ភ្នំពេញៈ កម្ពុជា​នឹង​បន្ត​យក​ថ្លៃ​ទិដ្ឋាការ​ពី​ជនបរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ដដែល បើ​ទោះ​មាន​សំណើ​ពី​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ចង់ឱ្យ​រដ្ឋាភិបាល​ទម្លាក់ចោល​ការយក​ថ្លៃ​លើ​សេវា​នេះ​ក្នុង​ក្តី​រំពឹងថា​នឹង​អាច​ស្រូប​ទាញ​កំណើន​ភ្ញៀវទេសចរ​បរទេស​ឡើងវិញ​ពី​ការធ្លាក់ចុះ​យ៉ាង​គំហុក​ចាប់តាំងពី​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​ ១៩ រហូត​មក​ដល់​ពេលនេះ​។

ការសម្រេច​បន្ត​យក​ថ្លៃ​ទិដ្ឋាការ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន​កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​មិន​យល់ស្រប​ចំពោះ​សំណើ​មួយចំនួន​ដែល​ចង់ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការយក​ថ្លៃ​ទិដ្ឋាការ​ពី​ភ្ញៀវ​បរទេស ដើម្បី​ទាញយក​ភ្ញៀវ​បរទេស​ឡើយ ព្រោះ​ចំណូល​នេះ​គឺជា​ផ្នែក​មួយ​ដែល​បាន​ចូលរួម​ជួយ​ទ្រទ្រង់​ការអភិវឌ្ឍ​ប្រទេសជាតិ ហើយ​កម្ពុជា​ក៏​នៅ​មិនទាន់​មាន​ប្រភព​ចំណូល​អ្វី​យកមក​ជំនួស​ដែរ​។ លោក​បន្តថា ការកំណត់​យក​ថ្លៃ​ទិដ្ឋាការ​ពី​ជនបរទេស​គឺ​មិនមែន​មានតែ​កម្ពុជា​ទេ សូម្បី​ប្រទេស​រីកចម្រើន​ដូចជា​បារាំង ក៏​នៅតែ​យក​ថ្លៃ​ទិដ្ឋាការ​ចូល​ប្រទេស​គេ​ដែរ ហើយ​ថែមទាំង​មានតម្លៃ​ខ្ពស់​ទៀតផង​។

លោក​បាន​ថ្លែងថា​៖ «​ប្រទេស​បារាំង​គេ​យក​ជាង ១០០ ​ដុល្លារ​ គេ​ទៅ​លេង​បាន ចុះ​ប្រទេស​យើង​ត្រឹម ៣០ ​ដុល្លារ​ ហេតុអ្វី​គេ​មក​មិនបាន​?»​។ លោក​បន្តថា​៖ «​អ៊ីចឹង​បានជា​ខ្ញុំ​មិន​យល់ស្រប​ជាមួយ​នឹង​សំណើ​ណា​ទាំងអស់​ដែល​ឱ្យ​កម្ពុជា​បញ្ឈប់​យក​ថ្លៃ​ទិដ្ឋាការ​ ដើម្បី​ទាញយក​ភ្ញៀវទេសចរ ខ្ញុំ​មិន​យល់ស្រប​ទេ អ៊ីចឹង​គឺ​បាត់​ទាំងអស់​។ កម្ពុជា​នៅ​មិនទាន់​មាន​អ្វី​ជំនួស​ទេ​»​។

លោក​បន្តថា នេះ​ជា​ចំណូល​មិនមែន​សារពើពន្ធ ហើយ​បើ​គិត​ជាមួយ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​កម្ពុជា​ទទួល​បាន​កាលពី​ឆ្នាំ​ ២០១៩ (​មុន​កូវីដ​ ១៩) ដែល​មាន​ចំនួន ៦,៦ ​លាន​នាក់​ គឺ​កម្ពុជា​ទទួលបាន​ចំណូល​ពី​ថ្លៃ​ទិដ្ឋាការ​រហូតដល់​ប្រមាណ ១៨០ ​លាន​ដុល្លារ​។

ទោះយ៉ាងណា​លោក​អះអាង​ថា ការលើកលែង​នេះ​អាច​នឹង​កើតមាន​នៅពេលណា​ដែល​កម្ពុជា អាច​មាន​មធ្យោបាយ​ក្នុង​ការទាញ​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​មក​ជំនួស​ថ្លៃ​ទិដ្ឋាការ​ទើប​អាច​លុប​បាន​។

