ក្រុងប៉េកាំងៈ រដ្ឋមន្ដ្រីក្រសួងការបរទេសចិនបានរិះគន់វិធានការអាមេរិកប្រឆាំងក្រុមហ៊ុន Huawei ថាជា «ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច» និងបានព្រមានថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចហើយក្នុងការ «ប្រយុទ្ធរហូតដល់ទីបញ្ចប់» ក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។
ជម្លោះពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង ២ នេះ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបានចេញបញ្ជាប្រតិបត្តិ ដោយឈរលើមូលដ្ឋានសន្ដិសុខជាតិដែលបណ្ដាលឲ្យក្រុមហ៊ុនបរទេសមួយចំនួនដកខ្លួនឈប់ធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei។
ក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន លោក Wang Yi រដ្ឋមន្ដ្រីក្រសួងការបរទេសបានថ្លែងកាលពីថ្ងៃពុធក្នុងកិច្ចប្រជុំមួយរបស់អង្គការសហប្រតិបត្តិការស៊ាងហៃ (SCO) ដែលជាក្រុមសន្ដិសុខប្រចាំតំបន់មួយដឹកនាំដោយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូថា៖ «ការប្រើអំណាចរបស់រដ្ឋរបស់អាមេរិក ដើម្បីដាក់សម្ពាធតាមអំពើចិត្តលើក្រុមហ៊ុនឯកជនចិន ដូចជាក្រុមហ៊ុន Huawei គឺជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច»។
លោក Wang ថ្លែងថា៖ «មនុស្សមួយចំនួននៅអាមេរិក មិនចង់ឲ្យប្រទេស ចិន ទទួលបានសិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍ និងព្យាយាមរារាំងដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយកាលពីល្ងាចថ្ងៃពុធ។
លោកលើកឡើងបន្តថា៖ «យុទ្ធវិធីប្រកបដោយអាត្មានិយម និងព្រហើនយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកមិនអាចទទួលបានការឯកភាព និងការគាំទ្រពីសហគមន៍អន្តរជាតិ នោះទេ»៕ AFP/LA