ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានស្នើ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​របស់​អឺរ៉ុប​បង្កើន​ការនាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ ឱ្យបាន​ច្រើន ដោយសារ​ទំហំ​នៃ​ការនាំចេញ​ផលិតផល​ទាំងនេះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នៅ​មាន​កម្រិត​ទាប​នៅឡើយ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​ការនាំ​ចេញ​នូវ​កសិផល​ទាំងនេះ​។

ការស្នើ​របស់​លោក​រដ្ឋមន្ត្រី​ធ្វើឡើង​ក្នុងជំនួប​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ជាមួយ​លោក​ Tassilo Brinzer ប្រធាន EuroCham ​ដែល​ទើប​តែងតាំង​ថ្មី​។

លោក វេង សាខុន បាន​លើកឡើង​ពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន​របស់​វិស័យ​កសិកម្ម​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺឆ្លង​កូវីដ​ ១៩ ដែល​កម្ពុជា​ធានាបាន​នូវ​សន្តិសុខ​ស្បៀង ហើយ​បាននិង​កំពុង​ជំរុញ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​ចិន កូរ៉េ និង​សហភាព​អឺរ៉ុប រួមមាន អង្ករ ម្រេច ចំណិត​ដំឡូង​ក្រៀម គ្រាប់​ស្វាយចន្ទី​កែច្នៃ​រួច ចេកអំបូង​លឿង ស្វាយកែវ​រមៀត និង​សេរ៉ូស្វាយ ជាដើម​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​សម្រាប់​ទីផ្សារ​អឺរ៉ុប ក្រៅពី​អង្ករ បរិមាណ​កសិផល​នាំចេញ​ដទៃទៀត ហាក់​ដូចជា​នៅ​មាន​កម្រិត​ទាប ហេតុនេះ​លោក​ប្រធាន​ថ្មី​ជួយ​ពិនិត្យ ពិចារណា​លើ​កសិផល​កម្ពុជា ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​អាច​នាំ​កសិផល​របស់ខ្លួន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​កាន់តែ​ច្រើន​ថែមទៀត​»​។

លោក Brinzer លើកឡើងថា ជំនួប​នេះ​នឹង​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង The EuroCham និង​ក្រសួង​នេះ​ដោយ​ធ្វើយ៉ាងណា​រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទាំង​បច្ចុប្បន្ន និង​អនាគត​។

លោក​ថា សហភាព​អឺរ៉ុប​នឹង​នៅតែ​ជា​ដៃគូ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងកសិកម្ម​ក្នុងការ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​តាមរយ:​ការអនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ សម​ស្របតាម​តម្រូវការ​ទីផ្សារ និង​ពង្រីក​ការកែច្នៃ​៕ LA