បើ​យោងតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ មាន​ត្រឹមតែ ១,៣១ ​លាន​នាក់ ​ធ្លាក់ចុះ​ប្រមាណ ៨០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា វា​មិនមែន​ជា​បញ្ហា​ទេ​ប្រសិនបើ​ស្ថានភាព​ធម្មតា ប៉ុន្តែ​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នេះ​វា​ពិតជា​ជះឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍ ហេតុនេះ​ការលើក​ទឹកចិត្ត​បន្ថែម​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​អាច​ឱ្យ​ភ្ញៀវ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​ឡើងវិញ​។ វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​របស់​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ធ្វើឱ្យ​វិស័យ​មួយ​នេះ​ពិបាក​ងើបឡើង​វិញ​ណាស់​។

លោកស្រី​និយាយថា​៖ «​ឆ្នាំ​ ២០២១ នេះ​បើ​មិនមាន​អ្វី​ជា​ការលើក​ទឹកចិត្ត​ទេនោះ ខ្ញុំ​មិន​រំពឹង​ថា វិស័យ​ទេសចរណ៍​នឹង​ងើប​ឡើងវិញ​ច្រើន​ទេ​»​។

លោកស្រី​បន្ថែមថា ទោះជា​យ៉ាងណា​ក្នុង​ដំណាក់កាល​នេះ រដ្ឋាភិបាល​ក៏​អាចរួមចំណែក​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឡើងវិញ​ផងដែរ តាមរយៈ​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​។ លោកស្រី​បន្ថែមថា កម្ពុជា​អាច​សម្លឹង​ទៅ​មើល​ប្រទេស​ណា​ដែល​គេ​គ្រប់គ្រង​កូវីដ​ ១៩ បាន​ល្អ ហើយ​គេ​ចង់​ចូលមក​កម្ពុជា គឺ​គេ​អាច​ចាប់​ដៃគូ​ជាមួយ​ប្រទេស​នោះ​តាម​យុទ្ធសាស្ត្រ Travel Bubble ដែល​អាច​សហការ​គ្នា​ដើម្បី​បន្ធូរបន្ថយ​លើ​លក្ខខណ្ឌ​មួយចំនួន​ដូចជា ឯកសារ​តម្រូវការ​ធ្វើ​ចតា្តឡីស័ក និង​ការតម្កល់​ប្រាក់​ធានា​ជាដើម​។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ​បាន​និយាយថា ប្រសិនបើ​ចាំបាច់​រដ្ឋ​អាច​បន្ត​យក​ថ្លៃ​ទិដ្ឋាការ​ពី​ភ្ញៀវទេសចរ​បរទេស​បាន តែ​នៅពេល​រដ្ឋ​អាចមាន​ប្រភព​ចំណូល​ច្រើន​គ្រប់គ្រាន់​នោះ ការលើកលែង​ថ្លៃ​ទិដ្ឋាការ​គឺជា​ការចាំបាច់​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​ពេល​វិស័យ​ផ្សេងៗ​អាច​ប្រមូល​ចំណូល​បាន​ច្រើន ការលើកលែង​កម្រៃ​ពី​ទិដ្ឋាការ​ទេសចរណ៍​គឺជា​ការល្អ ពិសេស​ជាមួយ​ប្រទេស​ដែលមាន​ទំនាក់ទំនង​ទេសចរណ៍​ល្អ​ជាមួយ​កម្ពុជា​»​។

យោងតាម​លោក ខៀវ ធី បើ​មិនអាច​ផ្តល់​ការលើកលែង​ទាំងអស់ គេ​អាច​ចាប់ផ្តើម​ពី​ប្រទេស​ដែលមាន​ភ្ញៀវទេសចរ​និយម​ចូលមក​ទស្សនា​កម្ពុជា ដូចជា ចិន ឥណ្ឌា កាណាដា អាមេរិក និង​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ជាដើម​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៦,៦១ ​លាន​នាក់ កើនឡើង ៦,៦ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ ៦,២ ​លាន​នាក់​។ ចំណែក​ប្រាក់ចំណូល​មាន​ចំនួន ៤,៩១ លាន​ដុល្លារ​កើន ១២,៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៤,៣៧ ​លាន​ដុល្លារ​៕ LA