ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន និង​រដ្ឋាភិបាល​ត្រូវតែ​ធ្វើការ​ប្រកៀក​ស្មា​គ្នា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ខណៈ​ជំងឺ​កូវីដ​ ១៩ កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​តំបន់ ជាពិសេស​លើ​តម្រូវការ និង​ផលិតកម្ម​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ក្នុងអំឡុង​កិច្ចប្រជុំ​ពិសេស​ជាមួយ​វិស័យ​ឯកជន​កាលពី​ចុងខែ​មេសា​ថា ការរីក​រាលដាល​កូវីដ ១៩ កំពុង​គំរាមកំហែង​កាន់តែ​ខ្លាំង​មកលើ​ដំណើរការ​អាជីវកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា​។ កំណើន​សេដ្ឋកិច្ច​តំបន់ និង​សកល​នឹងមាន​ការ​ថមថយ ជាពិសេស​ការធ្លាក់ចុះ​តម្រូវការ​ទីផ្សារ​ខាងក្រៅ ការបិទ​ការធ្វើដំណើរ​របស់​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​ដើម្បី​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូវីដ ១៩​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​តែង​ចាត់ទុក​វិស័យ​ឯកជន​ជា​ចលករ​ដ៏សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។ ក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ នេះ​រដ្ឋាភិបាល និង វិស័យ​ឯកជន​កំពុង​ប្រឈម​បញ្ហា​រួម​ក្នុង​ការបន្ត​លើកកម្ពស់​កិច្ចអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចកម្ពុជា​ប្រកប​ដោយ​ចីរភាព​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ការរីករាលដាល​កូវីដ​១៩ រដ្ឋាភិបាល​បានដាក់​ចេញ​ដំណោះស្រាយ​ឆ្លើយតប​ជាច្រើន​ក្នុង​គោលបំណង​ជួយ​ស្រោចស្រង់​វិស័យ​ដែល​រង​ផលប៉ះពាល់​ដូចជា កាត់ដេរ ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម និង​ដឹកជញ្ជូន​។

លោក​ថ្លែងថា​៖ «​យើង​អង្កេត​ឃើញ​ថា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៣ ​ជុំ​រួចមកហើយ​ដើម្បី​ជួយ​វិស័យ​ឯកជន​ដូចជា ការលើកលែង​ពន្ធ ជាពិសេស​លើ​វិស័យ​ដែល​រង​ផលប៉ះពាល់​។ នេះ​ជាការ​ជួយ​ដ៏សំខាន់​មួយ​សម្រាប់​ពួកយើង​ក្នុង​អំឡុងពេល​ដ៏លំបាក ហើយ​យើង​ស្វាគមន៍​ក្នុង​ការធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​»​។

កាលពី​ពាក់កណ្ដាល​ខែមីនា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កញ្ចប់​ផែនការ​ចំនួន​ ៨០០ ​លាន​ដុល្លារ​ដល់ ២ ​ពាន់​លាន​ដុល្លារ​ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​ខ្លាំង​ដោយសារ​វីរុស​កូរ៉ូណា​ក្នុង​រយៈពេល ៦ ​ខែ​ដល់​ ១ ​ឆ្នាំ​។

ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ​ថា កម្មករ​ទាំងអស់​ដែល​ធ្វើការ​នៅ​រោងចក្រ​ដែល​ព្យួរការងារ​គួរតែ​ទទួល​បាន​យ៉ាងហោច ៦០ ​ភាគរយ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​នោះ ៤០ ​ភាគរយ​បាន​មកពី​ថៅកែ​រោងចក្រ និង ២០ ​ភាគរយ​បាន​ពី​រដ្ឋាភិបាល​។

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Bank) ថ្មី​មួយ​មាន​មូលធន​ដំបូង​ ១០០ ​លាន​ដុល្លារ​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់ SME ខណៈ​ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ (ARDB) ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ក៏ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​កញ្ចប់​ថវិកា​ចំនួន ៥០ ​លាន​ដុល្លារ​ដើម្បី​ផ្ដល់​ឥណទាន​សម្រាប់ SME នៅក្នុង​វិស័យ​កសិកម្ម​ក្នុងស្រុក​ផងដែរ​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ឲ្យ​ដឹងថា ជាក់ស្ដែង​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍ ៣ ​ជុំ​រួចមក​ហើយ​ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​នៅក្នុង​វិស័យ​សំខាន់ៗ​ក្នុង​គោលបំណង​ជួយ​ដល់​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​អាជីវកម្ម​ដែល​ទទួលរង​ផលប៉ះពាល់ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​អាច​បន្ត​អាជីវកម្ម​បាន​។ ដូចជា​ការជួយ​ដល់​កម្មករ និយោជិត​ដែល​បាត់បង់ ឬ​ត្រូវ​ព្យួរការងារ​ឲ្យ​មាន​លំនឹង​ជីវភាព និង​ទ្រទ្រង់​កំណើន ជាពិសេស​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​។

លោក​ថ្លែងថា​៖ «​ទាំង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​ត្រូវ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការត្រៀម​កម្លាំង​ជាស្រេច​ដើម្បី​ចាប់​យក​កាលានុវត្តភាព​ថ្មីៗ​ដែល​អាច​កើតឡើង​ក្នុង​អំឡុងពេល និង​ក្រោយ​វិបត្តិ​កូវីដ​១៩»​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យ​ដឹង​នៅពេល​ថ្មីៗ​នេះ​ថា នៅក្នុង​សេណារីយោ​ករណី​ល្អ​បំផុត​មួយ​បន្ទាប់ពី​ការហាមឃាត់​ការធ្វើ​ដំណើរ​រយៈពេល​ ២ ​ខែ និង​ការធ្លាក់ចុះ​យ៉ាងខ្លាំង​តម្រូវការ​ក្នុងស្រុក ដោយសារ​តែ​ការរីករាលដាល​ជំងឺ​នេះ ប្រទេស​ កម្ពុជា ​អាច​ប្រឈម​នឹង​ផលប៉ះពាល់ ១,១៥ ​ភាគរយ​ទៅលើ​ផលិតផល​ក្នុង​ស្រុក​សរុប​ដែល​ស្មើនឹង ២៨៣,៣ ​លាន​ដុល្លារ ហើយ​បើ​ការរីក​រាលដាល​នេះ​បន្ត​រយៈពេល​ ៦ ​ខែ​ទៀត កើនឡើង​រហូត​ដល់​ ៧១១,៤ ​លាន​ដុល្លារ​។ ធនាគារ​បន្តថា សម្រាប់​ករណី​អាក្រក់​បំផុត​ការខាតបង់​ជិត ១ ​ពាន់​លាន​ដុល្លារ​ចំពោះ​ការរីករាលដាល​មាន​រយៈពេល​លើស​ពី​ ៦ ​ខែ​៕LA