ភ្នំពេញៈ កម្ពុជា​បាន​ស្នើឲ្យ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) ពិនិត្យ​លទ្ធភាព និង​ផ្តល់​ការគាំទ្រ​ដល់​ការចិញ្ចឹម​គោ​យក​ទឹកដោះ​នៅ​កម្ពុជា ខណៈ​ផលិតផល​ទឹកដោះគោ​ក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ន​ភាគច្រើន​ជា​ផលិតផល​នាំចូល​មកពី​ប្រទេសជិតខាង​។

សំណើ​នេះ​ត្រូវបាន​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើកឡើង​ក្នុងឱកាស​ជំនួប​ពិភាក្សា​ជាមួយ លោក Alexandre Huynh តំណាង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

លោក វេង សាខុន បាន​និយាយថា បើទោះបីជា​ក្រសួង​កសិកម្ម​បាន​ខិតខំ​ធ្វើ​ការកែ​សម្រួល​គោលនយោបាយ​របស់ខ្លួន​ជាច្រើន​មកហើយ​​ក៏ដោយ ក៏​វិស័យ​នេះ​នៅ​មិនទាន់​មាន​ភាពល្អ​គ្រប់ផ្នែក​នោះទេ​។ លោក​បន្តថា ជាក់ស្តែង​ការចិញ្ចឹម​គោ​ដើម្បី​យក​ទឹកដោះ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​គឺ​នៅមាន​បរិមាណ​តិចតួច​នៅឡើយ ដោយ​លោក​ស្នើ​ឲ្យ​អង្គការ FAO និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ចូលរួម​គាំទ្រ ព្រោះ​ទឹកដោះគោ​គឺជា​អាហារូបត្ថម្ភ​ដ៏សំខាន់​សម្រាប់​ទ្រទ្រង់​ដល់​ការលូតលាស់​របស់​កុមារ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមណែនាំ​អង្គការ FAO និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ថា គួរ​ពិចារណា​ផ្តល់​ការគាំទ្រ​ដល់​ការចិញ្ចឹម​គោ​យក​ទឹកដោះ ព្រោះ​ទឹកដោះគោ​ពោរពេញ​ទៅ​ដោយសារ​ជាតិ​បំប៉ន និង​សារជាតិ​លូតលាស់​ដែល​ពិតជា​សំខាន់​ណាស់​សម្រាប់​កុមារ ជាពិសេស​កុមារ​នៅ​ជនបទ​»​។

កិច្ចសហការ​ជាមួយ​បណ្តា​អង្គការ​នានា​នឹង​ផ្តល់នូវ​ផលប្រយោជន៍​ជាច្រើន​ដើម្បី​ការអភិវឌ្ឍ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​ឲ្យ​បាន​កាន់តែច្រើន​នៅ​កម្ពុជា​។​នេះ​​បើតាម​លោក វេង សាខុន​។

លោក Alexandre Huynh បាន​ឯកភាព​ចំពោះ​ការលើក​ឡើង​របស់លោក វេង សាខុន ហើយ​បាន​សន្យាថា​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្ដល់​កិច្ចសហការ ដោយ​លោក​បញ្ជាក់ថា អង្គការ FAO នឹង​នៅតែ​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ក្រសួង ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​កាន់តែ​រីកចម្រើន​។

កញ្ញា ម៉ៅ សុគន្ធា អ្នកទទួល​បន្ទុក​ផ្នែក​ទីផ្សារ​នៃ​កសិដ្ឋាន​ផលិត​ទឹកដោះគោ តេជោសែន​ឫស្សី​ត្រឹប​ដែល​ចិញ្ចឹម​គោ​ចំនួន ១០០ ​ក្បាល និង​អាច​ផលិត​ទឹកដោះគោ​បាន​ក្នុង​រង្វង់​ ៦០០ ​លីត្រ ​ក្នុង​ ១ ​ថ្ងៃ​ នៅ​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា បើ​ទោះបី​ជា​ទឹកដោះគោ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ក៏ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការវិនិយោគ​លើ​ការចិញ្ចឹម​គោ​ដើម្បី​យក​ទឹកដោះ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ​។

កញ្ញា​បន្ត​ថា ប្រសិន​បើ​កម្ពុជា​មាន​ការវិនិយោគ​បន្ថែម​លើ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​ទៀត​នោះ​គឺជា​ការល្អ​ណាស់ ព្រោះ​វា​មិន​ត្រឹមតែ​អាចជួយ​កាត់បន្ថយ​ការនាំ​ចូល​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​បង្កើត​ឱកាស​ការងារ​ថ្មីៗ​សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ​។

កញ្ញា ថ្លែង​ថា​៖ «​ខ្ញុំ​គាំទ្រ​ឲ្យ​មានការ​វិនិយោគ​លើ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​ឲ្យ​បាន​ច្រើន​ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ក៏ដូចជា​ជំរុញ​អ្នកផលិត​ក្នុងស្រុក​ឲ្យ​ខិតខំ​បង្កើន​គុណភាព​ទឹកដោះគោ​របស់​ខ្លួន​ផងដែរ​»​។់

សម្រាប់​ផែនការ​នៅពេល​ខាងមុខ​កញ្ញា សុគន្ធា បាន​ប្រាប់ទៀត​ថា កសិដ្ឋាន​ផលិត​ទឹកដោះគោ​តេជោសែន​ឫស្សី ត្រឹប ក៏​មាន​ផែនការ​បង្កើន​ការចិញ្ចឹម​ដែរ ប៉ុន្តែ​ចំនួន​ប៉ុន្មាន​នោះ​កញ្ញា​មិនទាន់​អាច​ប្រាប់​បាន​នោះទេ​។

ខណៈ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ កំពុង​ធ្វើឲ្យ​ការលក់​ផលិតផល​ជាច្រើន​ត្រូវ​ធ្លាក់ចុះ​នោះ កញ្ញា សុគន្ធា បាន​ប្រាប់ថា​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ ១៩ កំពុង​រីករាលដាល​នេះ​តម្រូវការ​ទឹកដោះគោ​បាន​ធ្លាក់ចុះ​យ៉ាងច្រើន តែ​កញ្ញា​រំពឹង​ថា បន្ទាប់ពី​វិបត្តិ​នេះ​ផុតរលត់​ទៅ​តម្រូវការ​ទឹកដោះគោ​នឹង​មាន​កំណើន​ខ្ពស់​ឡើងវិញ​ជាមិនខាន​។

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ប្រមាណ ២-៣ ​កន្លែង​ប៉ុណ្ណោះ ខណៈ​ក្រៅពីនោះ​គឺជា​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។ នេះ​បើតាម​កញ្ញា សុគន្ធា​៕ LA