ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ជប៉ុន​ចូលមក​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​ដែល​មិនទាន់​ត្រូវ​បាន​អភិវឌ្ឍ​ពេញលេញ​នៅឡើយ​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន និង ក្រុម​វិនិយោគិន​មកពី​ប្រទេស​ជប៉ុន​នៅក្នុង​ខេត្ត​កែប​កាលពី​រាត្រី​ថ្ងៃ​ពុធ​។

លោក ថោង ខុន ថ្លែង​ថា​ភាពអំណោយ​ផល​ពី​ធម្មជាតិ​ដែល​ស្ថិតនៅ​ជាប់មាត់​សមុទ្រ និង​មាន​កោះ​ជាច្រើន​បាន​ធ្វើឲ្យ​ខេត្ត​កែប​មាន​សក្តានុពល​យ៉ាងខ្លាំង​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ ពិសេស​ឆ្នេរ​អង្កោល និង​កោះទន្សាយ​ដែល​កន្លែង​ទាំង​ ២ ​នេះ​អាច​វិនិយោគ​ទៅជា​តំបន់​ទេសចរណ៍​ថ្មី ព្រោះ​ជា​ឆ្នេរ​ធម្មជាតិ​ដែល​មិនទាន់​មាន​ការអភិវឌ្ឍ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​ឆ្នេរ​នេះ​ត្រូវ​អភិវឌ្ឍ​ទៅជា​តំបន់​ទេសចរណ៍​បានល្អ វា​នឹង​ក្លាយជា​មេដែក​ដ៏សំខាន់​ក្នុង​ការស្រូប​យក​ភ្ញៀវទេសចរ​ពី​គ្រប់ទិសទី ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិត​ខ្ពស់​»​។

តាម​លោក ថោង ខុន ក្រសួង​ទេសចរណ៍​កំពុង​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប ហើយ​កំពុង​ត្រូវការ​អ្នកជំនាញ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​ការងារ​នេះ​អាច​សម្រេច​បាន​ជោគជ័យ​។

លោក​បន្តទៀត​ថា​ជាមួយ​នឹង​បទពិសោធ និង​ជំនាញ​របស់​វិនិយោគិន​ជប៉ុន លោក​សង្ឃឹមថា​ការវិនិយោគ​នៅ​តំបន់​ទេសចរណ៍​ទាំងនេះ​ប្រាកដ​ជា​អាច​ធ្វើ​ទៅ​បាន​ជាមិនខាន​។

ខណៈ​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​សម្រស់​ផ្កាថ្ម​នៅ​សមុទ្រ​កម្ពុជា វិនិយោគិន​ជប៉ុន​ក៏​ចាប់​អារម្មណ៍​លើ​ការវិនិយោគ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹក​ពុះ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ផងដែរ​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ក្នុង​ខេត្ត​កែប​មាន​នៅ​សល់​កន្លែង​សម្រាប់​វិនិយោគ​លើ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ជាច្រើន ដូច្នេះ​បើ​ជប៉ុន​ដែល​ជា​អ្នក​ចូលចិត្ត​អភិរក្ស​ធម្មជាតិ​ចូល​ទៅ​អភិវឌ្ឍ​នោះ វា​នឹង​ធ្វើឲ្យ​ទីនោះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​។

លោក​ថ្លែងថា​៖ «​បើ​ក្នុង​ករណី​មាន​ការវិនិយោគ​ពី​ជប៉ុន​ពិតមែន​នោះ ខ្ញុំ​គិតថា​តំបន់​នោះ​គឺ​ក្លាយជា​កន្លែង​ដែល​មាន​ភាពទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ព្រោះ​ជនជាតិ​ជប៉ុន​គឺជា​អ្នក​ចូលចិត្ត​អភិរក្ស​ធម្មជាតិ បើ​គាត់​ទៅ​វិនិយោគ​នៅ​កន្លែង​នោះ​នឹង​មាន​ភាពស្រស់​បំព្រង និង​មាន​និរន្តរភាព​»​។

លោក​បន្តថា ការវិនិយោគ​របស់​ជប៉ុន​អាច​និយាយថា ជា​ការវិនិយោគ​ដែល​មាន​ភាពច្បាស់លាស់ និង​បាន​គិត​ទៅលើ​សិទ្ធិមនុស្ស និង​បរិស្ថាន​ជា​ចម្បង​។

លោក សោម ចិន្តា ប្រធាន​មន្ទីរទេសចរណ៍ ខេត្ត​កែប​បាន​ឲ្យ​ដឹងថា លោក​មិន​ទាន់​បានដឹង​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​ការចូលមក​វិនិយោគ​លើ​វិស័យ​ទេសចណ៍​នោះ វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ខេត្ត​កែប ខណៈ​ក្នុង​ខេត្តកែប​មាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ជាច្រើន​ដែល​មិនទាន់​មាន​អភិវឌ្ឍន៍​។ ​លោក​ថ្លែងថា​៖ «​យើង​ពិតជា​ចង់បាន​វិនិយោគ​គិន​ឲ្យ​ចូល​មក​អភិវឌ្ឍ​តំបន់​ទាំង​ ២ ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​»​។

បើតាម​លោក សោម ចិន្តា បច្ចុប្បន្ន​កោះទន្សាយ​តែង​ទទួល​បាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាច្រើន ខណៈ​ឆ្នេរ​អង្កោល​មិន​សូវ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​នោះទេ​។

របាយការណ៍​ក្រសួង​ទេសចរណ៍​ដែល​ចេញផ្សាយ​កាលពី​ដើម​សប្តាហ៍​នេះ បាន​បង្ហាញ​ថា​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​សរុប​ ៥,២៩ ​លាន​នាក់​កើនឡើង ៩,៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ដែលមាន​ ៤,៨២ ​លាន​នាក់​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជប៉ុន​មាន ​១៦៣- ៦៣៧ ​នាក់​កើន​ ៣,៣ ​ភាគរយ​ពី​ ១៥៨ ៤៣៩ ​នាក់​៕