ទីក្រុងឌូបៃៈ រដ្ឋមន្ត្រី​ថាមពល​អារ៉ាប់​រួម​លោក Suheil al-Mazrouei បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា តម្លៃ​ប្រេង និង​ឧស្ម័ន​ទាប​នាពេល​បច្ចុប្បន្ន​មិនមាន​ចីរភាព​ទេ ហើយ​បាន​ព្រមាន​ថា ប្រសិន​បើ​វា​មាន​រយៈពេល​យូរ វា​អាច​នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្នែក​ថាមពល​។

លោក Mazrouei បាន​ថ្លែងថា​៖ «​មាន​សញ្ញា​ល្អ​ច្រើន​» នៃ​តម្រូវ​ការកើនឡើង​សម្រាប់​ឥន្ធនៈ​ដែល​ត្រូវគេ​មើលឃើញ​ក្នុង​ប្រទេស​ចិន និង​ឥណ្ឌា​ដែល​ជា​ប្រទេស​ប្រើប្រាស់​ប្រេងឆៅ​ធំ​បំផុត​របស់​ពិភពលោក និង​ចំនួន​ខ្លះ​នៅ​តំបន់​អឺរ៉ុប​។

លោក​រដ្ឋមន្ត្រី​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អារ៉ាប់រួម ថា​ «​បរិយាកាស​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន​ទាប​នេះ ខ្ញុំ​មិន​យល់ថា​វា​មាន​និរន្តរភាព​នោះទេ​»​។

លោក​បន្តទៀតថា ប្រសិន​បើ​តម្លៃ​ប្រេង​ចុះ​ទាប​អូសបន្លាយ​រយៈពេល​វែង អ្នក​ផលិត​ដោយ​ចំណាយ​ដើម​ខ្ពស់​ខ្លះ​នឹង​ដកខ្លួន​ចេញ​ដែល​បណ្តាល​ឲ្យ​មាន​គម្លាត​នៃ​ការផ្គត់ផ្គង់ និង​ជំរុញ​ឲ្យ​តម្លៃ​កើនឡើង​វិញ​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវការ​អ្នក​ផលិត​ដើម្បី​បំពេញ​ចន្លោះ​គម្លាត​នេះ​។ បើ​ពុំ​ដូច្នេះ​ទេ យើង​នឹង​មាន​បញ្ហា​ចំពោះ​តម្លៃ ហើយ​រឿង​ចុងក្រោយ​ដែល​យើង​ចង់បាន​គឺ​មាន​ការបារម្ភ​។ យើង​ត្រូវការ​ឲ្យ​មាន​ស្ថិរភាព និង​តម្លៃ​សមរម្យ និង​យុត្តិធម៌​»​។

ប្រេងឆៅ​ម៉ាក Brent បាន​ធ្លាក់ចុះ​ទាប​ក្រោម ២០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ និង​ប្រេង​ម៉ាក WTI របស់​អាមេរិក​ដែល​លក់​ក្នុង​ខែ​ឧសភា​បាន​ធ្លាក់​ក្រោម​សូន្យ​ក្នុង​ខែមេសា ដែល​ជា​ការធ្លាក់ចុះ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ពេល​ដែល​តម្រូវការ​ដាំ​ក្បាល​ចុះ​ដោយសារ​ការបិទ​ប្រទេស​បណ្តាល​មកពី​វីរុស​កូរ៉ូណា និង​ការ​កាត់ផ្តាច់​ការផ្គត់ផ្គង់​ក្នុង​ពិភពលោក​។

សន្ទស្សន៍​តម្លៃ​ប្រេង​ទាំង​ ២ ​ម៉ាក​បាន​ប្រសើរ​ឡើងវិញ​ដល់​តម្លៃ​ជុំវិញ ៤០ ​ដុល្លារ​ ក្នុង​ ១ ​បារ៉ែល បន្ទាប់ពី​សម្ព័ន្ធ​នៃ​ប្រទេស​ផលិត​ប្រេង​ដែល​ជា​សមាជិក​របស់​អង្គការ OPEC+ យល់ព្រម​កាត់បន្ថយ​ផលិតកម្ម​ដល់កំណត់​ត្រា​ចំនួន ៩,៧ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​កាលពី​ខែ​មេសា​ដោយ​មាន​ប្រសិទ្ធភាព​ចាប់តាំងពី​ខែឧសភា​មក​។

កាលពី​ដើមខែ​នេះ សម្ព័ន្ធភាព​នៃ​ប្រទេស​ផលិត​ប្រេង​បាន​ពង្រីក​ការកាត់បន្ថយ​ជា​ប្រវត្តិសាស្ត្រ​ដល់​ខែកក្កដា ពេល​ដែល​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​បាន​បញ្ចប់​នូវ​ការបិទ​ចរាចរណ៍​។

លោក Mazrouei បាន​និយាយ​ថា ទោះបី​ការប្រើប្រាស់​ប្រេង​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ឆ្នាំ​ ២០១៣«​យើង​គិតថា អ្វីៗ​នឹង​ត្រឡប់​ទៅ​ធម្មតា​វិញ​ក្នុង​រយៈពេល ១ ​ឬ​ ២ ​ឆ្នាំ​ទៀត​»​។

លោក​ថ្លែងថា​៖ «​ដរាបណា យើង​មិនមាន​រលក​ទី​ ២ ​នៃ​ជំងឺ​កូវីដ​ ១៩​ ទេ ខ្ញុំ​គិតថា យើង​នឹង​ឃើញ​ការ​ងើបឡើង​វិញ​នៃ​តម្រូវការ​នៅពេល​ណាមួយ​សមរម្យ​ដែល​គ្រប់គ្រាន់​ចំពោះ​ការកាត់បន្ថយ​ដែល​យើង​បាន​ធ្វើ​ពេល​កន្លង​មក​»៕ RR