អាហ្សង់ទីនៈ លោក Nicolas Dujovne រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្សង់ទីន​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពីមួយ​សប្ដាហ៍​នៃ​ភាពចលាចល​សេដ្ឋកិច្ច ដែល​បណ្ដាលមកពី​ការ​ចាញ់​របស់​លោក​ប្រធានាធិបតី Mauricio Macri នៅក្នុង​ការបោះឆ្នោត​បឋម​មុន​ពេល​ការបោះឆ្នោត​ទូទៅ​មួយ​។

ប្រព័ន្ធ​ព័ត៌មាន​របស់​ប្រទេស​អាហ្សង់ទីន​បាន​រាយការណ៍​ថា លោក Dujovne នឹងត្រូវ​បាន​ជំនួស​ដោយ​លោក Hernan Lacunza រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ទទួល​បន្ទុក​ខេត្ត Buenos Aires ។

តម្លៃ​ប្រាក់​ប៉េសូ​របស់​ប្រទេស​នេះ​បាន​បញ្ចប់​នៅ​សប្ដាហ៍​នេះ​ដែល​បាន​ធ្លាក់ចុះ​ ២០ ​ភាគរយ​នៃ​តម្លៃ​របស់ខ្លួន​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ខណៈ​ដែល​ទី​ភ្នាក់ងារ​វាយតម្លៃ Fitch និង S&P បាន​កាត់បន្ថយ​តម្លៃ​បំណុល​រយៈពេល​វែង​របស់​ប្រទេស​នេះ​ដែល​លើកឡើង​ពី​ភាព​មិន​ច្បាស់លាស់ និង​កំណើន​ហានិភ័យ​នៃ​ការ​ខកខាន​សងបំណុល​។

លោក Dujovne បាន​ឲ្យ​ដឹង​នៅក្នុង​លិខិត​មួយ​ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​កាសែត La Nacion ថា​លោក «​មាន​ការជឿជាក់​ថា​ស្ថិត​ក្រោម​កាលៈទេសៈ​នេះ​ថ្នាក់​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ត្រូវការ​ការបន្ត​ជាថ្មី​ដ៏សំខាន់​នៃ​សង្វៀន​សេដ្ឋកិច្ច​»​។

លោក​ចាកចេញ​នៅ​ពាក់កណ្ដាល​នៃ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង បន្ទាប់ពី​ការបោះឆ្នោត​ជុំ​ដំបូង​កាលពី​ថ្ងៃ​អាទិត្យ​មុន​ដែល​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទីផ្សារ​លោក Macri យ៉ាង​ខ្លាំង​ដែល​លោក​បាន​រៀបចំ​ឡើង​សម្រាប់​ការបោះឆ្នោត​ជាថ្មី នៅពេល​ការស្ទង់មតិ​បង្ហាញ​ថា​លោក Alberto Fernandez ជា​បេក្ខជន​ប្រកាន់​កណ្ដាល​ឆ្វេង​មាន​ប្រៀប​ជាង​។

ការបោះឆ្នោត​ជុំ​ដំបូង​នេះ​ជា​ការបង្ហាញ​សម្រាប់​ការបោះឆ្នោត​ទូទៅ​នៅ​ខែ​តុលា​។ សេចក្ដី​ប្រកាស​របស់​លោក Dujovne បង្ហាញ​ការផ្លាស់ប្តូរ​លើកដំបូង​នៅក្នុង​គណៈរដ្ឋមន្ដ្រី​របស់​លោក​ Macri តាំងពី​ក្រុម​អ្នកបោះឆ្នោត​បាន​ទៅ​បោះឆ្នោត​។

ទីភ្នាក់ងារ​វាយតម្លៃ Fitch ដែល​បាន​ទម្លាក់​ចំណាត់​ថ្នាក់​បំណុល​របស់​ប្រទេស​អាហ្សង់ទីន ២ ​កម្រិត​មក​នៅ​ត្រឹម « CCC» បាន​ឲ្យ​ដឹង​ថា ការបរាជ័យ​របស់​ក្រុម​ប្រកាន់​កណ្ដាល​ស្ដាំ «​បង្កើន​ហានិភ័យ​នៃ​បែកបាក់​ដោយសារ​តែ​យុទ្ធសាស្ដ្រ​គោលនយោបាយ​របស់​រដ្ឋបាល​បច្ចុប្បន្ន​របស់​លោក Mauricio Macri ដែល​បាន​ដឹកនាំ​ដោយ​កម្មវិធី​មួយ​ជាមួយ​នឹង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)»​។

លោក Fernandez បាន​ចោទសួរ​កម្មវិធី​កែទម្រង់​ដែល​គាំទ្រ​ដោយ​កញ្ចប់​សង្គ្រោះ​ ៥៦ ​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។

ភ្នាក់ងារ​វាយតម្លៃ Standard & Poor''s បាន​ទម្លាក់​ចំណាត់​ថ្នាក់​របស់​ប្រទេស​អាហ្សង់ទីន​ពី B មក​នៅ​ត្រឹម B-​។

លោក Dujovne បាន​ឲ្យ​ដឹង​នៅក្នុង​លិខិត​មួយ​ទៅ​អ្នកបោះឆ្នោត​របស់​ប្រទេស​អាហ្សង់ទីន​ដែល​នៅ​សល់​រយៈពេល​ ២ ​ខែ​រហូត​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​ថា​៖ «​ការលាលែង​តំណែង​របស់​ខ្ញុំ​គឺ​ស្រប​ជាមួយ​នឹង​រដ្ឋាភិបាល និង​ឱកាស​នយោបាយ​ដែល​ស្ដាប់​ប្រជាជន ហើយ​ដែល​ធ្វើ​សកម្មភាព​តាម​នោះ​»​។

ប្រទេស​នេះ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុងការ​ធ្លាក់​ចុះ និង​បានបង្ហាញ​អតិផរណា​​ ២២ ​ភាគរយ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ដែល​ជា​អត្រា​មួយ​ក្នុង​ចំណោម​អត្រា​ខ្ពស់បំផុត​ជាច្រើន​នៅលើ​ពិភពលោក ប៉ុន្តែ IMF បាន​ឲ្យ​ដឹងថា​កម្មវិធី​កំណែទម្រង់​របស់​លោក Macri កំពុង​ចាប់ផ្ដើម​ក្នុង​ការនាំ​មក​នូវ​លទ្ធផល​។

រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ថ្មី​នឹង​មាន​ភារកិច្ច​ដ៏ពិបាក​នៃ​ការព្យាយាម​ក្នុង​ការបណ្ដុះ​សន្ដិភាព​ផ្លូវចិត្ត​នៅ​ក្នុង​ទីផ្សារ​ស្រប​គ្នា​នឹង​ការដោះស្រាយ​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅ​ចំ​កណ្ដាល​នៃ​សង្គ្រាម​ការបោះឆ្នោត​កាន់តែ​ខ្លាំង​របស់​លោក Macri​។

ប្រទេស​អាហ្សង់ទីន ៣២ ​ភាគរយ​នៃ​ប្រជាជន​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​។ ប្រទេស​នេះ​មាន​អតិផរណា​ប្រចាំ​ឆ្នាំ​ជាង​ ៥០ ​ភាគរយ​៕ LA