួមចំណែក​ធ្វើ​ឱ្យ​ការងារ​នេះ​កាន់​តែមាន​ភាព​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត តាម​រយៈការ​បង្កើន​ចំនួន​មុខ​ទំនិញ​កាន់តែ​ច្រើន​ដូចជា សាច់ ត្រីស្រស់​បន្លែ និង​ទំនិញចាំ​បាច់​ដទៃ​ទៀត​បន្ថែម​លើ​មុខ​ទំនិញ​យុទ្ធសាស្រ្ត​ជា​ស្បៀង​ដែល​ក្រសួង​បាន​ដាក់​លក់។

លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែល​កំពុង​ប្រើប្រាស់​រថយន្ត​ចល័ត​ចំនួន ៦៤ គ្រឿង​ដើម្បី​លក់​ទំនិញ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​បិទ​ខ្ទប់​បាន​ប្រាប់​ថា បើ​អាជ្ញាធរ​ស្នើ​ឱ្យ​ក្រុមហ៊ុន​បន្ត​ការងារ ក្រុមហ៊ុន​នឹង​បន្ត ខណៈ​ការ​ចូលរួម​របស់​ក្រុមហ៊ុន​បាន​ជួយ​សម្រួលយ៉ាង​ច្រើន​ដល់​អ្នក​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់។

លោក​បន្ត​ថា ផលិតផល​ដែល​ដាក់​លក់​នៅ​តាម​រថយន្ត​ចល័ត​របស់​ក្រុមហ៊ុន​មាន​ដូចជា បន្លែ ត្រី និងសាច់ ហើយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​សមរម្យ។

លោកនិយាយថា៖«រហូត​មក​ដល់​ពេលនេះ យើង​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​ក្នុង​ការ​ស្នើ​ឱ្យ​យើង​បន្ត ឬ​បែប​ណា​នៅ​ឡើយ​ទេ»។

មក​ទល់​ពេលនេះ​ ក្រសួង​ពាណិជ្ជកម្ម​មាន​ទីតាំង​លក់​ទំនិញ ១១ កន្លែង​ដោយ​មាន​ស្តង់​សរុប ២៦ ដែល​បោះ​ទី​តាំង​ប្រតិបត្តិការ​នៅ​តំបន់ក្រហម និង មាន​ការ​លក់​ចល័ត​តាម​រថយន្ត​នៅ​តាម​តំបន់​លឿងទុំ​ផងដែរ។

យោង​តាម​លោក សុវិជាតិ គិត​ចាប់​ពី​ថ្ងៃទី​២១ ខែ​មេសា ដល់​ថ្ងៃទី​២ ខែ​ឧសភា ក្រសួង​ពាណិជ្ជកម្ម​លក់​អង្ករ បាន​ចំនួន ៤ ៥៧៨បាវ, មី(ជាតិ) ចំនួន ១៤ ០៥៦កេះ, ត្រីខ៧៣៤៨យួរ, ទឹកត្រី ចំនួន ៣៤២៧យួរ, ទឹកស៊ីអីវ ចំនួន ៤២៤៤យួរ, ទឹកសុទ្ធ ៣៧១កេះ ព្រមទាំងផលិតផល​មួយ​ចំនួន​ទៀត​ដូចជា ប្រេងខ្យង និងឆៃពៅ ជាដើម៕

អត្ថបទគួរចាប់អារម្មណ៍