ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានស្នើឲ្យអាជ្ញាធរអគ្គិសនី (EAC) និងអគ្គិសនីកម្ពុជា (EDC) គួរសិក្សាពីលទ្ធភាពបញ្ចុះតម្លៃអគ្គិសនីឲ្យបានមុនការបោះឆ្នោតជាតិនៅខែ កក្កដា ខណៈលោករដ្ឋមន្ត្រីក៏បានរំឭកដល់មន្ត្រីពាក់ព័ន្ធឲ្យបង្កើនការពង្រឹងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនី និងបញ្ចៀសការដាច់ភ្លើងផងដែរ។
មន្ត្រីសង្គមស៊ីវិល ហៅការសម្រេចចិត្តមុនការបោះឆ្នោត នេះជាការលួងចិត្តប្រជាជន។
ការលើកឡើងនេះធ្វើឡើងនៅក្នុងសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ ២០១៧ របស់ EAC កាលពីម្សិលមិញ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា៖ «ខ្ញុំចង់ឲ្យអាជ្ញាធរអគ្គិសនី និង EDC ធ្វើការសិក្សាផ្ទៃក្នុង ឬ ពិចារណាថាតើតម្លៃអគ្គិសនីសម្រាប់រោងចក្រ និងសហគ្រាសអាចបន្ទាបជាងមុនបន្តិចមុនពេលការបោះឆ្នោតខាងមុខ ដើម្បីស្នើលោកនាយករដ្ឋមន្ដ្រីសម្រាប់អនុម័ត»។
លោក ស៊ុយ សែម ក៏ជំរុញឲ្យមានការពង្រឹងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីផងដែរ ដោយបញ្ចៀសការដាច់ចរន្តអគ្គិសនី ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ដែលនាំឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពដែលជាសមិទ្ធផលរបស់រដ្ឋាភិបាល។
លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងកាលពីម្សិលមិញថា លោកនឹងរៀបចំសំណើលើការកាត់បន្ថយតម្លៃអគ្គិសនីតាមរយៈការរៀបចំសេណារីយោឲ្យរដ្ឋាភិបាលអនុម័ត រួមមានការផ្ដល់តម្លៃដែលផ្ដល់អត្ថប្រយោជន៍កាន់តែធំដល់ប្រជាជន និងសំណើផ្សេងទៀតដែលផ្ដល់ប្រយោជន៍កាន់តែច្រើនដល់ពាណិជ្ជកម្ម និងឧស្សាហកម្ម។
លោកថ្លែងថា ៖«ខ្ញុំនឹងធ្វើសេណារីយោពីរបី ដើម្បីដាក់ទៅឲ្យរដ្ឋាភិបាលជ្រើសរើស។ ១ គឺ [បានប្រយោជន៍ច្រើន] ទៅលើប្រជាជន ស្របពេលអ្នកអាជីវកម្ម និងឧស្សាហកម្មក៏ចុះដែរ។ ១ ទៀត [បានប្រយោជន៍ ច្រើន] ទៅលើអាជីវកម្ម និង ឧស្សាហកម្ម តើរដ្ឋាភិបាលជ្រើសរើសយកមួយណា? ឬ ក៏ជ្រើសរើសយកទាំង២»។
លោកបន្តថា៖ «យើងនឹងឃើញលទ្ធផលនេះ [តម្លៃធ្លាក់ចុះកម្រិតណា] នៅមុនពេលបោះឆ្នោត។ យើងកំពុងគិតគូរថាតើផ្លែផ្កាដែលយើងអាចទទួលបានពីការធ្វើបែបនេះបានប៉ុន្មាន?»។
លោក ទី នរិន្ទ បាលលើកឡើងថា កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលបានកំណត់ផែនការជាក់លាក់មួយក្នុងការបន្ថយថ្លៃអគ្គិសនីប្រចាំឆ្នាំ តាមខួបពីចុងខែមីនានៃឆ្នាំមួយទៅចុងខែមីនានៃឆ្នាំបន្ទាប់នៅតំបន់ផ្គត់ផ្គង់ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិសម្រាប់អនុវត្ត ពីឆ្នាំ២០១៦ ដល់២០២០។
ឆ្នាំ ២០១៧ ក្រៅពីការបន្ថយអត្រាថ្លៃធម្មតារដ្ឋាភិបាល បានផ្តល់ការអនុគ្រោះថ្លៃសម្រាប់ជួយដល់លំនៅឋានប្រជាជនបន្ថែមទៀត។ ក្នុងនោះនៅភ្នំពេញ និងតាខ្មៅ ការអនុគ្រោះថ្លៃមាន២ គឺថ្លៃទីមួយ ៦១០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់ក្រោម៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និងតម្លៃ ៧២០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់ចន្លោះពី ៥១ ដល់ ២០០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ។
យោងតាមរបាយការណ៍ EAC ក្នុងឆ្នាំ ២០១៧ អនុភាពនៃអគ្គិសនីសរុបដែលកម្ពុជាមានបានកើនឡើងពី ២ ១១៥ មេហ្គាវ៉ាត់ ដល់ ២ ២៨៣ មេហ្គាវ៉ាត់ ឯបរិមាណថាមពលអគ្គិសនីដែលកម្ពុជាបានប្រើប្រាស់ចេញពីប្រភពខាងលើកើនឡើង១១ភាគរយធៀបនឹងឆ្នាំ ២០១៦ គឺកើនឡើងពី ៧ ១៧៥ លានគីឡូវ៉ាត់ម៉ោង ដល់ ៧ ៩៦៦ លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០១៧។
