ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី ២០ ខែ​មេសា​នេះ បញ្ចេញ​រថយន្ត​ចល័ត ៥ គ្រឿង ដឹក​ស្បៀង​លក់​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ ដើម្បី​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្ត​កណ្តាល)។

តំបន់​ក្រហម​ទាំង ៧ ទីតាំង​នោះ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំនួន ៣ គឺ ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​ទួលគោក។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ឲ្យ​ដឹង​ថា តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ក្រសួង​ពាណិជ្ជកម្ម​បាន​សម្រេច​បញ្ចេញ​រថយន្ត​ដឹក​ទំនិញ​ចំនួន ៥ គ្រឿង ដែល​ផ្ទុក​ទំនិញ​បរិភោគ​ឧបភោគ និង​គ្រឿងទេស ដើម្បី​ចល័ត​លក់​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ។

លោក ប៉ែន សុវិជាតិ មាន​ប្រសាសន៍​ថា៖ «ព្រឹក​នេះ រថយន្ត​ចល័ត​ទាំង​ ៥ គ្រឿង របស់​ក្រសួង​ពាណិជ្ជកម្ម រួម​ជាមួយ​រថយន្ត​ចល័ត​មួយ​ចំនួន​ទៀត របស់​សាលារាជ​ធានីភ្នំពេញ នឹង​ចេញ​ទៅ​ចល័ត​លក់​តាម​ទីតាំង ទាំង ៧ កន្លែង នៃ​តំបន់​ក្រហម​ទាំង​នោះ»។

លោក សុវិជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ណែនាំ​បន្ថែម​ឲ្យ​ក្រុមហ៊ុន ហ្គ្រិន ត្រេដ (Green Trade) គ្រប់គ្រង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​ជំរុញ​ធ្វើ​សកម្មភាព​នេះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ទាន់​ពេលវេលា ដើម្បី​ចូលរួម​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាជន​ដែល​កំពុង​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នៅ​តាម​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ទាំង ៣ នៃ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ។

លោក​ថ្លែង​ថា៖ «ទំនិញ​ដាក់​លក់​ជូន​នៅ​ថ្ងៃ​នេះ​ មាន​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​ដែល​មាន អង្ករ មី ទឹក​សុទ្ធ ត្រីខ​កំប៉ុង ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ ជា​ដើម។ ក្រសួង​ក៏​កំពុង​រៀបចំ​បញ្ចូល​ទំនិញ​ចាំបាច់​មួយ​ចំនួន​បន្ថែម​ទៀត សម្រាប់​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​ក្នុង​គ្រា​លំបាក​នេះ ដូចជា ត្រីងៀត ត្រីឆ្អើ ឆៃប៉ូវ និង​អាហារ​យុទ្ធសាស្រ្ត​ផ្សេង​ទៀត ដែល​អាច​រក្សា​សម្រាប់​ប្រើប្រាស់​បាន​យូរ»។

កាល​ពី​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ ក្រសួង​ពាណិជ្ជកម្ម បាន​ចាប់​ផ្ដើម​លក់ អង្ករ និង​មី ចល័ត​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដោយ​កំណត់​ក្នុង​មួយ​គ្រួសារ ទិញ​បាន​អង្ករ​មួយ​បាវ និង​មី​មួយ​កេស។

រយៈពេល ៥ ថ្ងៃ ចាប់​ពី​ថ្ងៃទី ១៥-១៩ ខែ​មេសា ឆ្នាំ ២០២១ រថយន្ដ​ចល័ត​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​លក់​អង្ករ​សរុប ចំនួន ២៩៧ បេ មី​ជាតិ​ចំនួន ១ ៩៧៥ កេស ​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​សរុប​ចំនួន ១៣៦ យួរ ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់​នៃ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្ត​កណ្តាល)៕