ក្នុងនោះបរិមាណអគ្គិសនីដែលបានមកពីការផលិតក្នុងស្រុកបានកើនឡើងពី ៧៧,៩ ភាគរយពីឆ្នាំ ២០១៦ ដល់ ៨១,៤ ភាគរយនៅឆ្នាំ២០១៧ ឯបរិមាណថាមពលអគ្គិសនីដែលនាំចូលពីប្រទេសជិតខាងបានថយចុះពី ២២ ភាគរយ កាលពីឆ្នាំ២០១៦ មកដល់ ១៨,៦ ភាគរយនៅឆ្នាំ២០១៧។
តាមលោក នរិន្ទ ការសម្រេចចិត្តក្នុងការកាត់បន្ថយតម្លៃអគ្គិសនី កាលពីឆ្នាំ ២០១៧ ធ្វើឲ្យរដ្ឋាភិបាលចំណាយប្រហែល ៥១ លានដុល្លារដើម្បីឧបត្ថម្ភធន ដែលជាប្រាក់ចំណូលបានពី EDC។
លោកបន្តថា បើមិនមានការឧបត្ថម្ភធនទេ ប្រាក់ចំណូលរបស់ EDC គួរតែកើនឡើងដល់ប្រហែល ១០០ លានដុល្លារ កាលពីឆ្នាំ ២០១៧។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានថ្លែងកាលពីម្សិលមិញថា តម្លៃអគ្គិសនី និងតម្លៃដឹកជញ្ជូនខ្ពស់នៅកម្ពុជាគឺជាបញ្ហាប្រឈមរយៈពេលយូរសម្រាប់វិស័យនេះ ដូច្នេះប្រាក់ចំណូលដែលរដ្ឋាភិបាលបាត់បង់ដោយសារការកាត់បន្ថយតម្លៃអគ្គិសនីអាចផ្ដល់អត្ថប្រយោជន៍ដល់វិស័យឯកជន ដែលទីបំផុតផ្ដល់ប្រយោជន៍ដល់ប្រជាជន។
លោកបានថ្លែងថា៖ «ទោះបីជារដ្ឋាភិបាលនឹងបាត់បង់ប្រាក់ចំណូលមួយចំនួនក៏ដោយ ប៉ុន្តែវាធ្វើឲ្យវិស័យឯកជនទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ហើយអត្ថប្រយោជន៍នេះអាចធំជាងការបាត់បង់របស់រដ្ឋាភិបាល»។ លោកបន្តថា៖«ក្នុងន័យសេដ្ឋកិច្ច វាជាការអនុវត្តដ៏ល្អមួយ ហើយរដ្ឋាភិបាលគួរតែហ៊ានបាត់បង់»។
លោក សុង សារ៉ន ប្រធាន និងអគ្គនាយកក្រុមហ៊ុន Amru Rice ស្វាគមន៍ផែនការក្នុងការកាត់បន្ថយតម្លៃអគ្គិសនីនេះ។ លោកថ្លែងថា៖«ការចំណាយលើការផលិតរបស់យើងនៅលើផែនការកែច្នៃ មានប្រហែល៣០ភាគរយ ខ្ពស់ជាងបណ្ដាប្រទេសជិតខាង ហើយភាគច្រើនការចំណាយលើតម្លៃអគ្គិសនីខ្ពស់»។
លោកបានបន្ថែមថា ខណៈដែលតម្លៃអគ្គិសនីរបស់កម្ពុជាមានប្រហែល១៦,៥សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង នៅវៀតណាម និងថៃមានតែ ០,៨ ដុល្លារប៉ុណ្ណោះ។ លោកក៏បានស្នើដែរថា វានឹងល្អបើរដ្ឋាភិបាលអាចបន្ទាបតម្លៃអគ្គិសនីសម្រាប់សហគ្រាសមកនៅប្រហែល១១សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។
លោក សន ជ័យ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា (ANSA) បានថ្លែងថា ការសម្រេចចិត្តណាមួយពីរដ្ឋាភិបាលក្នុងការកាត់បន្ថយតម្លៃអគ្គិសនីគឺល្អសម្រាប់ប្រជាជន ប៉ុន្តែវាអាចចេញមកពីហេតុផលនយោបាយ ដោយសាររដ្ឋាភិបាលព្យាយាមលួងលោមចិត្តប្រជាជនដើម្បីទទួលបានប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតខាងមុខ។
លោកថ្លែងថា៖ «ការសម្រេចចិត្តណាមួយ ឬអំណោយណាមួយសម្រាប់ប្រជាជនមុនពេលការបោះឆ្នោតគឺមិនចៀសផុតបានទេតាមការយល់ឃើញថា រដ្ឋាភិបាលចង់បានប្រយោជន៍ផ្នែកនយោបាយ»។
លោកបន្ថែមថា ក្នុងករណីនេះ វាផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនទូទៅ។ លោកបន្តថា៖ «ខ្ញុំមិនអាចព្យាករថា រដ្ឋាភិបាលអាចទទួលបានច្រើនប៉ុនណាពីការសម្រេចចិត្តនេះទេ ដោយសារវាផ្អែកលើទស្សនៈបុគ្គលពីពលរដ្ឋ ប៉ុន្តែខ្ញុំគិតថា មានបញ្ហាជាច្រើនដែលរដ្ឋាភិបាលចាំបាច់ត្រូវធ្វើដូចជា ការដោះស្រាយបញ្ហាលើអំពើពុករលួយ ការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការកែលម្អវិស័យសុខាភិបាល និងហេដ្ឋារចនា សម្ព័ន្ធផ្សេងទៀត»៕ LA